ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលស្រុកមង្គលបុរីឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់បុរសម្នាក់ដែលជាពលករឆ្លងដែនខុសច្បាប់ទៅថៃ ដោយចោទប្រកាន់ពីបទជម្រិតយកប្រាក់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ កុម្ភៈ ២០១៤ នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះបានជម្រិត និងកំហែងយកប្រាក់ពីពលករខ្មែរឆ្លងដែនខុសច្បាប់នៅថៃដែលត្រូវថៃចាប់បញ្ជូនត្រឡប់មកវិញ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះនឿន រដ្ឋា ហៅខា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះចេង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិIII សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះឈ្មោះសុង វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះបានជិះរថយន្តតូចពីប៉ោយប៉ែតឆ្ពោះទៅបាត់ដំបង តែត្រូវអ្នកបើករថយន្ត និងអ្នកជិះជាមួយជម្រិតយកប្រាក់អស់៣.៥០០បាតលើសពីតម្លៃឈ្នួលជិះធម្មតាត្រឹមតែ២៥.០០០រៀល(ដល់បាត់ដំបង) ហើយគំរាមជនរងគ្រោះដឹកទៅកន្លែងដើម ឬទៅកន្លែងផ្សេង តែជនរងគ្រោះបានបើកទ្វារលោតចុះពីរថយន្ត រត់ទៅប្តឹងនគរបាល។
បន្ទាប់ពីទទួលពាក្យបណ្តឹងនគរបាលស្រុកមង្គលបុរីបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបត់ត្រង់បានដេញស្ទាក់ចាប់បានរថយន្ត និងជនសង្ស័យទាំង២នៅលើផ្លូវជាតិលេខ៥ ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី រួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ