ខេត្តព្រះវិហារ ៖ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង២.៧០០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង នាព្រឹកថ្ងៃទី៦ កុម្ភៈ ២០១៤ នេះ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមការឧបត្ថម្ភពីលោកស្រី គឹម សុភិន អគ្គនាយកក្រុមហ៊ុនថ្មកាត់ធីភីប៊ី ធីវី ឌីវេឡុបមែន ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកឯ សារ៉ូ អភិបាលស្រុករវៀង អាជ្ញាធរឃុំរំដោះ អាជ្ញាធរស្រុករវៀង និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោកឯ សារ៉ូ អភិបាលស្រុករវៀង បានថ្លែងថា កន្លងទៅផ្លូវនៅក្នុងភូមិនេះពុំធ្លាប់មានទេ មានតែផ្លូវថ្មើរជើងមានការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។ លោកបន្តថា ដោយហេតុថា ភូមិនេះទើបតែកកើតថ្មី និងយោងតាមសំណើរបស់ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ក្រុមហ៊ុនធីភីប៊ីធីវី ឌីវេឡុបមេនបានជួយឧបត្ថម្ភផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលមានទទឹង១២ម៉ែត្រ និងប្រវែង២.៧០០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៦២ ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្រែចំការដែលនៅឆ្ងាយពីភូមិក៏ដូចជាងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគាត់បានស្រួល។
នាឱកាសនោះដែរ ក្រុមហ៊ុនធីភីប៊ីធីវី ឌីវេឡុបមេន ក៏បានឧបត្ថម្ភជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុង១គ្រួសារទទួលបានមី១០កញ្ចប់ ប៊ីចេង១គីឡូក្រាម ម្សៅស៊ុប១កញ្ចប់ និងសារុង១ផងដែរ៕
ចែករំលែកព័តមាននេះ