រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូស១គ្រឿងត្រូវភ្លើងឆេះក្រោយពីបានរេចង្កូតទៅបុករថយន្តទេសចរណ៍២៥កៅអី ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង ។ មុនពេលឆេះចេញជាអណ្តាតភ្លើង រថយន្តនេះបានបោកផ្ទុបនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ធ្វើឱ្យឆ្លងចរន្ត ទើបឆាបឆេះសន្ធោសន្ធៅតែម្តង ។ ក្រោយពេលអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់មួយគ្រឿង ទើបអណ្តាតភ្លើងបានរលត់ទៅវិញ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា នៅចំណុចមុខវិទ្យាល័យជា សីុម សាមគ្គី លើកំណាត់ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ប្រភពព័ត៌មានពីសាក្សីឃើញផ្ទាល់ភ្នែកនៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញរថយន្តមា៉កតូយ៉ូតាព្រូស ពណ៌ស បិទស្លាកលេខបណ្តោះអាសន្ន 1287 បើកបរពីត្បូងទៅជើង ចំណែករថយន្តទេសចរណ៍២៥កៅអី ពណ៌ស បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើតហេតុមុខវិទ្យាល័យជា សីុម សាមគ្គី មិនមានរបាំងថ្មពុះចែកផ្លូវទេ ស្រាប់តែរថយន្តតូយ៉ូតាព្រូស បានរេចង្កូតទៅបុករថយន្តទេសចរណ៍ពេញទំហឹងចំពីមុខចំហៀងខាងឆ្វេង និងជ្រុលទៅបោកនឹងគូទរថយន្តទួរីសថែមទៀត បណ្តាលឱ្យរថយន្តតូយ៉ូតាព្រូសវិលខ្ញាល់ទៅបោកផ្ទុបនឹងរបាំងថ្មពុះចែកផ្លូវដែលនៅជិតនោះបាក់អស់៣កង់ បណ្តាលឱ្យរថយន្តខូចខាតមួយកំណាត់មុខយា៉ងដំណំ ចំណែករថយន្តទេសចរណ៍ដាច់កាឡេកង់មុខចំហៀងខាងឆ្វេងដែរ ។
ស្របពេលជាមួយគ្នានោះ ខណៈពេលសមត្ថកិច្ចកំពុងតែទៅធ្វើការវាស់វែង ស្រាប់តែរថយន្តតូយ៉ូតាព្រូសនោះឆ្លងចរន្តឆេះហុយផ្សែងចេញពីគូទក្រោយ ហើយក៏ឆាបឆេះសន្ធោសន្ធៅតែម្តង បើទោះបីប្រជាពលរដ្ឋជិតខាងតទុយោទឹកបាញ់ពន្លត់ក៏អត់រលត់ដែរ ទើបបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំការនៅខណ្ឌទួលគោកជិតកន្លែងកើតហេតុ ចេញទៅបាញ់ពន្លត់អស់មួយគ្រឿង ទើបរលត់ទាំងស្រុង ។
រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយ ។ ការបើកបរនៅពេលយប់ម្ចាស់យានយន្តភាគច្រើន តែងបានប្រើប្រាស់ល្បឿនហួសកំណត់ ហើយបើមានការបុកឬប៉ះទង្គិចគ្នានោះ ច្រើនតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ