ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ព្រមាន​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់​ការ​តែងតាំង​តាម​រូបភាព​សូកប៉ាន់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​ព្រមាន​នឹង​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់​ចំពោះ​រាល់​ការ​តែងតាំង​មិន​ប្រក្រតី​ក្នុង​រូបភាព​សូកប៉ាន់ ដើម្បី​ផលប្រយោជន៍​បុគ្គល​ព្រោះថា បើ​យើង​ជ្រើសរើស​តែងតាំង​តាម​របៀប​សូកប៉ាន់​នោះ វា​មិន​អាច​ធ្វើ​ឲ្យ​អង្គភាព​មួយ​ធានា​បាន​កត្តា​សាមគ្គីភាព​ឯកភាព…

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​ព្រមាន​នឹង​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់​ចំពោះ​រាល់​ការ​តែងតាំង​មិន​ប្រក្រតី​ក្នុង​រូបភាព​សូកប៉ាន់ ដើម្បី​ផលប្រយោជន៍​បុគ្គល​ព្រោះថា បើ​យើង​ជ្រើសរើស​តែងតាំង​តាម​របៀប​សូកប៉ាន់​នោះ វា​មិន​អាច​ធ្វើ​ឲ្យ​អង្គភាព​មួយ​ធានា​បាន​កត្តា​សាមគ្គីភាព​ឯកភាព រួម​ទាំង​ប្រសិទ្ធភាព​ការងារ​នោះ​ឡើយ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន ដូច្នេះ​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​ប្រកាស តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​០៨ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នៅ​ទីបញ្ជាការ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ព្រះ​សីហ​នុ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​រើស​ថ្នាក់ដឹកនាំ​អង្គភាព​ឬ​មេបញ្ជាការ នាយសេនាធិការ​បាន​ត្រឹមត្រូវ គឺជា​កត្តា​ធានា​បាន​សាមគ្គីភាព​ឯកភាព និង​ប្រសិទ្ធភាព​ការងារ ។ លោក​ថា គោលការណ៍​របស់​កងទ័ពជើងគោក គឺ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព​ចាប់ពី​ថ្នាក់​តំបន់​ប្រតិបត្តិការ​សឹក​រង និង​កង​ព្រំដែន​ឡើង​ទៅ​ត្រូវ​មាន​គណៈកម្មការ​កងទ័ពជើងគោក​មួយ​ដើម្បី​ពិនិត្យ​វាយតម្លៃ​សំដៅ​ធានា​បាន​តម្លាភាព និង​ប្រសិទ្ធភាព ។

លោក​បាន​សង្កត់ធ្ងន់​ថា ឆន្ទៈ និង​គោលការណ៍​នៃ​ការ​ដឹកនាំ​របស់​លោក​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក គឺ​មិន​ឱ្យ​មានការ​សូកប៉ាន់​ក្នុង​ការ​តែងតាំង​ថ្នាក់ដឹកនាំ​អង្គភាព ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​នាយទាហាន​ដែល​មាន​ឆន្ទៈ​បម្រើ​ជាតិ​តាម​រយៈ ការ​វាយតម្លៃ​ទៅ​លើ​សមត្ថភាព​គុណធម៌ សីលធម៌ បទ​ពិសោធន៍ សុខភាព ព្រោះ​យើង​គិត​ពី​បុគ្គល​ឲ្យ​មាន​យុត្តិធម៌​តម្លាភាព សមត្ថភាព និរន្តរភាព និង​ប្រសិទ្ធភាព​របស់​អង្គភាព ។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដែល​មាន​សក្ដានុពល​នៃ​ការ​រីក​ចម្រើន​ដូច្នេះ​យើង​ទាមទារ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ការងារ​សន្តិសុខ​ផ្សេង​ៗ​ក្នុង​នោះ​ផ្ដោត​លើ​មេបញ្ជាការ និង​នាយសេនាធិការ​ដែល​មាន​សមត្ថភាព និង​ឆន្ទៈ​នៅ​ក្នុង​ការងារ ។

ផ្ទុយ​ទៅ​វិញ​បើ​ការ​ជ្រើសរើស​ការ​តែងតាំង​មិន​ប្រក្រតី​ក្នុង​រូបភាព​សូកប៉ាន់ ដើម្បី​ផលប្រយោជន៍ សូម​រក​ឱ្យ​ឃើញ​នូវ​ភស្តុ​តាង និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ព្រោះ​យើង​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព ហើយ​នេះ គឺជា​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​យើង ដើម្បី​ផ្ដល់​ឱកាស​ទៅ​ដល់​អ្នក​ខំ​ខិតខំ​ប្រឹងប្រែង​អ្នក​ដែល​ធ្វើការ​យូរ​នៅ​ក្នុង​អង្គភាព ។

ទន្ទឹម​នោះ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព គឺ​ផ្ដោត​លើ​យុត្តិធម៌​សម្រាប់​បុគ្គល និង​យុត្តិធម៌ សម្រាប់​អង្គភាព ។ បើ​យើង​ផ្តោត​យុត្តិធម៌​សម្រាប់​បុគ្គល គឺ​យើង​ថ្លឹង​ថ្លែ យុត្តិធម៌​សម្រាប់​អង្គភាព​ប្រសិទ្ធភាព​ការងារ និង​ការ​ដឹកនាំ​បញ្ជា ។ លោក​ថា​នេះ គឺជា​គោលការណ៍​របស់​កងទ័ពជើងគោក ដើម្បី​បញ្ជាក់​ឲ្យ​នាយទាហាន​ថ្នាក់ដឹកនាំ​នៅ​ក្នុង​អង្គភាព​បាន​យល់​ច្បាស់ ព្រោះ​ការ​ដំឡើង​ឋានៈ​ការ​តែងតាំង​មុខងារ​ណាមួយ​មិនមែន​ជា​ការ​ផ្ទេរសិទ្ធិ​អំណាច​នោះ​ទេ ។ ប៉ុន្តែ គឺជា​ការ​ផ្ទេរ​ការ​ទទួលខុសត្រូវ​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការ​បំពេញភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ