រាជធានីភ្នំពេញ ៖ បុរស ៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៤ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ រយៈពេលពី ២ ទៅ ៤ឆ្នាំ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តចំនួន ៦លានរៀល ទៅភាគីដើមបណ្តឹងរោងចក្រ ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់កុងតឺន័រលួចយកខោជិត ៦០០សម្រាប់ ដែលមានតម្លៃជាង ១៤០០០ដុល្លារ ពីរោងចក្រ Roo Hshing Garment Co,.LTD, ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីឆ្នាំមុន។
លោក ស៊ិន វិសាល ប្រធានចៅក្រមជំនុំជម្រះ បានអានសាលក្រមកាលពីម្សិលមិញថា «តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សិទ្ធិ ស៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរអ្នកបើកបររថយន្តដឹកទំនិញ និងឈ្មោះ ពុំ សុផល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ដាក់ពន្ធនាគារម្នាក់ៗ រយៈពេល ៤ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ សុខហេង ភេទប្រុស អាយុ ២៣ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទទទួលផលចោរកម្ម ព្រមទាំងបង្គាប់ឲ្យជនជាប់ចោទទាំង ៣នាក់ រួមគ្នាសងជំងឺចិត្តចំនួន ៦លានរៀល ទៅភាគីដើមបណ្តឹងរោងចក្រ»។
លោកចៅក្រម ស៊ិន វិសាល បានបន្ថែមថា «តុលាការបង្គាប់ឲ្យសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ សងថ្លៃការខូចខាតចំនួន ១៤,៤៨២ដុល្លារអាមេរិក ទៅម្ចាស់រោងចក្រ Roo Hshing Garment Co,.LTD, ដែលជាភាគីដើមបណ្តឹង»។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង ៣នាក់ ខាងលើនេះ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់កុងតឺន័រលួចយកខោជិត ៦០០សម្រាប់ របស់ក្រុមហ៊ុន Roo Hshing Garment Co,.LTD ដែលបានដាក់នៅក្នុងរថយន្តកុងតឺន័រ សម្រាប់ត្រៀមនាំចេញទៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីនំាចេញបន្តទៅក្រៅប្រទេស នៅចំណុចផ្លូវវេងស្រេង ខាងមុខផែស្ងួត សូ ងួន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២៦ មិថុនា ២០១៣។
លោក ជូ ចាន់សីក តំណាងរោងចក្រ Roo Hshing Garment Co,.LTD បាននិយាយថា នៅក្នុងការដឹកទំនិញខោមកដាក់រថយន្តកុងតឺន័រ នៅផែស្ងួត សូ ងួន នោះ រោងចក្ររបស់គាត់បានជួលសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ ជាអ្នកដឹកទំនិញ ហើយសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ បានឲ្យឈ្មោះ សិទ្ធិ ស៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកបើករថយន្ត ជាអ្នកដឹកជញ្ជូនមកដាក់កុងតឺន័រ នៅផែស្ងួត សូ ងួន ត្រៀមនាំចេញទៅកាន់សភាពអឺរ៉ុប។
ប៉ុន្តែ នៅពេលយប់ស្ងាត់ ឈ្មោះ សិទ្ធិ ស៊ីម បាននាំបក្ខពួករបស់ខ្លួនចូលគាស់យកខោអស់ចំនួន ៥៥៧សម្រាប់ និងធ្វើឲ្យរោងចក្ររបស់គាត់ខូចខាតគិតជាប្រាក់មានតម្លៃជាង ១៤០០០ដុល្លារ។ ជនជាប់ចោទទាំង ៣នាក់ និងមេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានទេចំពោះសេចក្តីសម្រេចរបស់តុលាការខាងលើនេះ កាលពីម្សិលមិញ៕
ចែករំលែកព័តមាននេះ