បុព្វហេតុ​នៃការ​ស្លាប់ដោយជំងឺនិងការឆ្លងឈាន​មុខ​ទាំង​10​​​​នៅ​លើ​ពិ​​ភព​លោក​


​​​នៅ​លើ​ពិ​ភព​លោក​​នា​ពេល​បច្ចុប្បន្ន​​គេ​សង្កេត​​​ឃើញ​មនុស្ស​ស្លាប់​​ក្នុង​មួយ​ថ្ងៃ​ៗ​ដោយ​សារ​បុព្វ​ហេតុ​​ផ្សេង​ៗ​គ្នា​​ ។ ប៉ុន្តែ​តាម​ការ​អង្កេត​ថ្មី​​​ៗ​បាន​បង្ហាញ​ថា ​មាន​បុព្វ​​ហេតុ​​នៃ​កា​រ​ស្លាប់​​នាំ​មុខចំនួន​​១០​​​ដែល​គេ​តែង​​​ប្រទះ​ឃើញ​​​​ជា​ញឹក​ញាប់​​​​ដោយ​​ផ្អែក​​​លើ​ទិន្ន​ន័យ​​​ឆ្នាំ​២០១១ របស់​អង្គ​ការ​សុខ​ភាព​ពិ​ភព​​​លោក​ ។​

១-ជំងឺ​​បេះដូង​​ស្លោក​​​
​ជំងឺ​ស្លោក​បេះ​ដូង​ដែល​បណ្ដាល​មក​ពី​​​កង្វះ​ឈាម​​​ទៅ​ចិញ្ចឹម​​បេះ​ដូង​​​​​​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​​​​៧លាន​នាក់​​​ទូទាំង​ពិ​ភព​លោក​​​​កាល​ពីឆ្នាំ​​២០១១ ​​​​នេះ​បើយោង​តាម​របាយ​ការណ៍​​​​អង្គការ​សុខ​ភាព​ពិ​ភពលោក។​ កត្ដា​ចម្បង​​​ដែល​​នាំ​ឱ្យ​កើត​ជំងឺ​នេះ​​គឺរបប​អាហារ​​ដែល​​​មិន​ល្អ​​​ កង្វះ​ការ​ហាត់​ប្រាណ​ ការ​លើស​​​ទម្ងន់​ ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​ច្រើន​ហួស​​ ​និងការ​​ជក់​បារី។​

២-​​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​
យោងតាម​សមាគម​​ជំងឺ​​​ស្ត្រូក​ជាតិ​​បាន​ប៉ាន​​ស្មាន​​​ថា ជំងឺ​ស្ត្រូកឬ​ដាច់​សរសៃ​​​​​​​ឈាម​ខួរ​ក្បាល​​បាន​ធ្វើ​ឱ្យ​អាមេរិក​​ខាង​បង់​ប្រាក់​​​៤៣​​ពាន់​លាន​ដុល្លារ​ក្នុង​​​​មួយឆ្នាំ​ៗ​​​ ។ ​​នៅ​អា​​មេរិក​​​មាន​មនុស្ស​​​ជាង​​១៣០.០០០​​នាក់​បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​​​នេះ​ក្នុង​មួយ​ឆ្នាំ​ៗ​​ និង​ជា​បុព្វ​ហេតុ​​​ចម្បង​នៃ​​ពិការ​​ភាព​របស់​យុវវ័យ​​​នៅ​ច​ក្រភព​​អង់​គ្លេស​​ ។

រោគ​សញ្ញា​​ដំបូង​នៃជំងឺ​​ស្ត្រូក​គឺជា​​​ការ​ស្ពឹក​​​​មួ​យ​ចំហៀង​​​​ខ្លួន​មិនអាច​លើក​​ដៃ​រួច​​និង​ន​ិយាយ​​​ចេញ​សំឡេង​ឡុល​​ៗមិន​សូវច្បាស់​ឬ​​និយាយ​​​មិន​ចេញ​ តែម្ដង​ ។​

៣-រោគឆ្លង​​តាម​ផ្លូវ​ដង្ហើម​
​រោគ​ឆ្លង​​ផ្លូវ​ដង្ហើម​រួមមាន​​ ​ផ្ដា​សាយ​​ រលាក​សួត និង​របេង​ ។
ជំងឺ​រលាក​​សួត​បាន​​សម្លាប់​មនុស្ស​​អស់​ជិត​​​​​៥ម៉ឺន​​នាក់​ នៅ​​អាមេរិក​​​កាល​ពី​​ឆ្នាំ​​​​២០១០ នេះ​​បើ​យោង​តាម​​មជ្ឈមណ្ឌល​​គ្រប់​​គ្រង​ និង​បង្ការ​​ជំងឺ​ឱ្យ​ដឹង​ ។

​ដោយ​ឡែក​​​​យោង​តាម​​អង្គ​ការ​សុខ​ភាព​​ពិ​ភព​លោក​​​បាន​ឱ្យ​ដឹ​ង​ថា ​ជាង​​​​៩៥%​​នៃ​ការ​ស្លាប់​​​ដោយ​​សារ​ជំងឺ​​របេង​​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​ដែលមាន​​ប្រាក់​ចំណូល​​​​​​ទាប​និងមធ្យម​ ។

៤-​​ជំងឺ​រលាក​​ទង​សួត​​និង​ហើម​សួត​
​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​​​​​បាន​ឱ្យ​​ដឹង​ថា កាល​ពី​ឆ្នាំ​​​២០១០​​​ជំងឺនេះ​បាន​សម្លាប់​​មនុស្ស​អស់​​៣លាន​នាក់​​ទូទាំង​​ពិ​ភព​លោក​ ។ ​ជំងឺ​នេះ​​បាន​ធ្វើ​ឱ្យ​អាមេរិក​​​ខាត​បង់​​ប្រាក់​​៥០​លាន​​​​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ​

៥-​​ជំងឺរាក​រូស​
​យោង​តាម​​ធនាគារ​​ពិ​ភព​លោក​​បាន​ឱ្យ​ដឹង​ថា ​កង្វះ​​អនាម័យ​​បាន​ធ្វើ​​ឱ្យ​សេដ្ឋ​កិច្ច​​​ពិ​ភព​លោក​​​​ខាត​បង់​​ប្រាក់​២៦០​​ពាន់​លាន​ដុល្លារ​​​ក្នុងមួយឆ្នាំ​ ។​
យោង​​តាម​អង្គការ​​​​សុខ​ភាព​​ពិ​ភព​​​​​លោក​​បង្ហាញ​​​ថា មាន​មនុស្ស​ស្លាប់​​ដោយ​សារ​​រោគ​រាក​​​រូស​​ចំនួន​​​១,៩​​លាន​នាក់​​នៅ​លើ​ពិភព​លោក​ ។

៦-ជំងឺ​អេដស៍
ជំងឺ​អេដស៍(Aids)​​​បានសម្លាប់​មនុស្ស​​អស់​​១,៦​​លាន​នាក់​​ក្នុង​មួយ​ឆ្នាំ​​​ៗ ។​​
​យោង​​តាម​​របាយការណ៍​អង្គ​ការ​សហ​ប្រជា​ជាតិ​​​​បាន​ឱ្យ​​ដឹង​ថា​ ​មានមនុស្ស​​ជាង​​៣០​លាន​នាក់​​កំពុង​​ផ្ទុក​មេរោគ​អេដស៍​​កាល​ពី​​​ឆ្នាំ​​​២០១២​​​ ទោះ​បី​ជា​​​មាន​ការ​បង្ការ​​និង​ព្យា​បាល​​​នៅ​ជុំវិញ​​ពិ​ភព​លោក​​ក៏​ដោយ​ ។

​៧-​ជំងឺមហារីក​​ផ្លូវ​ដង្ហើម​
​​​យោង​តាម​​ការសិក្សា​​រួម​គ្នា​​រ​វាង​អង្គ​ការ​សុខ​ភាព​​ស្ម័គ្រ​​ចិត្ត​របស់​អាមេរិក​​American Cancer Society ​​និងមូល​​និធិ​ Livestrong Foundation ​​​​​បង្ហាញ​ថា​ ជំងឺ​មហា​​រីក​ផ្លូវ​​ដង្ហើម​​នេះ​បាន​​ធ្វើ​ឱ្យ​​​សេដ្ឋ​កិច្ច​​​​ពិ​ភព​លោក​​ខាត​បង់​​​​​ប្រាក់​១៨០​ពាន់​​​​លាន​ដុល្លារ​​​រៀង​រាល់​ឆ្នាំ​ ។ ​​ជំងឺ​​នេះ​បាន​​សម្លាប់​​មនុស្ស​​​១,​៥លាន​នាក់​នៅ​​​ទូទាំង​​ពិ​ភព​លោក​ ។

៨-​ជំងឺ​​ទឹកនោម​ផ្អែម​
​ជំងឺ​​ទឹកនោម​​ផ្អែម​សម្លាប់​​មនុស្ស​អស់​​​​​១,៤លាន​នាក់​​ទូទាំង​ពិ​ភព​លោក​ ។​ យោង​តាម​​សមាគមជំងឺ​ ទឹកនោម​ផ្អែម​អាមេរិក​បាន​ប៉ាន​ស្មាន​ថា ការ​ខាត​បង់​​​សរុប​ដោយ​​សារ​ជំងឺ​​នេះ​ចំពោះ​​សេដ្ឋ​កិច្ច​​​អាមេរិក​មាន​រហូត​​ដល់​​២៤៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

៩-គ្រោះថ្នាក់​ចរាចរណ៍
បច្ចុប្បន្ន​នេះមាន​រថយន្ត​​ជាងមួយ​ពាន់​លាន​​គ្រឿង​​ធ្វើ​​​ចរាចរណ៍​​លើ​ដង​ផ្លូវ​​ទូទាំង​​ពិ​ភព​លោក​​។​មាន​មនុស្ស​យ៉ាង​ហោច​​ណាស់​​​៣៤០០​នា​ក់​បាន​ស្លាប់​​ដោយ​សារ​គ្រោះថ្នាក់​​​ច​រាច​រណ៍​​ជា​រៀង​រាល់ថ្ងៃ​ហើយ​រាប់​លាន​​នាក់​រង​របួស​​ឬ​​ពិ​ការ​​អស់​មួយ​ជីវិត​​​​នេះ​បើ​​​តាម​ទិន្នន័យ​​​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក។

​​យោង​តាម​​អង្គ​ការ​​សុខ​ភាព​ពិ​ភព​លោក​​ដដែល​បាន​ឱ្យ​ដឹង​ថា មាន​ទារក​​​​១៥លាន​នាក់​​កើតមុន​កាល​កំណត់​​ឬ​​មុន​​៣៧​​សប្ដាហ៍​​នៃ​យៈ​​ពេល​មាន​ផ្ទៃ​​ពោះ​​ ហើយ​​ក្នុងនោះ​​មាន​ទារក​​ជាង​​១លាននាក់​​បាន​ស្លាប់​​ដោយ​​សារ​ការ​កើតមុន​​កាល​កំណត់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ