ខេត្តបាត់ដំបង ៖ ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខកាប់នឹងពូថៅបណ្ដាលឲ្យស្លាប់នៅក្បែរគុម្ពោតព្រៃខាងក្រោយភូមិទូលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ហើយត្រូវសាច់ញាតិប្រទះឃើញសពកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ កុម្ភៈ ដែលសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្មដោយគំនុំ ។ អធិការនគរបាលស្រុកបាណន់លោក ប៊ុត សំបូរ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះហូ ហួច អាយុ៤២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ-ឃុំខាងលើ ។ លោកនិយាយថា ស្រ្តីរងគ្រោះបានបាត់ពីផ្ទះតាំងព្រឹកថ្ងៃនោះក្រោយពីគាត់ដឹកគោទៅចងឲ្យស៊ីស្មៅនៅខាងក្រោយភូមិ ។
លោក ប៊ុត សំបូរ បានបញ្ជាក់ថា សាច់ញាតិជនរងគ្រោះជាអ្នកប្រទះឃើញសាកសពស្រ្តីរូបនេះដែលគ្របចំបើងក្បែរគុម្ពោតព្រៃ បន្ទាប់ពីនាំគ្នាស្វែងរកជាច្រើនម៉ោង ។ សពមានស្នាមរបួសត្រង់កញ្ចឹងកផ្នែកខាងក្រោយដូចស្នាមកាប់និងពូថៅហើយសមត្ថកិច្ចជំនាញកំពុងធ្វើការត្រូតពិនិត្យ ។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានបំភ្លឺប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃកើតហេតុថា ឈ្មោះហូ ហួច បានបាត់មិនឃើញត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានដឹកគោទៅចងឲ្យស៊ីស្មៅនៅខាងក្រោយភូមិដែលជាទម្លាប់របស់គាត់ ។ ប្រភពដដែលថា ពេលដែលមិនឃើញកូនស្រីនៅផ្ទះ នៅវេលាថ្ងៃត្រង់ម្ដាយជរារបស់គាត់ បានដើរសួរអ្នកជិតខាងរកកូន តែគ្មានអ្នកណាបានដឹងឡើយ ។ គ្រានោះក្រុមគ្រួសារ និងអ្នកជិតខាងក៏បាននាំគ្នាដើររក លុះនៅថ្ងៃរសៀលថ្ងៃដដែល ទើបប្រទះឃើញគាត់ដេកស្លាប់ក្បែរគុម្ពោតព្រៃដែលមានគ្របចំបើងផងក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដែរ ។
ជុំវិញការស្លាប់របស់ស្រ្តីខាងលើនេះមិនមានប្រភពណាមួយបានដឹងពីមូលហេតុ ឬដឹងពីប្រវត្តិខ្លះៗដែលពាក់ព័ន្ធជាមួយស្រ្តីរូបនេះទេ ។ ប៉ុន្តែគេគ្រាន់តែដឹងថា ស្រ្តីរងគ្រោះមានប្ដីនិងកូនប្រុសស្រី៣នាក់ តែប្ដីនិងកូនស្រី២នាក់បានធ្វើចំណាកស្រុកទៅធ្វើការងារប្រទេសថៃ ។ រីឯស្រ្តីរងគ្រោះបានស្នាក់នៅជាមួយកូនប្រុស និងម្ដាយចាស់ជរាម្នាក់នៅផ្ទះ ។ ការស្លាប់របស់ស្រ្តីរូបនេះគ្មានប្រភពណាមួយបង្ហើបឲ្យដឹងឲ្យប្រាកដនោះទេ ដោយប្រភពខ្លះគ្រាន់តែបង្ហើបថា គេឃើញមួយរយៈនេះស្រ្តីរងគ្រោះហាក់ដូចជាតុបតែងខ្លួនចម្លែកខុសប្រក្រតី តែគេមិនបានពន្យល់លម្អិតអំពីបញ្ហានេះទេ ។ លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តក៏មិនទាន់បង្ហាញការពិតអំពីសំណុំរឿងនេះដែរ ដោយលោកគ្រាន់តែធ្វើការសន្និដ្ធានជាបឋមថា ការស្លាប់របស់ស្រ្តីខាងលើអាចជាករណី«ឃាតកម្មដោយគំនុំ» ។ លោកបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យរបស់មន្រ្តីនគរបាលផ្នែកបច្ចេកទេស និងគ្រូពេទ្យជំនាញស្រ្តីរងគ្រោះត្រូវជនដៃដល់ប្រើពូថៅកាប់ពីក្រោយចំកញ្ចឹងកចំនួន២ពូថៅ តែមិនមែនជាករណីរំលោភហើយសម្លាប់នោះទេ ហើយក្រោយពីសម្លាប់ជនដៃដល់បានយកចំបើងគ្របពីលើដើម្បីបិតបាំង។
លោក ជេត វណ្ណនី បានបញ្ជាក់បន្ថែមថា យើងគ្រាន់តែធ្វើការសន្និដ្ឋានជាបឋមតែប៉ុណ្ណោះហើយក៏មិនទាន់វាយតម្លៃបែបណាចំពោះមុខសញ្ញាជនប្រព្រឹត្តនោះដែរ ព្រោះកម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត និងសាកសួរព័ត៌មាននានាពីក្រុមគ្រួសារជនរងគ្រោះ និងសាក្សីមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ