រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាការិនីជើងខ្លាំងផ្នែកល្បុក្កតោ២រូប គឺកញ្ញាខៀវ ចិន្តារ័ត្ន និងកញ្ញាអេង ស៊ូម៉ាឡា នៅមិនទាន់បង្ហាញសមត្ថភាពក្បាច់គុនល្បុក្កតោនៅក្នុងប្រទេសបារាំងនៅឡើយទេ ដោយសារតែការប្រកួតមិនទាន់ដល់កំណត់ ។ បុ៉ន្តែពួកនាងបានបង្ហាញជំនឿចិត្តចំពោះវេទិកាសម្តែងក្បាច់គុនជាអន្តរជាតិមួយនេះ ។
កញ្ញាខៀវ ចិន្តារ័ត្ន ដែលត្រូវគេស្គាល់ថា ជានិស្សិតផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រចាំនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជាក់នៅលើ Facebook ថា ពួកនាងបានត្រៀមខ្លួនរួចរាល់ដើម្បីដណ្តើមយកមោទនភាពជាតិមួយនៅក្នុងប្រទេសបារាំង ។ បើទោះជានាងបញ្ចេញអារម្មណ៍ខឹងសម្បាដល់ក្រុមអ្នកលេង Facebook ដែលចោទថា ពួកនាងទៅបារាំងគិតតែបង្ហោះរូបដើរលេង មិនឃើញខ្វាយខ្វល់រឿងហ្វឹកហាត់ត្រៀមខ្លួន ក៏កីឡាការិនីវ័យក្មេងរូបនេះនៅតែប្រាប់ដោយការទទួលខុសត្រូវថា ពួកខ្លួនមិនដូចការចោទប្រកាន់ទេ ។ នាងបញ្ជាក់ទៅកាន់អ្នករិះគន់ថា ការបង្ហោះរូបដើរកម្សាន្តមិនមែនមានន័យថា នាងមកកាន់ប្រទេសបារាំងគិតតែពីសប្បាយនោះទេ ផ្ទុយទៅវិញ នាងនិងដៃគូទាំងអស់កំពុងពុះពារ និងប្រឹងប្រែងសម្បើមណាស់ ចាប់តាំងពីឡើងមកដល់ប្រទេសបារាំងក្នុងគម្រោងត្រៀមខ្លួនប្រកួតប្រជែងមួយនេះ ។
ដូចគ្នាដែរ កញ្ញាអេង ស៊ូម៉ាឡា ក៏បញ្ជាក់ដូចគ្នាដែរថា បើទោះជាវេទិកានោះមានបណ្តាប្រទេសដែលមានក្បាច់គុនចំណាស់ៗរហូតដល់ជាង៣០ប្រទេសចូលរួមប្រកួតប្រជែង ក៏ពួកនាងមិនបានបាក់ទឹកចិត្ត ហើយគិតតែពីដើរលេងសប្បាយដោយពុំបានគិតគូរនោះដែរ ។
បើទោះជាវេទិកានោះមិនមែនជាការប្រកួតប្រជែងយកចាញ់ឈ្នះ និងអាចនិយាយបានថា គ្រាន់តែជាវេទិកាបង្ហាញក្បាច់គុនបុរាណក្នុងន័យផ្លាស់ប្តូរវប្បធម៌គ្នា បុ៉ន្តែក្រុមតំណាងប្រទេសដែលបង្ហាញក្បាច់គុនបានល្អ ក៏នឹងទទួលបានការសរសើរ និងត្រូវគេចារឹកទុកជាម្ចាស់ក្បាច់គុនកំពូលប្រចាំឆ្នាំពីវេទិកាអន្តរជាតិនោះផងដែរ ។ អុីចឹងហើយទើបការបរាជ័យក្នុងការបង្ហាញក្បាច់គុននេះ គឺជាអ្វីដែលពួកនាងត្រូវប្រឹងចៀសឱ្យឆ្ងាយ ។ ប្រភពពីមន្ត្រីក្នុងសហព័ន្ធកីឡាល្បុក្កតោថ្លែងថា មូលហេតុដែលសហព័ន្ធសម្រេចចិត្តបញ្ជូនកីឡាការិនីទាំងពីររូបទៅកាន់ប្រទេសបារាំង គឺដោយសារតែវេទិកានោះមានការលើកទឹកចិត្តឱ្យនារីដែលចេះក្បាច់គុនបុរាណប្រចាំប្រទេសទៅបង្ហាញមុខ ។ គាប់ជួនជាយុវតីទាំងពីរមានសមត្ថភាពខ្ពស់ក្នុងប្រភេទកីឡាល្បុក្កតោ និងធ្លាប់ទទួលបានចំណាត់ថ្នាក់កំពូលក្នុងការប្រកួតប្រចាំឆ្នាំក្នុងស្រុកផង ទើបតម្រូវឱ្យពួកនាងទទួលសិទ្ធិក្នុងគម្រោងនោះ ។ កញ្ញាខៀវ ចិន្តារ័ត្ន និងកញ្ញាអេង ស៊ូម៉ាឡា បានចាកចេញពីប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែមករាដើមឆ្នាំ ដោយពួកនាងកំពុងសម្រាកហ្វឹកហាត់ និងត្រៀមខ្លួនសម្តែងក្បាច់គុនលើឆាកអន្តរជាតិនៅថ្ងៃទី១៥ កុម្ភៈខាងមុខនេះ ។
វេទិកានោះមានឈ្មោះថា “Festival Des Arts Martiaux De Bercy” ដោយមានប្រទេសចំនួន៣៤ចូលរួម និងប្រព្រឹត្តធ្វើឡើងនៅក្នុងទីក្រុង Bercy ប្រទេសបារាំងនៅពាក់កណ្តាលខែនេះ ។ ការប្រកួតនេះនឹងផ្តល់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ និងចំណាត់ថ្នាក់លើកទឹកចិត្តជាច្រើនទៀត បន្ទាប់ពីក្រុមប្រទេសទាំងអស់បូករួមទាំងកម្ពុជាផងបង្ហាញក្បាច់គុនបុរាណប្រចាំប្រទេសរបស់ខ្លួនរួចរាល់ ។ កញ្ញាខៀវ ចិន្តារ័ត្ន និងអេង ស៊ូម៉ាឡា បញ្ជាក់ថា ការស្នាក់នៅបារាំងនាអំឡុងមុនប្រកួតនេះ ពួកនាងស្ទុះស្ទា និងប្រឹងប្រែងហ្វឹកហាត់មិនដែលប្រហែសទេ ដើម្បីប្រជែងយកចំណាត់ថ្នាក់ល្អមួយក្នុងក្រសែភ្នែកបារាំង ។ ទោះយ៉ាងណា ពួកនាងមិនរំពឹងថា នឹងទទួលបានចំណាត់ថ្នាក់នាំមុខគេឡើយក្នុងចំណោមប្រទេសទាំង៣៤ ដោយសារតែបណ្តាប្រទេសភាគច្រើនគេបានបញ្ជូនកីឡាករ កីឡាការិនីច្រើននាក់ឱ្យទៅប្រកួត ព្រមជាមួយឧបករណ៍តន្ត្រីបុរាណដែលងាយនឹងធ្វើឱ្យការបង្ហាញក្បាច់គុនរបស់គេមានភាពគគ្រឹកគគ្រេងនៅលើឆាក និងទទួលបានការចាប់អារម្មណ៍ ។ មន្ត្រីប្រចាំសហព័ន្ធកីឡាល្បុក្កតោនិយាយថា នោះជាហេតុផលដែលធ្វើឱ្យការសម្តែងក្បាច់គុនបុរាណរបស់កម្ពុជាទទួលការចាប់អារម្មណ៍តិចតួច ។
បុ៉ន្តែមន្ត្រីដដែលមានជំនឿថា ជោគជ័យធំមួយដែលកីឡាការិនីយើងទទួលបានត្រឡប់មកវិញ គឺមោទនភាពដែលធ្វើឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីកីឡាល្បុក្កតោរបស់ខ្មែរ ។ យ៉ាងណាមិញ កញ្ញាខៀវ ចិន្តារ័ត្ន និងអេង ស៊ូម៉ាឡា បង្ហាញជំនឿចិត្តថា តាមរយៈការទទួលខុសត្រូវរបស់ពួកនាងក្នុងពេលកំពុងហ្វឹកហាត់នេះ ការប្រកួតទាំងមូលនឹងមិនអាចបរាជ័យ ដោយមិនទទួលបានចំណាត់ថ្នាក់អ្វីសោះត្រឡប់មកវិញនោះទេ ។ ចាំមើល តើការប្រកួតទ្រង់ទ្រាយធំដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ កុម្ភៈនោះ នឹងក្លាយជាចំណាប់អារម្មណ៍កម្រិតណាសម្រាប់ល្បុក្កតោខ្មែរ ៕
ចែករំលែកព័តមាននេះ