ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​​ទស្សន​កិច្ច​​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អង់​គ្លេស​ ខណៈ​​បញ្ហា​នយោ​បាយ​​នៅ​កម្ពុជា​បន្ត​ចម្រូង​ចម្រាស

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ មករា នៅ​ទី​ស្តី​ការ​ក្រសួង​ លោក Hugo Swire អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រ​ភព​អង់​គ្លេស​ ចង់​ដឹង​ការ​ពិត​អំពី​ព្រឹត្តិ​ការណ៍​បាតុ​កម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃទី​២-៣​ មករា​​កន្លង​មក​។​

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ មករា នៅ​ទី​ស្តី​ការ​ក្រសួង​ លោក Hugo Swire អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រ​ភព​អង់​គ្លេស​ ចង់​ដឹង​ការ​ពិត​អំពី​ព្រឹត្តិ​ការណ៍​បាតុ​កម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃទី​២-៣​ មករា​​កន្លង​មក​។​

លោក​​កុយ គួង​ អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​ប្រាប់​ឱ្យដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​នា​ឱកាស​នោះ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ជូន​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រ​ភព​អង់​គ្លេស​អំពី​បក្ស​ប្រឆាំង​ ដែល​តែងតែ​ធ្វើ​បាតុ​កម្ម​បង្ក​ចលា​​ចល​ក្នុង​សង្គម​កម្ពុជា​កន្លង​មក​នេះ​ ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​រំលឹក​អំពីសេចក្តី​ថ្លែង​ការណ៍​ផ្សេងៗ​របស់​បក្ស​ប្រឆាំង​ ដែល​បាន​ធ្វើ​មុន​ថ្ងៃ​បោះ​ឆ្នោត​នៅថ្ងៃទី​២៨​ កក្កដា​ ២០១៣​​ កន្លង​មក​ ដែល​ពេល​​នោះ​បក្ស​ប្រឆាំងបាន​លើក​ឡើង​ថា​ គេ​ចូល​រួម​ការ​បោះឆ្នោត​ បុ៉ន្តែគេ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ទេ ។​

​ចំពោះ​បញ្ហា​នេះ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​លើក​សំណួរ​ទៅ​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ចក្រ​ភព​អង់​គ្លេស​ទៅ​វិញ​ថា​ តើ​គេ​មាន​ន័យ​ថា​យ៉ាង​ម៉េច?​ គឺមាន​​ន័យ​ថា​ គេចង់​តែ​ពី​រឿង​ឈ្នះ​ បើ​ចាញ់​ គឺ​អត់​ទទួល​ស្គាល់​លទ្ធ​ផល​ទេ​ តែ​បើ​ឈ្នះ​បាន​ទទួល​ស្គាល់ ។​ ដូច្នោះ​ហើយ​ រឿង​បាតុ​កម្ម​កន្លង​មក​នេះ​ គឺ​អ្វីៗ​ទាំង​អស់​គេបាន​ដឹង​ជា​មុន​​ បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​គឺ​មិន​អី​ទេ​ តែ​បើ​បក្ស​នោះ​ចាញ់​ គឺច្បាស់​ជា​មាន​រឿង​ដូច្នេះ​ហើយ​ ។ គេបាន​ថ្លែង​ពី​ឆន្ទៈ​របស់​គេ​ពិតប្រាកដ​មុន​ការបោះ​ឆ្នោត​ទៅ​ទៀត​ គឺ​គេ​បាន​ធ្វើ​យុទ្ធ​នា​ការ​យ៉ាង​សកម្ម​ ស្វាហាប់​ ពុះ​កញ្ជ្រោល​នៅ​តាម​តំបន់​​ផ្សេងៗ​​ បាន​សេចក្តី​ថា​ គេ​ចង់​ឈ្នះ​ដោយ​អត់​មាន​អ្នក​ណា​រំខាន​គេ​ទេ​ នេះ​ហើយ​សេរី​ភាព​ខ្លាំង​ណាស់ ។​

ចំពោះ​គណបក្ស​ប្រជាជន​ បាន​ធ្លាក់​កៅអី​ពី​៩០​មក​ដល់​៦៨​ ឯ​គណបក្ស​សង្គ្រោះជាតិ​គេ​បាន​កើន​យ៉ាង​ច្រើន ។​ ផ្ទុយ​ទៅ​វិញ​ គេ​អត់​ព្រម​ចូល​រួមប្រជុំ​សភាទេ​ ទោះ​បី​ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​​ ព្រះ​អង្គ​ទ្រង់​កោះ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​យ៉ាងណា​ក៏​ដោយ ។​ រហូតមក​ដល់​ពេល​នេះ​ គណ​បក្សប្រជាជន​នៅតែ​បើក​ទ្វារ​ចំហ​ជា​និច្ច​ ដើម្បី​ចរចាគ្នា​អំពី​កំណែ​ទម្រង់​ផ្សេងៗ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ទាម​ទារ​នេះ ។​

នៅ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ គឺ​គេធ្វើ​បាតុ​កម្ម​ ធ្វើ​ជា​ច្រើន​ខែ​ ចំណែក​រាជ​រដ្ឋាភិបាល​ក៏​អនុញ្ញាតដែរ​ ឱ្យ​តែ​បាតុ​កម្ម​នោះ​ដោយ​សន្តិ​វិធី​ គោរពច្បាប់​ មិ​នត្រឹម​តែ​ធ្វើ​បាតុ​កម្ម​បុ៉ណ្ណោះ​ទេ​ បក្សប្រឆាំង​គេ​ហ៊ាន​រហូត​បោះ​ជំរំ​នៅ​ទីលានប្រជាធិបតេយ្យ​រាប់​សប្តាហ៍​ទៀត​ដូច​គេ​បាន​គ្រោង​ទុក ។​ ក្នុងករណី​នេះ​ រាជ​រដ្ឋាភិ​បាល​ក៏​នៅ​តែ​អនុ​គ្រោះ​ ឱ្យ​តែ​គេ​គោរព​ច្បាប់​ដោយ​សន្តិ​វិធី​ ហើយ​កុំ​ឱ្យ​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ ។​

បុ៉ន្តែ​ជា​អកុសល​ បាតុ​កម្ម​នោះ​ចេះ​តែ​បន្ត​ទៅ​ ហើយ​រាជ​រដ្ឋាភិ​បាល​ចេះ​តែ​អនុញ្ញាត​ឱ្យ​គោរពតាមច្បាប់​ដោយ​សន្តិ​វិធី​ ស្រាប់​តែ​ព្រឹត្តិ​ការណ៍​នៅ​ថ្ងៃទី​២​ និងទី​៣​ មករា​ កន្លង​មក​នេះ​ ពួកគេ​ឈាន​ពី​សន្តិ​វិធី​ទៅ​ដល់​ភាព​ហិង្សា​ បក្ស​ប្រឆាំង​ឈានទៅ​ដល់​ការ​ញុះ​ញង់​ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ទ្រព្យ​សម្បត្តិ​ឯក​ជន​ ក្រុម​ហ៊ុន​ ផ្ទះប្រជាជន​នៅតាម​ដង​ផ្លូវ ​បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ ។ មិន​ត្រឹមតែ​បុ៉ណ្ណោះ​ បក្ស​​ប្រឆាំង​បាន​ញុះ​ញង់​កម្មករ កម្មការិនី​នៅ​ធ្វើ​ការ​តាម​រោងចក្រ​នានា​​ឱ្យ​មក​រួមចំណែក​ធ្វើ​អំពើ​ហិង្សា​ផ្សេងៗ ។​
ដូច្នេះ​អំពើ​ទាំង​នេះ​រាជ​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ទេ​ ។ ត្រង់​ចំណុច​នេះ​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ បាន​បង្ហាញ​ច្បាប់​នៃ​ការ​ធ្វើ​បាតុ​កម្ម​ដល់​លោក Hugo Swire នូវ​មាត្រា​ដែល​​អនុញ្ញាត​ដោយ​ការ​គោរព​ច្បាប់​ និងដោយ​សន្តិ​វិធី ។​

បុ៉ន្តែត្រង់​មាត្រា​មួយ​មិន​អនុញ្ញាត​បាន​ទេ​ គឺ​នៅ​ពេល​ដែល​បាតុ​កម្ម​នោះ​ឈានទៅ​ដល់​អំពើ​ហិង្សា​ បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ស្លាប់​ជីវិត​មនុស្ស​ គឺត្រូវតែ​ផ្អាក ។​ ដូច្នេះ​រាជ​រដ្ឋាភិ​បាល​មិន​បាន​បញ្ឈប់​ឱ្យ​ធ្វើ​ទេ​ គ្រាន់​តែ​ផ្អាក​ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ ព្រោះ​ច្បាប់​បាន​​ចែង​ថា បើ​បាតុ​កម្ម​ប្រែ​ក្លាយ​ទៅជា​អំពើ​ហិង្សា គឺត្រូវ​តែ​ផ្អាក​សិន ។​ ដូច្នោះ​នៅ​ពេល​នេះ​ គឺគ្រាន់​តែ​​ផ្អាក​ទេ​ ផ្អាក​រហូតដល់​ស្ថាន​ការណ៍​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ គាត់​នឹង​អាច​​ប្រើ​សិទ្ធិ​ធ្វើ​បាតុ​កម្ម​បន្ត​ទៀត​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ។​

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កែទម្រង់​ផ្សេងៗ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​លើក​ឡើង​ លោក​​ឧបនាយករដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ មាន​ប្រសាសន៍​ថា​ យល់​ស្រប​ជា​និច្ច​ តែ​សុំ​ឱ្យ​ពួកគេ​មាន​ការ​កែទម្រង់​នៅ​ក្នុង​សភា​ មិន​មែន​ទាម​ទារ​ឱ្យ​កែ​ទម្រង់​តាម​របៀប​នៅតាម​ដង​ផ្លូវ​ទេ ឱ្យ​ចូល​​មក​ប្រជុំ​ដើម្បី​ជជែក​គ្នា…​ ព្រោះ​ការ​កែ​ទម្រង់​ផ្សេងៗ​ដូចជា​ ឱ្យ​មាន​ការបោះ​ឆ្នោត​សា​​ជា​ថ្មី​ ទាម​ទារ​ឱ្យ​បោះ​ឆ្នោត​មុន​អាណត្តិ…​ ទាំង​​នេះ​គឺ​តម្រូវ​ឱ្យ​មាន​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ ។ ការ​កែ​រដ្ឋ​ធម្មនុញ្ញ​គឺត្រូវ​មាន​ការ​ជជែក​គ្នា​នៅ​ក្នុង​សភា​ មិន​មែន​នៅតាម​ចិញ្ចើម​ថ្នល់​ទេ ព្រោះ​ច្បាប់​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​មិន​អាច​រំលាយ​សភា​មុន​៥​ឆ្នាំ​បាន​ទេ​ ធ្វើ​ម៉េច​ឱ្យ​ចប់​៥​ឆ្នាំ​ ទើប​អាច​បោះ​ឆ្នោត​ឡើងវិញ​បាន​ ។ បើ​ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ឬ​បោះ​ឆ្នោត​ឡើង​វិញ​នោះ គឺវា​ទាល់​តែ​ប្រជុំ​ក្នុង​សភា​ជជែក​គ្នា​ ត្រូវ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ ត្រូវ​តែ​ចូល​សភា​ជជែក​គ្នា ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​គូសបញ្ជាក់​ថា​ ត្រូវ​ចូល​ក្នុង​សភាប្រជុំ​ជជែក​ពិភាក្សា​ មិន​មែន​ទៅ​ស្រែក​តាម​ចិញ្ចើម​ថ្នល់​ទាមទារស្រេច​តែ​ចិត្ត​បាន​ទេ ព្រោះ​ត្រូវ​តែ​គោរព​ច្បាប់​ទាំង​អស់​គ្នា ។​ លោក​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​ចក្រ​ភព​អង់​គ្លេស​ បាន​អញ្ជើញ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង ទៅ​ប្រទេស​អង់​គ្លេស​នៅ​ពេល​ខាង​​មុខ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អង់​គ្លេស​បាន​ផ្តើម​​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​ថ្នាក់​ពិភព​លោក​ មានប្រទេស​ប្រមាណ​១៤០​ ចូលរួម​ស្តី​អំពី​ការបញ្ចប់​អំពើ​ហិង្សា​ផ្នែក​ផ្លូវភេទ ។​ ជា​ការ​ឆ្លើយតប​ លោក​ឧបនាយក​រដ្ឋ​​មន្ត្រី​ សូម​ធ្វើ​ការពិចារណា​អំពី​លទ្ធភាព​នៃ​ការ​ចូល​រួម​នេះ ។​

លោក​អនុរដ្ឋ​មន្ត្រី​ការបរទេស​ និង​ជា​សមា​ជិក​សភា​អង់​គ្លេស​ លោក Hugo Swire បាន​មក​ដល់​កម្ពុជា​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០ មករា​​កន្លង​មក​នេះ​ ដើម្បី​ផ្តើម​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា ។​ តាម​គម្រោង​គឺ​ចាប់​ពីម៉ោង​៩​ព្រឹក​ថ្ងៃទី​៣១ មករា​ លោក​អនុ​រដ្ឋ​មន្ត្រី​ការបរទេស Hugo Swire នឹង​ជួប​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​កម្ពុជា​ ។ នៅ​ពេល​បាយ​ថ្ងៃត្រង់​ជួប​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹក​នាំ​ដោយ​លោក​កឹម សុខា​ ហើយ​នៅ​ពេល​រសៀល​ថ្ងៃទី​៣១ មករា​ លោក Hugo Swire នឹង​ជួប​ជា​មួយ​សម្តេចតេជោ​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ។​

កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នារវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​ ដែល​ជា​មេ​ដឹកនាំ​គណ​បក្សប្រជាជន​កម្ពុជា​ និង​​មេដឹ​កនាំ​គណបក្ស​សង្គ្រោះជាតិ ជា​មួយ​អនុរដ្ឋ​មន្ត្រី​ការបរទេស​អង់​គ្លេស​ Hugo Swire នៅថ្ងៃទី​៣១​ មករា​ នឹង​ពិភាក្សា​លើ​ប្រធានបទ​រួម គឺ​ស្ថាន​ការណ៍​នយោ​បាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែល​មិន​ទាន់​មាន​ការ​ស្រុះ​ស្រួល​គ្នា​នៅ​ឡើយ ហើយ​បន្ត​អូស​បន្លាយ​​ ។​

គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក​យ៉ែម​ បុញ្ញ​ឫទ្ធិ ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរ​ជាតិ​ដក​ស្រង់​​សម្តី​ថា ក្នុង​ជំនួប​នា​ពេល​បាយ​ថ្ងៃ​ត្រង់​ចន្លោះ​ពីម៉ោង​១២ទៅ​ម៉ោង​១​រសៀល​ ថ្ងៃទី​៣១​ មករា​ រវាង​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​​នាំ​ដោយ​លោក​កឹម សុខា​ ជា​មួយ​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​លើក​ឡើង​ឱ្យ​រដ្ឋាភិ​បាល​អង់​គ្លេស​បាន​ដឹងពី​ការ​មិន​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ការ​បង្ក្រាប​បាតុ​កម្ម​របស់​កម្មករ​ និងប្រជាពលរដ្ឋ​ដោយ​អំពើ​ហិង្សា​ ការ​បិទ​សិទ្ធិ​សេរី​ភាព​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​ ការ​រំខាន​ការ​ធ្វើ​នយោ​បាយ​មិន​ស្មើ​មុខគ្នា​ និង​ការ​រំលោភ​ដី​ធ្លី​ ដែល​នៅ​តែ​បន្ត​កើត​មាន​នា​ពេល​ថ្មីៗ​នេះដូច​ជា​ នៅខេត្ត​កោះ​កុង​ និងខេត្ត​រតន​គិរី​ជា​ដើម ។​

អំពី​ស្ថាន​ការណ៍​នយោ​បាយ​វិញ​ត្រូវ​បាន​លោក​យ៉ែម​ បុញ្ញឫទ្ធិ​ លើក​ឡើង​ថា​ អ្នក​នយោ​បាយ​ខ្មែរ​និងខ្មែរ​អាច​ជជែក​ដោះ​ស្រាយ​គ្នាបាន​ ដោយ​គ្រាន់​តែ​មាន​សុច្ឆន្ទៈ​ពិតប្រាកដ​ ។​ រី​ឯ​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​ គ្រាន់តែ​ចង់​ជម្រាប​ជូន​ដល់​រដ្ឋាភិបាល​អង់​គ្លេស​ឱ្យ​បានដឹង​ពីស្ថាន​ការណ៍​ពិត​​ពី​បញ្ហា​នយោ​បាយ​ និង​បញ្ហាសង្គម​នៅ​កម្ពុជា​បុ៉ណ្ណោះ ។​ បុ៉ន្តែ​សម្រាប់​លោក​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថ្លែង​ថា​ ដំណើរទស្សន​កិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​របស់​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស​ ជា​ដំណើរ​ទស្សន​កិច្ច​ដែល​ផ្តោត​សំខាន់​ដើម្បី​ជំរុញ​ និង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិ​ការវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ចក្រ​ភព​អង់​គ្លេស។​

លោក​កុយ គួង​ បញ្ជាក់​ថា​ ស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​ ដូច​​អ្វីដែល​សម្តេច​តេជោ​ ហ៊ុន សែន​ លើក​ឡើង​រួច​មក​ហើយ​ គឺ​កម្ពុជា​មិន​ពឹង​​ពាក់​បរទេស​ឱ្យ​ជួយ​ដោះ​ស្រាយ​ទេ ។​ ក្នុង​នោះ​ទាំង​រាជ​រដ្ឋាភិបាល​ និងទាំង​រដ្ឋ​សភា​នា​ពេល​នេះ​​ដំណើរការ​ជា​ប្រក្រតី​គ្រប់​ស្ថាប័ន​ទាំង​អស់​ ព្រោះ​ស្ថាប័ន​ជាតិ​ទាំង​អស់​នោះ​កើត​ឡើង​ដោយ​​ស្រប​ច្បាប់​ ដោយ​ឆន្ទៈ​រាស្ត្រ​ ដូច​តាម​សំឡេង​ឆ្នោត​បាន​បង្ហាញ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៣ ៕