ខេត្តកំពង់ធំ ៖ ក្បួនរទេះគោនិងក្របីដឹកឈើមូល និងឈើអារថ្មីៗចេញពីព្រៃដូចហែកឋិនទាំងខ្សែៗ តែពុំត្រូវបានសមត្ថកិច្ច ឬស្ថាប័នណាមួយចាត់វិធានការបង្ក្រាបឡើយ និងបានធ្វើឱ្យមានមន្ទិលថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើអសមត្ថភាពទប់ស្កាត់ការចូលកាប់និងអារឈើយ៉ាងអនាធិបតេយ្យ នៅចំណុចស្នងអន ស្ថិតក្នុងឃុំមានរិទ្ធ ស្រុក
សណ្ដាន់ ។
តាមការឱ្យដឹងពីម្ចាស់រទេះដឹកឈើថា បច្ចុប្បន្នមានរទេះដឹកឈើដែលច្នៃប្រើកង់រថយន្តមានមិនតិចពី៣០ទៅ៤០គ្រឿងទេ ។ បុ៉ន្តែមុននឹងចេញមកដឹកត្រូវតែទូរស័ព្ទសុំលោកមេព្រៃ ប៉ូលិស បរិស្ថាន ប៉េអឹម និងស្ថាប័នដទៃទៀតដែរ និងមានអ្នករត់ការទៅសមត្ថកិច្ចទាំងអស់នោះផងទើបបានសុខស្រួល ។ ចំណែកពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនក្នុងមួយលើកទទួលបានកម្រៃ១៥ម៉ឺុនរៀលតែប៉ុណ្ណោះ ។ ក្រុមអ្នកស៊ីឈ្នួលដឹកឈើឱ្យដឹងថា សម្រាប់ឈ្មួញគឺគេបានអារឈើស្ដុកទុកក្នុងព្រៃ ក្រោយមកក៏ឱ្យពួកគាត់ជាអ្នកទៅដឹកចេញពីព្រៃនៅចំណុចស្នងអន ក្បែរភ្នំជី រួចបាននាំយកឈើនោះមកស្ដុកទុកនៅក្នុងភូមិស្រែព្រីង និងរង់ចាំរថយន្ដមកដឹកចេញនៅពេលយប់បន្ដ ។
ប្រភពដដែលនេះបន្ដថា នៅពេលដែលរថយន្ដរបស់ឈ្មួញមកដឹកនោះ ឈ្មួញបានយកឈើអារទាំងអស់នេះដាក់រថយន្ដយីឌុបផ្នែកខាងក្រោមដាក់ដំឡូងមី ឬស្រូវពីលើ រួចដឹកចេញមកតាមផ្លូវបាក់ស្នា ក្នុងភូមិសាស្រ្ដស្រុកបារាយណ៍ ដោយសុវត្ថិភាព ។ លោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឱ្យដឹងថា ចំពោះបញ្ហាខាងលើនេះ គឺពិតជាមានបទល្មើសមែន ហើយរូបលោកក៏បានជម្រាបរឿងនេះជូនដល់លោកអភិបាលខេត្ដរួចហើយដែរ ដើម្បីសុំគោលការណ៍ចុះបង្ក្រាប ។ លោកនាយខណ្ឌបន្ដថា កន្លងមក កម្លាំងរបស់យើងធ្លាប់បានចុះបង្ក្រាបរឹបអូស និងដុតកម្ទេចចោលអស់ជាច្រើនកន្លែងនៅចំណុចលាក់ទុកឈើក្នុងព្រៃ តែបទល្មើសនៅតែមាន ។
លោកនាយខណ្ឌនិយាយថា ចំណែកអ្នកបររទេះទាំងនោះ ពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឈើឱ្យគេយកកម្រៃតែប៉ុណ្ណោះ ។ លោកបានស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានពីអ្នកសារព័ត៌មាន ហើយលោករីករាយ និងសហការជាមួយជានិច្ច នៅពេលបានជួបនឹងបទល្មើសព្រៃឈើ សូមទូរស័ព្ទមករូបលោក លោកនឹងចាត់កម្លាំងចុះទៅបង្ក្រាបភ្លាម លើកលែងតែប្រជាពលរដ្ឋណាដែលខ្វះលំនៅឋានពិតប្រាកដអាចធ្វើសំណើសុំកាប់ឈើធ្វើផ្ទះបាន ដោយមានការឯកភាពពីមេឃុំ អភិបាលស្រុក និងអភិបាលខេត្ដ ព្រមទាំងមានគណៈកម្មការចុះត្រួតពិនិត្យជាក់ស្ដែងដល់កន្លែង ។
ប្រជាពលរដ្ឋបានស្នើដល់សមត្ថកិច្ចជំនាញមេព្រៃ និងស្ថាប័នពាក់ព័ន្ធគួរជួយគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្ដិចបន្ដួចនេះនឹងត្រូវរលាយហិនហោចដោយស្នាដៃឈ្មួញដែលជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើមួយក្ដាប់តូចជាក់ជាមិនខានឡើយ ។ មិនត្រូវឱ្យឆន្ទៈនៃការបង្ក្រាបបទល្មើសព្រៃឈើជ្រុះបាត់ ហើយទទួលលុយជំនួសឡើយ ។ សម្រាប់មន្ដ្រីខិលខូចមួយចំនួនគួរតែថ្កោលទោស ព្រោះម្នាក់ៗស៊ីប្រាក់ខែរបស់រដ្ឋ បែរជានាំគ្នាទៅកាងបទល្មើសខ្លះឈរនៅពីក្រោយខ្នងពួកឈ្មួញទាំងនោះទៅវិញ ។ ម៉្យាងទៀតបើក្រុមឈ្មួញដែលយកប្រជាពលរដ្ឋមកធ្វើជាឈ្នាន់ឱ្យចូលទៅកាប់បំផ្លាញឈើ ហើយសមត្ថកិច្ចជំនាញ និងស្ថាប័នមួយចំនួននៅពីក្រោយ រង់ចាំទទួលលាភសក្ការៈនោះ បានន័យថា ពួកខួរក្បាលខ្មូតស៊ីទាំងអស់នោះក៏ជាមេក្លោងឧក្រិដ្ឋជនបំផ្លាញព្រៃឈើដែរ ។ ចំណែកអ្នកក្រគ្មានខ្នងសំអាងឯណាដែលហ៊ានចូលទៅកាប់ព្រៃខុសច្បាប់នោះ ។
ក្រុមអ្នកវិភាគយល់ថា ឈ្មួញទុច្ចរិតមួយក្តាប់តូចបានយកប្រាក់ទៅជះឱ្យអ្នកស្រុកទើបបង្កើតបាននូវការដឹកជញ្ជូនឈើប្រៀបដូចស្រមោចជញ្ជូនគ្រាប់អង្ករដូច្នេះបាន ។ តើឈ្មួញមួយណាជាម្ចាស់ឈើ ? អាជ្ញាធរតំបន់នោះប្រាកដជាស្គាល់ ៕
ចែករំលែកព័តមាននេះ