ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមាន នគរបាល ទាហាន ប្រជាការពារភូមិ អនុរក្ស ព្រមទាំងអាវុធហត្ថ ដែលមានចំនួនសរុបរាប់រយនាក់ និងប្រដាប់ដោយកាំភ្លើងនិងដំបងឫស្សី ត្រូវបានដាក់ពង្រាយពេញមុខបរិវេណមណ្ឌលអប់រំកែប្រែទី៣ នាព្រឹកថ្ងៃទី៤ កុម្ភៈ ។
ការដាក់ពង្រាយនេះ គឺក្នុងលក្ខណៈប្រុងជើងការជាស្រេច ដើម្បីទប់ទល់នឹងបាតុភាពអសកម្មណាមួយផ្ទុះឡើង គ្រាដែលលោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ ដឹកនាំសហការី មានសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រជិត២០នាក់ ចុះទៅសួរសុខទុក្ខក្រុមបាតុករ២៣នាក់ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាប់ព្រំដែនប្រទេសវៀតណាម ។
ស្ត្រីកូនខ្ចីម្នាក់ឈ្មោះ វ៉ាន់ មលិកា អាយុ២៦ឆ្នាំ រស់នៅភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន បានឱ្យដឹងថា នៅពេលដែលនាងមានផ្ទៃពោះឆ្លងទន្លេនៅភូមិរបស់ខ្លួន ប្តីឈ្មោះ ប៉ោ សារ៉ាត់ អាយុ២៦ឆ្នាំ បានធ្វើដំណើរពីស្រុកកោះសូទិនទៅរាជធានីភ្នំពេញ ដើម្បីប្រកបរបរយាមកង់ម៉ូតូយកប្រាក់ដោះស្រាយជីវភាព និងបានជួលផ្ទះគេស្នាក់នៅម្តុំកើតមានផ្ទុះបាតុកម្មនាពេលកន្លងមក ។ ក្នុងពេលដែលមានបញ្ហាកើតឡើង ប្តីរបស់នាងកំពុងនៅក្នុងបន្ទប់ផ្ទះជួល លុះពេលមានផ្ទុះហិង្សា ក្រុមបាតុករបានរត់គេចចូលមកសម្ងំនៅក្នុងផ្ទះដែលប្តីនាងជួលស្នាក់នៅនោះ ។
ស្ត្រីរូបនោះបន្តថា បន្ទាប់មកសមត្ថកិច្ចបានចូលមកចាប់ទាំងបី្តនាង និងបាតុករយកមកដាក់នៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ហើយនៅព្រឹកថ្ងៃទី៤ កុម្ភៈ នាងបានទិញម្ហូបអាហារដើម្បីយកទៅឱ្យប្តីទាំងពកូនតូច២ខែផង តែឆ្មាំពន្ធនាគារមិនអនុញ្ញាតឱ្យចូលជួបឡើយ ។ ចាប់តាំងពីប្តីជាប់ឃុំមក នាងបានមកជួបលើកមុនបានម្តង ដោយសុខភាពធម្មតាមិនមាននរណាវាយធ្វើបាបទេ តែសម្រាប់នាងពិបាកណាស់ ព្រោះមិនមាននរណាជួយមើលថែទាំកូនដិតដល់ឡើយ ហើយនាងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាដោះលែងប្តីឱ្យបានឆាប់ៗ ក្នុងពេលខាងមុខដោយក្តីអនុគ្រោះ ។
លោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា រូបលោកបានដឹកនាំសមាជិក-សមាជិកាព្រឹទ្ធសភាចំនួន៦រូប និងតំណាងរាស្ត្រចំនួន១៤រូប រួមនឹងក្រុមគ្រួសាររបស់អ្នកជាប់ឃុំទាំង២៣នាក់ ដើម្បីមកសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា ត្រីខកំប៉ុង ទឹកដោះគោ មុង និងរបស់របរផ្សេងៗទៀត រួមនឹងថវិកាក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល តែអនុរក្សមិនអនុញ្ញាតឱ្យចូលទៅជួបទេ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ។ រូបលោកមិនដឹងថា តើអ្នកទាំងនោះមានការថែទាំដិតដល់ដែរឬអត់ ហើយការមកនេះមិនមែនដើម្បីតតាំងជាមួយនឹងសមត្ថកិច្ចណាមួយទេ ។
លោក ទៀ សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ និយាយថា អ្នកទោសដែលកំពុងជាប់ឃុំ មានទាំងអស់ចំនួន១.៥០០នាក់ ហើយសម្រាប់អ្នកទោស២៣នាក់ ដែលបានបញ្ជូនមកពីរាជធានីភ្នំពេញនោះ ក្នុងនោះមានឈ្មោះ វន ពៅ ផងដែរ មានសុខភាពធម្មតា ហើយប្រពន្ធគាត់ក៏បានមកជួបជាហូរហែដែរ នាពេលកន្លងមក ។ ចំពោះលោកតំណាងរាស្ត្រ សុន ឆ័យ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅជួបអ្នកទោសក្នុងពន្ធនាគារនោះទេ ឱ្យនៅតែខាងក្រៅរបងប៉ុណ្ណោះតាមបញ្ជាថ្នាក់លើ ។ លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត មានប្រសាសន៍កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ ថា រូបលោកដឹកនាំកម្លាំងចុះទៅដល់មណ្ឌលអប់រំកែប្រែទី៣ត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ មិនមានហិង្សាណាមួយកើតឡើងនោះទេ ៕
ចែករំលែកព័តមាននេះ