ខេត្តកោះកុង៖ គិតចាប់តំាងពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៥ កុម្ភៈ រហូតមកទល់នឹងម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៦ កុម្ភៈ ២០១៤នេះ មានរយៈពេលជាង៣០ម៉ោងហើយ ដែលប្រជាពលរដ្ឋជាង១០០នាក់ មកពីស្រុកបុទុមសាគរ និង ស្រុកគិរីសាគរ បាននំាគ្នាតវ៉ាបិទផ្លូវចេញចូលមុខក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group Co; Ltd ប្រយោជន៏ដើម្បីឲ្យក្រុមហ៊ុនដោះស្រាយសំណង ដែលពួកគាត់បានចោទថា ក្រុមហ៊ុនបានរុះរើ និងដុតបំផ្លាញផ្ទះពួកគាត់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអាជ្ញាធរឲ្យដឹងថា ផ្ទះតូចធំរបស់ប្រជាពលរដ្ឋសរុប៤៥ខ្នង ក្នុងនោះនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ៤២ខ្នង និង ក្នុងឃុំកោះស្តេច ស្រុកគិរីសាគរចំនួន៣ខ្នង បានត្រូវក្រុមហ៊ុនចិនខាងលើដោយមានការចូលរួមពីទាហានផងនោះ រុះរើនិងដុតបំផ្លាញចោល ព្រមទំាងចាប់សត្វមាន់ ទា របស់ប្រជាពលរដ្ឋទំាងនោះធ្វើជាចំណីអាហារ និងបំផ្លិចបំផ្លាញផលដំណំានោះថែមទៀត ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋទំាងនោះ មករស់នៅនិងសាងសង់ផ្ទះលើដីជាច្រើនពាន់ហិកតា ដែលពួកគេបានជួលរយៈពេល៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលដើម្បីវិនិយោគលើវិស័យទេសចរ ។
យ៉ាងណាក៏ដោយ បើតាមអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋជាង១០០នាក់ខាងលើ អ្នកខ្លះបានរស់នៅតំាងពីឆ្នាំ១៩៧៩ ១៩៨៧ ១៩៨៨ និងអ្នកខ្លះទៀតមកតំាងទីលំនៅក្នុងអំឡុងឆ្នាំ៩០ជាងជាដើម ។
ចំណែកក្រុមហ៊ុន Union Development Group Co; Ltd បានចុះហត្ថលេខាជួលដីពីក្រសួងបរិស្ថានតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០៩ ឧសភា ២០០៨ ។
នៅល្ងាចថ្ងៃទី០៦ កុម្ភៈនេះកោះសន្តិភាពនៅមិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំសេចក្តីអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ ពីតំណាងក្រុហហ៊ុន Union Development Group Co; Ltd ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ