ខេត្តប៉ៃលិន ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ក្នុងភូមិសាស្ត្រសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នៅថ្ងៃទី០៦ កុម្ភៈ ២០១៤ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាពក្នុងការប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៣ និងលើកទិសដៅការងារយោធាបន្តរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន។
ពិធីនេះ ធ្វើឡើងដោយមានការចូលរួមពី លោក កើត សុធា អភិបាលរងខេត្ត លោក ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត ព្រមទាំងយោធាចូលរួមយ៉ាងច្រើនកុះករ។ លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន បានធ្វើរបាយការណ៍ស្តីពីសកម្មភាព នៃការអនុវត្តការងារយោធាសន្តិសុខឆ្នាំ២០១៣ កន្លងទៅ ដោយបានបញ្ជាក់ថា តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំង សហការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា និងបានចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់បានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ អង្គភាពក៏បានយកចិត្តទុកដាក់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ ព្រមទាំងមានកិច្ចសហការទំនាក់ទំនងល្អជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសុខសន្តិភាព និងការអភិវឌ្ឍន៍។
បន្ទាប់ពីមតិចូលរួមរបស់ លោក កើត សុធា អភិបាលរងខេត្ត លើកឡើងពីចំណុចខ្វះខាតមួយចំនួន និងផ្តល់អនុសាសន៍ល្អៗ ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តអនុវត្តការងារយោធាឲ្យមានប្រសិទ្ធភាពរួចមក លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ បានធ្វើការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកខេត្តប៉ៃលិន ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងឆ្នាំ២០១៣ កន្លងមកនេះ ទទួលបានលទ្ធផលល្អ។
ការរីកចម្រើនទាំងនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នាយ នាយរង និងពលទាហានទាំងអស់ក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនបានល្អ ក្នុងការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីបានគង់វង្ស។ លោកបានលើកឡើងទៀតថា ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះ បានផ្តល់ប្រាក់ខែដល់កងទ័ពឲ្យមានតម្លាភាព និងជីវភាពសមរម្យ។
ដូច្នេះ នាយទាហាន នាយទាហានរង ពលទាហាន ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពឲ្យបានល្អ ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឲ្យជិតស្និទ្ធ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ក្នុងឱកាសនោះ ក៏មានប្រកាសផ្លាស់ប្តូរមុខតំណែងដល់នាយទាហាន ព្រមទាំងបំពាក់មេដាយដល់នាយទាហាន នាយទាហានរង និងសប្បុរសជន ចំនួន ១៦៧នាក់ ដែលបានរួមចំណែកកសាងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត កន្លងមក។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ក៏បានឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារ និង លោក កើត សុធា អភិបាលរងខេត្ត ចំនួន ១លានរៀល សម្រាប់កងទ័ពផងដែរ៕
ចែករំលែកព័តមាននេះ