រាជធានីភ្នំពេញ ៖ លោកកេសុ ប៉ុណ្ណាការ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឱ្យដឹងថា នៅដើមឆ្នាំ២០១៤ ចំនួនអ្នកទេសចរចូលទស្សនានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺមានច្រើនដូចកាលពីដើមឆ្នាំ២០១៣ ដែរ ។ កាលពីឆ្នាំ២០១៣ ចំនួនអ្នកទេសចរសរុបដែលចូលទស្សនាសារមន្ទីរមានចំនួន១៨៥.៣៧៧នាក់ បើធៀបទៅនឹងឆ្នាំ២០១២ មានត្រឹមតែ១៤៦.១៥៤នាក់ ប៉ុណ្ណោះ គឺកើនឡើង២៩ភាគរយ ។
ការកើនឡើងអ្នកទេសចរនេះតាមរយៈការផ្សព្វផ្សាយរបស់សាលាក្តីខ្មែរក្រហម តាមរយៈការផ្សាយរបស់ទូរទស្សន៍ ផ្សេងៗលើពិភពលោកដែលគេមកថតឯកសារនៅកម្ពុជា ។ ចំណែកជនជាតិខ្មែរវិញតាមរយៈការផ្សព្វផ្សាយរបស់សាលាក្តីខ្មែរក្រហម និងតាមរយៈការសិក្សាអប់រំ រួមទាំងការចូលទស្សនារបស់ក្រុមសិស្ស និស្សិត ។
លោកប្រធានសារមន្ទីរបន្តថា កាលពីឆ្នាំ២០១៣ អ្នកទេសចរជាតិដែលចូលទស្សនាមានចំនួន៨០.១៩៤នាក់ សិស្ស-និស្សិតចំនួន៧៩.៩៧០នាក់ ព្រះសង្ឃចំនួន១.៨៣៥នាក់ ប្រតិភូចំនួន៤.៤៧៧នាក់ និងអ្នកទេសចរបរទេសមានចំនួន៩.៩១១នាក់ ។ ការចូលទស្សនារបស់អ្នកទេសចរទាំងអស់នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនយកប្រាក់ពីភ្ញៀវជាតិ និងអន្តរជាតិ ប៉ុន្តែសារមន្ទីរសុំជាវិភាគទានតិចតួចទៅតាមទឹកចិត្តរបស់ភ្ញៀវបរទេសវិញ ដើម្បីយកជួសជុលឯកសារ ថែទាំឯកសារ ទុករៀបចំពិធីទទួលប្រតិភូ ផ្សេងៗចូលទស្សនា និងទុកជួសជុលសម្ភារជាច្រើនដែលខូចខាតសល់ពីសម័យប៉ុល ពត ។ លើសពីនេះ ប្រាក់មួយចំនួននឹងយកទៅចែកជូនដល់មន្ត្រីរាជការដែលធ្វើការលើសម៉ោង ដោយមិនមានថ្ងៃឈប់សម្រាក ។
លោកកេសុ ប៉ុណ្ណាការ បញ្ជាក់ថា នៅពេលកន្លងមក អ្នកទេសចរបរទេសដែលចូលទស្សនានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ភាគច្រើនមកពីអាស៊ី ប៉ុន្តែនៅចុងឆ្នាំ២០១៣ ឃើញមានអ្នកទេសចរមកពីទ្វីបអឺរុ៉បច្រើនជាងពេលសព្វដង ។
នៅក្នុងបរិវេណសារមន្ទីរទាំងមូល គឺមិនបែងចែកកន្លែងទស្សនាថាពីផ្នែកណាចូលទស្សនាមុន ឬថាផ្នែកណាទស្សនាក្រោយឡើយ គឺវាអាស្រ័យលើភ្ញៀវចង់ទស្សនាខាងណាមុន ។ លើសពីនេះទៀត សារមន្ទីរមានបញ្ចាំងភាពយន្តជូនអ្នកទេសចរមើលអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ ក្នុងមួយថ្ងៃ២ដង គឺនៅពេលព្រឹកម្តង និងពេលល្ងាចម្តង ។ ការចាក់បញ្ចាំងភាពយន្តឯកសារប្រវត្តិសាស្ត្រនេះចាប់តាំងពីឆ្នាំ១៩៩៨ មក ។ នៅក្នុងឆ្នាំ២០១៤ នេះ លោកប្រធានសារមន្ទីរយល់ថា វាអាស្រ័យលើសេដ្ឋកិច្ចរបស់ពិភពលោក ប្រសិនបើសេដ្ឋកិច្ចពិភពលោកកើនឡើងនោះ ចំនួនអ្នកទេសចរក៏មានចំនួនកើនឡើងដែរ ហើយអ្វីដែលពិសេសនោះគឺប្រទេសកម្ពុជាយើងជាប្រទេសដែលមានសន្តិសុខគ្រប់គ្រាន់ ជាហេតុធ្វើឱ្យអ្នកទេសចរបរទេសចាប់អារម្មណ៍ទៅកម្សាន្តនៅគ្រប់តំបន់ទេសចរណ៍ទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ