រាជធានីភ្នំពេញ៖ លោកកោ វណ្ឌី ចៅក្រមជម្រះក្តីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ កុម្ភៈ ២០១៤ នេះ បានសម្រេចប្រកាសសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះឆាយ ថន ភេទប្រុស អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារចំនួន១០ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញទោសកំហុសរបស់ជនជាប់ពាក់ព័ន្ធពីបទឃាតកម្មគិតទុកជាមុន។
ក្នុងសំណុំរឿងនេះ មានជនជាប់ចោទចំនួន៤នាក់ តែតុលាការបានសម្រេចដោះលែងចំនួន៣នាក់ ដែលមិនមានកំហុសក្នុងករណីសម្លាប់ជនរងគ្រោះឈ្មោះស៊ិន ហយ អាយុ៥៦ឆ្នាំ កាលពីថ្ងៃទី២១ តុលា ២០១២ កន្លងមក ស្ថិតក្នុងខណ្ឌប្ញស្សីកែវ ។ គួររំលឹកថា សំណុំរឿងឃាតកម្មសម្លាប់មនុស្សកាលពី២ឆ្នាំមុន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការ កាលពីព្រឹកថ្ងៃទី២៧ មករា ២០១៤ រួចម្តងមកហើយ ។
ចៅក្រមជម្រះក្តីលោកកោ វណ្ឌី បានអះអាងថា តុលាការបានរកឃើញថា ជនជាប់ចោទឈ្មោះឆាយ ថន ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាប់ចោទតែម្នាក់គត់ ក្នុងសំណុំរឿងឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះស៊ិន ហយ ដែលជាមន្រ្តីយោធាម្នាក់ក្នុងអង្គភាពទាហានជើងទឹក ។
ចែករំលែកព័តមាននេះ