ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នាលាន់ដូចរន្ទះ បណ្តាលឱ្យរថយន្តបែនដឹកខ្សាច់ដាច់កង់មុខទាំង២ រថយន្តក្រុងរងការខូចខាតខាងមុខជាដំណំ ធ្លាយចេញសុទ្ធតែឈើប្រណីត ចំណែករថយន្តឡិចស៊ីស ៤៧០ រងការខូចខាតចំហៀងផ្នែកខាងឆ្វេង តែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចក្បែរមុខផ្ទះសំណាក់មានសំណាង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។
បើតាមនាយកសាលាឯកជនមួយនៅក្រុងកំពង់ចាម ជាអ្នកបើករថយន្តឡិចស៊ីស៤៧០ បានឱ្យដឹងថា រូបលោកបានត្រឡប់មកពីបំពេញភារកិច្ចនៅស្រុកមេមត់ ដោយបានបើករថយន្តជិះគ្នាជាច្រើននាក់ ក្នុងនោះមាន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដើម្បីធ្វើដំណើរត្រឡប់មកផ្ទះវិញ តែមិនទាន់នឹងដល់ផង ក៏បានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យរូបលោកភ័យព្រលឹងចុងសក់ ។ លោកថា រថយន្តរបស់លោក មិនបានប្រើប្រាស់ល្បឿនលឿននោះទេ ដោយបើកកុងទ័រប្រហែលជា៤០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ។ ភ្លាមនោះបានឃើញរថយន្តក្រុងដឹកឈើប្រណីត បើកពីលិចមកកើតក្នុងល្បឿនលឿនរួចរេចង្កូតមកខាងស្តាំដៃ ឃើញបែបនេះរូបលោកបានបួងចង្កូតងាកមកចូលស្តាំដៃ ដោយមានរថយន្តបែនដឹកខ្សាច់នៅពីមុខ ស្របទិសគ្នាជាមួយនឹងរថយន្តរបស់លោកបើកពីកើតទៅលិច ។ ប្រភពឱ្យដឹងទៀតថា គ្រានោះរថយន្តក្រុងបានបុករថយន្តបែនដឹកខ្សាច់ចំពីមុខពេញទំហឹង រុញអូសប្រហែលជា៥ម៉ែត្រ មកបុកត្រូវរថយន្តរបស់គាត់ (អ្នកបើករថយន្តឡិចស៊ីស៤៧០) បណ្តាលឱ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្តក្រុងរងការខូចខាតផ្នែកខាងមុខ ធ្លាយចេញសុទ្ធតែឈើប្រណីត។
ក្រោយពីកើតហេតុ រថយន្តទាំង០៣គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ៕
ចែករំលែកព័តមាននេះ