ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រី ១ក្រុម អះអាងថា ពួកគាត់អត់បាយក្រហាយទឹកនៅឯប្រទេសថៃ ចំនួន ២ ទៅ ៣ថ្ងៃ មកហើយ ព្រោះតែក្រុមហ៊ុនគ្មានការងារឲ្យធ្វើបន្ទាប់ពីនាំចេញពីកម្ពុជា ហើយនាំគ្នាវិលត្រលប់តាមច្រករបៀងគ្មានសោហ៊ុយទៅផ្ទះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៥ កុម្ភៈ ២០១៤ នៅមុខសាខាលក់សំបុត្ររថយន្តក្រុង KSO ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីពួកគេត្រូវបានមេខ្យល់ ២នាក់ នាំឆ្លងដែនពីប្រទេសថៃ តាមច្រករបៀងមួយខាងជើងផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែត។
ពលករដែលវិលត្រលប់តាមច្រករបៀងនេះ មានចំនួន ១៦នាក់ ក្នុងនោះ មានស្រី ៨នាក់ មកពីខេត្តតាកែវ ស្វាយរៀង កំពង់ចាម និងខេត្តព្រៃវែង។ ក្រុមពលករនិយាយថា ពួកខ្លួនបានចេញពីកម្ពុជា នៅថ្ងៃទី២០ មករា ២០១៤ តាមច្រកអន្តរជាតិឡែម ខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនមួយឈ្មោះ ស៊ីស៊ីអឹម។ ក្រុមពលករបន្តថា មុនចេញពីកម្ពុជា ខាងក្រុមហ៊ុនបានសន្យាថា នឹងយកទៅធ្វើការរោងចក្របានប្រាក់ការងារ ១ថ្ងៃ ៣០០បាត និងមានការងារថែមម៉ោង ៥៦បាត ផ្សេងទៀត តែទីបំផុតពួកគាត់ទៅដល់ទីក្រុងបាងកក ត្រូវគេយកទៅឲ្យស៊ីឈ្នួលដេរតាមផ្ទៈទៅវិញ ដោយ ១ថ្ងៃ បានប្រាក់ត្រឹមតែ ១០០បាត តែប៉ុណ្ណោះ។
ពួកគេបន្តថា មិនត្រឹមតែការងារថោកទេ អ្នកខ្លះគ្មានទាំងការងារធ្វើទៀតផង ហើយការរស់នៅក៏លំបាក កន្លែងដេកមិនត្រឹមត្រូវ។ ពលករ ១ក្រុមនេះ ប្រាប់ថា ចំនួន ១០នាក់ មកពីខេត្តរ៉ាក់យ៉ង និង ៦នាក់ មកពីក្រុងថេប ប៉ុន្តែ ជាក្រុមជាមួយគ្នាកាលចាកចេញពីស្រុកខ្មែរ។ បុរសម្នាក់ឈ្មោះ សុខ អូន អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត ដែលគេដឹងថា ជាអ្នកទៅកក់សំបុត្ររថយន្តក្រុងនៅសាខាលក់សំបុត្ររថយន្តក្រុងកន្លែងកើតហេតុជំនួសពលកររងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ហៅសួរនាំផងដែរ។
ចំណែកស្ត្រីអ្នកលក់សំបុត្រនៅសាខារថយន្តក្រុង KSO ឈ្មោះយូ ស្រីនី អាយុ ២៣ឆ្នាំ និយាយថា ដោយសារបុរសខាងលើមកកក់សំបុត្ររថយន្តគាត់ចំនួន២០ ឲ្យពលករខាងលើ ទីបំផុតបែរជាក្រុមពលករគ្មានប្រាក់វិញនោះ បានធ្វើឲ្យគាត់ខាតបង់ចេញប្រាក់ទាំងស្រុងទៅឲ្យខាងក្រុមហ៊ុនរថយន្តក្រុង។ ឈ្មោះ សុខ អូន បាននិយាយថា ខ្លួនមិនមែនជាតំណាងក្រុមហ៊ុនអ្វីនោះទេ តែមានគេទូរស័ព្ទឲ្យជួយមើលពលករ និងរករថយន្តក្រុងឲ្យពលករផង។
ទោះជាយ៉ាងណាពេលនេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត បានហៅក្រុមពលករទាំងអស់ទៅសួរនាំ និងរកកន្លែងឲ្យស្នាក់នៅ ព្រមទាំងផ្ដល់ម្ហូបអាហារផងដែរ។ ជុំវិញបញ្ហាខាងលើ តំណាងក្រុមហ៊ុនស៊ីស៊ីអឹម មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចុចចូលគ្មានអ្នកទទួល៕
ចែករំលែកព័តមាននេះ