រាជធានីភ្នំពេញ ៖ មេដឹកនំាសហជីព និងសមាគម ចំនួន១១ ដែលមិនទទួលយកការតម្លើងប្រាក់ខែ គ្រោងនឹងជួបជុំគ្នា ដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា កាលពីដើមខែមករា ២០១៤ កន្លងមក នៅព្រះអង្គដងកើ នៅថ្ងៃទី១០ កុម្ភៈ ២០១៤ ខាងមុខនេះ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា មេដឹកនាំសហជីព និងសមាគមទាំង១១ បានសម្រេចពន្យារពេលប្រកាសធ្វើមហាកូដកម្មទូទាំងប្រទេស ដោយរង់ចាំមើលលទ្ធផលរដ្ឋាភិបាល ប្រកាសពីការតម្លើងប្រាក់ខែដល់កម្មករនៅសប្តាហ៍ក្រោយ និងការសម្រេចរបស់សាលាឧទ្ធរណ៍ លើការស្នើសុំនៅក្រៅឃុំរបស់ជនសង្ស័យទាំង ២៣នាក់។
លោកបន្តថា ការដែលសហជីព និងសមាគម ដែលមិនទទួលយកប្រាក់ឈ្នួលនោះ គ្រោងនឹងជួបជុំគ្នានៅព្រះអង្គដងកើ នៅថ្ងៃទី១០ កុម្ភៈ ខាងមុខ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ តែប៉ុណ្ណោះ។ ចំពោះកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសហជីព និងសមាគមទាំង១១ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ កាលពីព្រឹកថ្ងៃទី០៦ កុម្ភៈ ២០១៤។
លោក អាត់ ធន់ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំបានពិភាក្សាទៅលើការកាត់លុយកម្មករនៅក្នុងអំឡុងពេលធ្វើកូដកម្មពីសំណាក់ក្រុមហ៊ុន និងស្នើក្រុមហ៊ុនបើកលុយឲ្យកម្មករវិញ និងបានជជែកទៅលើការងាររួមកន្លងមក បានរកឃើញបញ្ហាទាំងអស់ ដែលបានកើតឡើងក្រោយពីការតវ៉ារហូតមកដល់ពេលនេះ គឺឃើញថា មានបញ្ហារួមរហូតដល់ ៧ចំណុច ដែលជាចំណុចសំខាន់ៗ។
លោកបានបន្តថា ចំណុចទាំង៧ រួមមាន ១. ស្នើឲ្យខាងក្រុមហ៊ុន ក៏ដូចជាខាងរដ្ឋាភិបាល ត្រូវដោះលែងអ្នកទាំង ២៣នាក់ ឲ្យមានសេរីភាពឡើងវិញ ២. ស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុន បន្តធ្វើការចរចាពិភាក្សាគ្នាឡើងវិញអំពីការទាមទារតម្លើងប្រាក់ខែ ១៦០ដុល្លារ ក្នុង ១ខែ ៣. ស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុន ត្រូវរកជនល្មើស ដែលបានបាញ់កម្មករឲ្យរបួស និងស្លាប់ នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា កន្លងមក និងការប្រើអំពើហិង្សានៅរោងចក្រ យ៉ាក ជីន និងសងជំងឺចិត្តទៅតាមផ្លូវច្បាប់។
៤. ស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុន ត្រូវដកពាក្យបណ្តឹងទាំងអស់ ដែលបានប្តឹងមេដឹកនាំសហជីព ឬក៏ត្រៀមប្តឹងមកមេដឹកនាំសហជីព ៥. ដកចោលនូវការដាក់បំរាមគោលចរ ដែលមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ឬក៏តាមទីកន្លែងផ្សេងៗ ៦. ស្នើឲ្យកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យចូលធ្វើការវិញ និង ៧. ឲ្យខាងក្រុមហ៊ុនដោះស្រាយបញ្ហា ដែលបានកាត់លុយកម្មករ។
លោកបញ្ជាក់ថា ដោយសារតែខាងរដ្ឋាភិបាលបានបង្ហាញជំហរថា នឹងប្រកាសការតម្លើងប្រាក់ខែនៅសប្តាហ៍ខាងមុខនេះ និងដោយសារតែសាលាឧទ្ធរណ៍ បើកសវនាការជន ២៣នាក់ នៅថ្ងៃទី១១ កុម្ភៈ ២០១៤ តំណាងសហជីពមិនទាន់បានកំណត់ថ្ងៃធ្វើមហាបាតុកម្មនៅឡើយទេ។ ទាក់ទងនឹងការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាផ្លូវការរួចហើយ គឺតម្លើងទាបបំផុតដល់ ១០០ដុល្លារ ហើយចាប់អនុវត្តពីថ្ងៃទី០១ កុម្ភៈ ២០១៤ តទៅ។ នេះបើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលគេហទំព័រក្នុងស្រុកបានដកស្រង់សម្ដី។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញារបស់ក្រសួងការងារ បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ឡើងដល់ ១០០ដុល្លារ ហើយត្រូវអនុវត្តនៅខែកុម្ភៈនេះ។ ដូច្នេះ នៅចុងខែកុម្ភៈ ឬក៏នៅដើមខែមីនា នឹងបើកប្រាក់ឈ្នួលទើបតែតម្លើងថ្មីនេះហើយ។
ប្រភពដដែលក៏បានដកស្រង់សម្ដី លោក វង្ស សុវណ្ណ ទៀតថា សេចក្តីសម្រេចតម្លើងប្រាក់ខែកម្មករនេះ ត្រូវបានទទួលយកមកអនុវត្តទាំងភាគីនិយោជិតកម្មករ និងភាគីនិយោជកថៅកែ។ ក្នុងនោះ ក៏មានការជំទាស់ពីសហជីពកម្មករមួយចំនួន តែក៏មានសហជីពភាគច្រើន និងខាងនិយោជក បានទទួលយកការសម្រេចរបស់រាជរដ្ឋាភិបាល មកអនុវត្ត។
លោកអគ្គលេខាធិការលើកឡើងទៀតថា ខាងរាជរដ្ឋាភិបាល ដែលបានបង្កើតគណៈកម្មការដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ក៏បានបន្តការសិក្សាស្រាវជ្រាវជាជំហានៗ លើប្រាក់ឈ្នួលកម្មករ តែលោកមិនដឹងថា ត្រូវជួបប្រជុំតម្លើងប្រាក់ខែកម្មករជាថ្មីនៅពេលណាទេ។ ដោយឡែក សម្រាប់ករណីបាតុករទាំង ២៣នាក់ ដែលត្រូវចាប់ឃុំខ្លួននោះ មន្ត្រីរូបនោះ បានចាត់ទុកថា ជាសមត្ថកិច្ចរបស់តុលាការ ដែលមានឆន្ទានុសិទ្ធិថា ត្រូវដោះលែង ឬក៏បន្តឃុំឃាំងជនសង្ស័យទាំងនោះ៕
ចែករំលែកព័តមាននេះ