រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក យស យុទ្ធី ជាអភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយដកហូតទូរហ្គេមបាញ់ត្រីចំនួន៣ទូ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ៦៦Eo ផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
តាមប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ដោយមានការណែនាំពីសំណាក់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់លោកនោះ ទើបនាព្រឹកនេះដែរ ក្រោមការដឹនាំរបស់លោក យស យុទ្ធី ជាអភិបាលរងខណ្ឌដូនពេញ ក៏ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការបង្ក្រាបល្បែងស៊ីសងខាងលើ ដោយបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន៣ទូ និងកៅអីចំនួន៥ផងដែរ។
ក្រោយពីប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើ កម្លាំងគណៈបញ្ជាកាឯកភាពក៏បានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន៣ទូ និងកៅអីចំនួន៥ យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការកម្ទេចចោល ចំណែកឯទីតាំងខាងលើក៏បានបិទជាបណ្តោះអាសន្នផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ