ខេត្តកំពង់ស្ពឺ ៖ នៅក្នុងលិខិតបញ្ជាក់មួយច្បាប់របស់លោកមេឃុំរស្មីសាមគ្គីចុះថ្ងៃទី២ កុម្ភៈ បានឱ្យដឹងថា ឈ្មោះហៀង សុផល ហៅក្រឹម ជាទាហានចារកិច្ច និងឈ្មោះឡាយ យ៉ានីជាទាហានជើងគោក បាននាំគ្នាដាក់កុងត្រូលនៅចំណុចស្ទឹងដូនពេញ ស្ថិតក្នុងឃុំរស្មីសាគ្គី ស្រុកឱរា៉ល់ ដោយបានយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើដូចជាអុស ធ្យូង ជាដើម ហើយនៅពេលសមត្ថកិច្ចក៏ដូចជាអាជ្ញាធរឃុំទៅដល់គឺក្រុមមនុស្សទាំងនោះរត់គេចខ្លួនអស់ ។
នៅក្នុងលិខិតដដែលក៏បានបញ្ជាក់ទៀតថា ក្រុមមនុស្សខាងលើមិនត្រឹមតែដាក់កុងត្រូលធ្វើឱ្យអាជ្ញាធរឈឺក្បាលនោះទេ គឺថ្មីៗនេះពួកគេបានដើរប្រមូលប្រជាពលរដ្ឋនាំគ្នាទៅចាប់យកដីរបស់ក្រុមហ៊ុនហ្គ្រេនឌីស ដែលជាក្រុមហ៊ុនទទួលសិទ្ធិវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាលទៀតផង ។ ពាក់ព័ន្ធនឹងបញ្ហានេះលោកយឿង ភឿន មេឃុំរស្មីសាមគ្គីបានឱ្យកោះសន្តិភាពដឹងបន្ថែមថា បុគ្គលទាំងពីរនាក់ខាងលើពិតដាក់កុងត្រូលជំរិតទារប្រាក់ពីបងប្អូនប្រជាពលរដ្ឋដែលរកស៊ីដឹកអុសធ្យូងប្រាកដមែន ហើយលោកក៏សូមបដិសេធទាំងស្រុងចំពោះបញ្ហាដែលបុគ្គទាំងពីរនាក់នេះអះអាងថាខ្លួនមានដីនៅចំណុចខាងលើ ។ លោកមេឃុំក៏បានស្នើដល់សាមីអង្គភាពនិងស្ថាប័នពាក់ព័ន្ធ សូមមេត្តាមានវិធានការចំពោះបុគ្គលទាំងពីរនាក់ខាងលើនេះផង កុំឱ្យចេះតែដើរយកតួនាទីមកប្រព្រឹត្តអំពើបែបនេះទៀត ព្រោះវាជះឥទ្ធិពលមិនល្អដល់អ្នកដែលស្អាតស្អំ ។
កោះសន្តិភាពបានព្យាយាមទាក់ទងទៅលោកហៀង សុផល និងលោកឡាយ យ៉ានី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះដែរ តែមិនអាចទាក់ទងបាន ៕
ចែករំលែកព័តមាននេះ