ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីមន្ត្រីកម្ពុជានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៤ ស្អែកនេះអ្នកទោសថៃចំនួន៣នាក់នឹងត្រូវធ្វើពិធីដោះដូរនៅពន្ធនាគារខេត្តបន្ទាយមានជ័យដើម្បីបញ្ជូនត្រឡប់ទៅក្រុងបាងកកប្រទេសថៃវិញ។
ប្រភពបន្តថា ពិធីដោះដូរអ្នកទោសថៃនេះនឹងធ្វើឡើងក្រោមវត្តមានលោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា គឺលោក Touchayoot Vichitsorasatra និងលេខាទី១ គឺលោក Natee Vichitsorasatra ព្រមទាំងនគរបាលភូមិន្ទថៃយករថយន្តចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីទទួលអ្នកទោសថៃទាំង៣នាក់ដល់ទីកន្លែងផងដែរ។
ជុំវិញប្រភពព័ត៌មានខាងលើ លោកហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា កម្មវិធីដោះដូរខាងលើមិនទាន់ច្បាស់ការណ៍នៅឡើយទេ ព្រោះខាងក្រសួងមហាផ្ទៃមិនបានទទួលឯកសារ ហើយលោកបានផ្ញើរបាយការណ៍ទៅខាងក្រសួងមិនទាន់ឱ្យដំណឹងមកវិញដែរ ប៉ុន្តែកម្មវិធីនេះនឹងធ្វើតាមការគ្រោងទុកនៅថ្ងៃស្អែក។
លោកប្រធានពន្ធនាគារបន្តថា អ្នកទោសទាំង៣នាក់នេះ មានប្រុស២នាក់ ស្រីម្នាក់ ដែលម្នាក់ជាអ្នកទោសជាប់ពាក់ព័ន្ធគ្រឿងញៀន និង២នាក់ជាអ្នកទោសឆ្លងដែនខុសច្បាប់ ។ អ្នកទោសថៃទាំង៣នាក់នេះពីមុនជាប់ពន្ធនាគារនៅខេត្តសៀមរាប បន្ទាប់មកត្រូវគេបញ្ជូនមកពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។
ទោះជាយ៉ាងណាគេពុំទាន់ប្រាប់ពីអត្តសញ្ញាណអ្នកទោសថៃទាំង៣នាក់នេះនៅឡើយទេ៕
ចែករំលែកព័តមាននេះ