រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារមួយជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៥ កុម្ភៈ នៅទីស្តីការក្រសួង លោកScot Marciel ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងបា៉ស៊ីហ្វិកមានប្រសាសន៍ថា រដ្ឋាភិបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានសម្តែងនូវការចង់ពង្រឹង ពង្រីកទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនិងប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានប្រទេសកម្ពុជា ដែរ ហើយចង់ឱ្យប្រទេសទាំងពីរមានភាពរឹងមាំទូលំទូលាយបន្ថែមទៀត ។
លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្រោយជំនួបពិភាក្សាថា ទាក់ទងនឹងស្ថានភាពនៅកម្ពុជាកន្លងទៅ លោកScot Marciel បានសម្តែងបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនកាន់ជើងភាគីណាមួយទេ សហរដ្ឋអាមេរិកតែងតែគាំទ្រនូវបាតុកម្មដោយអហិង្សា ។ ក្នុងន័យនេះសហរដ្ឋអាមេរិកមានការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកមានការអត់ធ្មត់ជាអតិបរមាដល់បាតុកម្មដោយសន្តិវិធី ដែលមានរយៈពេលយូររហូតដល់មានការបោះជម្រក …។ សហរដ្ឋអាមេរិករិះគន់យ៉ាងខ្លាំងចំពោះបាតុកម្មណាដែលបង្កឱ្យមានអំពើហិង្សា នៅលើសាកលលោក ពុំដែលគាំទ្រ ពុំដែលពេញចិត្តចំពោះបាតុកម្មណាដែលបង្កឱ្យមានអំពើហិង្សាទេ ។ ដូច្នេះសហរដ្ឋអាមេរិកមិនកាន់ជើងភាគីណាមួួយ ជំរុញភាគីទាំងពីរជួបប្រជុំចរចាគ្នាបន្តទៀត ដោះស្រាយបញ្ហាដោយសន្តិវិធី ឱ្យខ្មែរនិងខ្មែរដោះស្រាយដោយខ្លួនឯង ។
ពាក់ព័ន្ធនឹងបញ្ហាបាតុកម្មដែលគណបក្សសង្គ្រោះជាតិបានធ្វើ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលឈានទៅដល់ពេលនោះ ជាលំដាប់លំដោយ ដោយសារគណបក្សសង្គ្រោះជាតិចោទប្រកាន់ទៅនឹងការបោះឆ្នោតមានភាពមិនប្រក្រតី…។ ដូច្នេះការធ្វើបាតុកម្មកន្លងមកមិនមែនជាការចៃដន្យទេ គឺដោយមានការព្រៀងទុកជាមុន ដោយសារគណបក្សសង្គ្រោះជាតិគេបានថ្លែងនៅពេលមុនការបោះឆ្នោតយ៉ាងច្បាស់ថា គេចូលរួមធ្វើការបោះឆ្នោតមែន ប៉ុន្តែគេមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតទេ ។ ដូច្នេះគេដឹងមុនថាគេចូលរួមការបោះឆ្នោតនឹងចាញ់ ។ ដូច្នេះហើយគេចង់បានតែពីឈ្នះ កាលណាគេឈ្នះគេស្ងប់ចិត្ត ។ ដល់ពេលគេចាញ់គឺគេអាចបង្កឱ្យមានការធ្វើបាតុកម្ម ។ បាតុកម្មកន្លងមកនេះ គឺមិនមានការធ្វើបាតុកម្មជាចៃដន្យទេ គឺជាបាតុកម្មនៃការគ្រោងទុករបស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិនេះឯង ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ពេលក្រោយការបោះឆ្នោត លទ្ធផលបានបង្ហាញថា គណបក្សប្រជាជនបាន៦៨អាសនៈ គណបក្សសង្គ្រោះជាតិ៥៥អាសនៈ ។ ចំនួននេះគណបក្សប្រឆាំងគេមិនសុខចិត្តទៀត ដែលកើនពី២៦ឡើងទៅដល់៥៥នៅតែមិនសុខចិត្តទៀត គេបែរជាចោទថា គណបក្សប្រជាជនលួចបន្លំសន្លឹកឆ្នោត ។ ចុះបើមានការលួចមែន តើហេតុអ្វីខាងគណបក្សប្រជាជនបាត់អស់ចំនួន២២កៅ អី ? ហើយបើលួចមែនតើគណបក្សសង្គ្រោះជាតិបានកើនពី២៦ដល់៥៥កៅអីទេ ? គណបក្សប្រជាជនតែងតែបើកទ្វារចំហ ដើម្បីសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ។ ក្នុងនោះដែលគណបក្សសង្គ្រោះជាតិបានថាភាពមិនប្រក្រតី គឺមានការដោះស្រាយគ្រប់ជ្រុងជ្រោយរួចហើយ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញបានផ្ទៀងផ្ទាត់សព្វគ្រប់អស់ហើយ ។ កន្លែងណាដែលគណបក្សសង្គ្រោះជាតិថាភាពមិនប្រក្រតីឱ្យរាប់ឡើងវិញ គឺគេបានធ្វើសព្វគ្រប់អស់ហើយ ដែលអត់មានភាពប្លែក ប្រែប្រួលអំពីលទ្ធផលទេ ។ ប៉ុន្តែគេបែរជាមិនព្រម គេនៅតែធ្វើបាតុកម្មបន្តទៀតគ្រប់រូបភាព …។
លោកថ្លែងថា គណបក្សប្រជាជនទទូចឱ្យគណបក្សសង្គ្រោះជាតិវិលមករកតុចរចាចូលរួមប្រជុំនៅក្នុងសភាដែលគណបក្សសង្គ្រោះជាតិទាមទារ កំណែទម្រង់ផ្សេងៗត្រូវតែមកពិភាក្សាគ្នានៅក្នុងសភា មិនមែនការទាមទារនៅតាមថ្នល់នោះទេ ។ ពាក់ព័ន្ធទៅនឹងការទាមទារឱ្យមានការបោះឆ្នោតឡើងវិញ បើសិនទាមទារដូច្នេះ គឺត្រូវតែរំលាយសភា ហើយការរំលាយសភា រដ្ឋធម្មនុញ្ញបានហាមដោយមិនអនុញ្ញាតរំលាយសភាមុនរយៈពេល៥ឆ្នាំទេ មុនអាណត្តិទេ លុះត្រាដល់អាណត្តិ ទើបមានការរៀបចំបោះឆ្នោត ។ ដូច្នេះក្នុងករណីនេះ បើចង់បានគឺត្រូវតែចូលសភា ពិភាក្សាធ្វើវិសោធនកម្មច្បាប់ជាមុន ។ លោកឧបនាយករដ្ឋមន្ត្រីបានរលឹកផងដែរ ពីការចរចា កាលពីខែកញ្ញាឆ្នាំ២០១៣ កន្លងមកមានការជំនួបកំពូលរវាងគណបក្សទាំងពីរ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចចរចាគាត់ទាមទារយកតំណែងប្រធានសភា ។ នៅលើពិភពលោក តើមានគណបក្សដែលចាញ់ឆ្នោតសុំធ្វើប្រធានសភាទេ ? លោកសម រង្ស៊ី គាត់បានទទួលស្គាល់លទ្ធផលបោះឆ្នោត ។ គាត់គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផងដែរ ក៏ប៉ុន្តែនៅពេលគាត់ធ្វើបាតុកម្ម ជួបជាមួយមហាជន ដែលគាំទ្រគាត់វិញ បែរជាគាត់លើកទាមទារកំណែទម្រង់ឱ្យមានការបោះឆ្នោត សុំឱ្យសម្តេចតេជោចុះចេញពីតំណែង ។ ដូច្នេះការដែលបក្សប្រឆាំងជួបពិភាក្សាជាមួយគណបក្សប្រជាជនរឿងផ្សេង ដល់ពេលដែលគាត់មកជួបអ្នកគាំទ្រគាត់ជារឿងផ្សឹង ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី២ -៣ មករា កន្លងទៅលោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលមកដល់ពេលនេះគឺមានតែអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ។ ហាមឃាត់ដាច់ខាតបើបាតុកម្មណាប្រែទៅជាហិង្សាវិញ គឺត្រូវឱ្យមានការផ្អាកជាបណ្តោះអាសន្ន ដូច្នេះរាជរដ្ឋាភិបាលផ្អាកការថ្វើបាតុកម្មជាបណ្តោះអាសន្នចាំស្ថានភាពវិលទៅរកភាពដើមវិញ នោះបាតុកម្មអហិង្សាអាចប្រព្រឹត្តទៅវិញបាន ។ លោកឧបការីរងជាន់ខ្ពស់បញ្ជាក់ថា សូម្បីតែការទាមទារប្រាក់ខែ អតិបរមារបស់កម្មករកន្លងមកនេះ សហរដ្ឋអាមេរិកអត់មានប្រកាន់ជំហរបែបណាទេ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីក្របខណ្ឌអាស៊ាន -អាមេរិក ។ កម្ពុជាគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន-អាមេរិកដែលជំរុញឱ្យទំនាក់ទំនងរវាងអាស៊ាន-អាមេរិកនេះឱ្យដល់កម្រិតជាយុទ្ធសាស្ត្រ ។ ភាគីទាំងពីរគឺបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីពីកិច្ចសហប្រតិបត្តិការ ព្រោះក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដូចជាគំនិតផ្តួចផ្តើមមេគង្គក្រោមជាមួយសហរដ្ឋអាមេរិក ដែលបង្កើតឡើងនៅឆ្នាំ២០០៩ ។ ក្នុងនោះលោក Scot Marciel បានបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក នឹងគ្រោងមកបំពេញទស្សនកិច្ចក្នុងប្រទេសដែលនៅជាប់ទន្លេមេគង្គនេះ មាន៦ប្រទេស ភាគីសហរដ្ឋអាមេរិក កម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៤ នេះ គឺត្រូវអាក់ខានទៅវិញ ត្រូវប្រគល់ឱ្យលោក Scot Marciel វិញ ។
ទាក់ទងនៅក្នុងបញ្ហាតំបន់ដែលនៅក្នុងនោះមានសមុទ្រចិនខាងត្បូង ចិនខាងកើត បញ្ហាជម្លោះដែនកោះ រវាងចិន-ជប៉ុន កូរ៉េ-ជប៉ុន …។ ភាគីទាំងពីរបានសម្តែងពីឆន្ទៈរបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ជំហរកម្ពុជា ច្បាស់លាស់ ប្រទេសជប៉ុន ប្រទេសកូេរ៉ ប្រទេសចិន គឺជាមិត្តដ៏ជិតស្និទ្ធជាមួយនិងកម្ពុជា ហើយប្រទេសទាំងនោះគឺជាដៃគូរយុទ្ធសាស្ត្ររបស់អាស៊ានដែរ ។ ដូច្នេះកម្ពុជាតែងតែជំរុញឱ្យដោះស្រាយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ។ ទាក់ទងនឹងសំនួរថា លោកScot Marciel មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានជួបពិភាក្សាជាមួយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាហើយនិងទៅជួបគណបក្សប្រឆាំងទៀតដែរទេ?
លោកកុយ គួង បញ្ជាក់ថា ត្រង់ចំណុចនេះបើតាមការយល់ឃើញរបស់អ្នកដទៃគឺជារឿងផ្សេង តែបើមើលភាពជាក់ស្តែងវិញ គឺសំខាន់ផ្តោតទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អាមេរិក ក្នុងក្របខណ្ឌច្រើនរូបភាព គឺទ្វេភាគី និងគំនិតតំបន់ដែលក្នុងនោះលោក Scot Marciel បញ្ជាក់ថា រដ្ឋាភិបាលលោកប្រធានាធិបតី អូបាម៉ា មានបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក ។ ជាងនេះឱ្យបញ្ហាដែលជាគំនិតផ្តួចផ្តើមមេគង្គ-សហរដ្ឋអាមេរិក ជួយធ្វើយ៉ាងណា គឺកម្ពុជាមានសសរស្តម្ភចំនួន៦ គឺ ១-ពង្រឹងឱ្យសហរដ្ឋអាមេរិក និងតំបន់មេគង្គគឺវិស័យសុខាភិបាល ២-វិស័យអប់រំ ៣-សុវត្ថិភាពថាមពល ៤-បរិស្ថាននិងទឹក ៥-ការតភ្ជាប់ និង៦-បញ្ហាស្បៀងនិងវិស័យកសិកម្ម ។ ដូច្នេះសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្ពស់ ទៅលើបញ្ហាមេគង្គនេះ ។
ដូចជាបញ្ហាក្របខណ្ឌអាស៊ានដែរ គឺជំរុញឱ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងអាមេរិក-អាស៊ានឱ្យឈានទៅដល់គំនិតទាក់ទងជាយុទ្ធសាស្ត្រ ។ បញ្ហានយោបាយនៅកម្ពុជា គឺគ្រាន់តែជាការផ្លាស់ប្តូរមតិយោបល់ពីគ្នាទៅវិញទៅមក ដើម្បីឱ្យទទួលបានព័ត៌មានពិត ព្រោះកន្លងមកតាមបណ្តាញសារព័ត៌មានផ្សេងៗ គេអាចស្រង់ព័ត៌មានតាមគណបក្សប្រឆាំង ឬសង្គមស៊ីវិលផ្សេងៗនោះ វាអាចខុសគ្នាទៅនឹងសភាពការណ៍ពិត ។ ដូច្នេះលោកឧបការីរងជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ គឺជួបគ្រប់ទាំងអស់ទាំងរាជរដ្ឋាភិបាលកម្ពុជា-ទាំងទូទៅ ៕
ចែករំលែកព័តមាននេះ