ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី០៦ កុម្ភៈ ២០១៤ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយរបស់សម្តេចទៅប្រគល់ជូនគ្រួសារកូនភ្លោះបី ដែលជាចៅរបស់សម្តេចនៅភូមិមណ្ឌលសុខភាពជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម សេង ទៀង បានមានប្រសាសន៍ថា បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយពីគ្រួសារមានកូនភ្លោះបីនៅស្រុកព្រះនេត្រព្រះ សម្តេចបានឲ្យឯកឧត្តមនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ទារក និងសម្លៀកបំពាក់ ព្រមថវិកា ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ មកឧបត្ថម្ភដល់គ្រួសារកូនភ្លោះបី ដោយមិនរើសអើងពណ៌សម្បុរ សាសនា ឬជាប់និន្នាការនយោបាយណាមួយឡើយ ឲ្យតែកូនភ្លោះបី សម្តេចទាំងពីរតែងតែចាត់ទុកថា ជាចៅរបស់សម្តេច និងយកអំណោយមកឧបត្ថម្ភ។
ឯកឧត្តម សេង ទៀង បានបញ្ជាក់ថា អំណោយដែលយកមកឧបត្ថម្ភដល់គ្រួសារកូនភ្លោះបីនាពេលនេះ មានថវិកាចំនួន ៣លានរៀល អង្ករ ២០០គ.ក្រ ម្សៅទឹកដោះគោម៉ាកឌូមិចហ្ហោល ចំនួន ២កេសធំ ស្មើ ២៤កំប៉ុង ស្ករសអនាម័យ ចំនួន ៥គ.ក្រ សារុង២ និងក្រមា២។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំដល់ឪពុកម្តាយត្រូវមើលថែទាំទារកឲ្យមានសុខភាពល្អ និងគ្រូពេទ្យ ជួយតាមដានពីសុខភាពរបស់ទារកទាំងបីនោះផងដែរ។
លោក វ៉ាន់ រ៉ា និង អ្នកស្រី ម៉ា សារ៉េត ដែលជាឳពុកម្តាយទារកភ្លោះទាំងបី បានផ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថវិកា និងសម្ភារសម្រាប់កូនៗ គាត់ទាំង ៣នាក់ រួមទាំងសម្លៀកបំពាក់ដល់គ្រួសារគាត់ ដែលកំពុងជួបនូវជីវភាពលំបាកក្រីក្រ និងសូមប្រសិទ្ធពរជ័យដល់សម្តេចទាំងពីរ រួមទាំងក្រុមគ្រួសារកូនចៅរបស់សម្តេច ជួបតែសេចក្តីសុខចម្រើន។ ជាងនេះទៀត សូមឲ្យសម្តេចទាំងពីរបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា កូនភ្លោះទាំងបីនេះ បានប្រសូត្រកាលពីវេលាម៉ោង ១យប់ រំលងអាធ្រាតឈានចូលថ្ងៃទី៣១ មករា ២០១៤ នៅមណ្ឌលសុខភាពជប់វារី ស្រុកព្រះនេត្រព្រះ លើគ្រួសារជាជនជាតិខ្មែរកួយក្រីក្រមួយ ដែលមានទីលំនៅភូមិជ្រាប់ថ្មី ឃុំជប់វារី៕
ចែករំលែកព័តមាននេះ