រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ កុម្ភៈ ស្ដីពីការបង្កើតនិងទទួលស្គាល់នូវក្រមសីលធម៌សម្រាប់ការពារប្រភពដើមស្រូវនិងអង្ករកម្ពុជា ដោយយោងតាមយន្ដការនៃអនុលោមភាពតាម «ក្រមសីលធម៌» សម្រាប់វិស័យឧស្សាហកម្មស្រូវកម្ពុជា ដែលពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងតំណាងអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមទាំងតំណាងសហព័ន្ធអ្នកនាំអង្ករកម្ពុជាជាច្រើនរូបទៀត ។
សេចក្ដីប្រកាសបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហគមន៍អ្នកនាំចេញអង្ករកម្ពុជាបានផ្សព្វផ្សាយការបង្កើត និងទទួលស្គាល់នូវ «ក្រមសីលធម៌» សម្រាប់ការពារសុច្ចរិតភាពប្រភពដើមស្រូវ និងអង្ករកម្ពុជា ហើយសេចក្ដីប្រកាសនេះមានគោលបំណងធានាដល់ការប្រតិបត្ដិយ៉ាងខ្ជាប់ខ្ជួនរបស់អ្នកនាំចេញអង្កររបស់កម្ពុជាទាំងអស់ ទាក់ទងនឹងប្រភពដើមអង្ករនាំចេញកម្ពុជា ។
ជាមួយការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម យន្ដការនៃការអនុវត្ដតឹងរ៉ឹងនូវក្រមសីលធម៌នេះមិនត្រឹមតែសម្រាប់ការពារសុច្ចរិតភាពប្រភពដើមស្រូវ និងអង្ករកម្ពុជាពីក្លែងបន្លំប៉ុណ្ណោះទេ ប៉ុន្ដែយន្ដការនេះក៏ជួយធានាដល់ការប្ដេជ្ញារបស់សហគមន៍អ្នកនាំចេញអង្ករកម្ពុជាក្នុងកិច្ចការពារភាពអនុគ្រោះពាណិជ្ជកម្មស្ថិតក្រោមក្របខណ្ឌ «អ្វីៗទាំងអស់លើកលែងសព្វាវុធ» ដែលបានជួយជ្រោមជ្រែងដល់ប្រជាកសិករកម្ពុជានៅតាមជនបទចាកផុតពីភាពក្រីក្រ ។
សម្រាប់ព័ត៌មានបន្ថែម និងការស្នើសុំឯកសារ «ក្រមសីលធម៌» សូមអញ្ជើញទំនាក់ លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ +៨៥៥ ១៧ ៥១៣ ៧៧៧ អីុម៉ែល kenratha_ait@ yahoo.com ។ លោក វ៉ាន់ ដេវិត វិចិត្រ អគ្គលេខាធិការរងនៃសម្ព័ន្ធអ្នកផលិតស្រូវនិងនាំចេញអង្ករកម្ពុជា ទូរស័ព្ទលេខ +៨៥៥ ១៧ ៨៨៧ ៧៨៨ អីុម៉ែល vandavid@arpecrice. com ។ លោក អឹុង សុទ្ធី មន្ដ្រីទំនាក់ទំនងនៃសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ទូរស័ព្ទលេខ +៨៥៥ ១៦ ៩៦៥ ៤៥៦ អីុម៉ែល sothy.ung@ fedocrex.com និងលោក លីម គីមឃុង អនុប្រធានសមាគមនាំចេញអង្ករកម្ពុជា ទូរស័ព្ទលេខ +៨៥៥ ៧៨ ៩៩០ ៩៩៩ អីុម៉ែល contact@ric eassociation.com ៕
ចែករំលែកព័តមាននេះ