ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ប្រុស​ស្រី​ចំនួន​៣នាក់​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ដោយ​ការ​ផ្ទុះ​គ្រាប់​៦០ម.ម

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ក្មេងប្រុសស្រី​៣​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ត្បាល់​ប្រភេទ​៦០​មីល្លីម៉ែត្រ​មួយ​គ្រាប់​ កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ មករា​ នៅ​ចំណុច​ត្រពាំង​ត្រដោក​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង​ ខណៈ​ក្មេង​ទាំង​៣​នាក់​នោះទៅ​ឃ្វាល​គោ​ ហើយ​រើស​យក​គ្រាប់​ពុំ​ទាន់​ផ្ទុះ​នោះ​មក​ដំ​លេង ។​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ក្មេងប្រុសស្រី​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ត្បាល់​ប្រភេទ​៦០​មីល្លីម៉ែត្រ​មួយ​គ្រាប់​ កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ មករា​ នៅ​ចំណុច​ត្រពាំង​ត្រដោក​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង​ ខណៈ​ក្មេង​ទាំង​៣​នាក់​នោះទៅ​ឃ្វាល​គោ​ ហើយ​រើស​យក​គ្រាប់​ពុំ​ទាន់​ផ្ទុះ​នោះ​មក​ដំ​លេង ។​

លោក​ប៉ាល់​ ជឿន​ អធិការ​នគរបាល​ស្រុក​កំពង់​លែង​បាន​ឱ្យ​ដឹង​ថា​ កុមារ​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន​ ១-​ឈ្មោះ​ បឿន​ ចាន់​ដេន ភេទ​ប្រុស​ អាយុ​១០​ឆ្នាំ​ រស់​នៅ​ភូមិ​ពាមទន្លា​ ឃុំ​កំពង់​ហៅ ​ស្រុក​កំពង់​លែង​ ២-​ឈ្មោះ​ នុត ធីតា​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ និង​៣-​ឈ្មោះ​ នុត វណ្ណា​ ភេទ​ប្រុស អាយុ​៨​ឆ្នាំ គេទាំង២​នាក់​ជា​បង​ប្អូន​បង្កើត​នឹងគ្នា រស់​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង ។​ មុន​ពេល​កើត​ហេតុ​ ពួកគេទាំង​៣​នាក់​បានទៅ​ឃ្វាល​គោ​នៅ​ចំណុច​ខាង​លើ​ ហើយ​ក៏​បាន​រើស​គ្រាប់​កាំ​ភ្លើង​ត្បាល់​ប្រភេទ​៦០​មីល្លី​ម៉ែត្រ​១​គ្រាប់​យក​ទៅ​ដំ​លេង​ ក៏​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់​២​នាក់​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​ស្លាប់​ពេលដឹក​ដល់​មណ្ឌល​សុខភាព​ស្រុក​កំពង់​លែង ។​

ក្រោយ​ពេល​កើត​ហេតុ សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ទី​កន្លែង​ ហើយ​រក​ឃើញ​គ្រាប់​បេ​៤០​ចំនួន​២​គ្រាប់ និង​គ្រាប់​កាំ​ភ្លើង​ត្បាល់​ប្រភេទ​៨០​មីល្លីម៉ែត្រ​១​គ្រាប់​ទៀត​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ ហើយ​បាន​រាយ​ការណ៍ទៅ​មជ្ឈ​មណ្ឌល​ស៊ី​ម៉ាក់​ឱ្យ​មក​ទទួល​យក ។​ ​មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ នៅ​ចំណុច​កើត​ហេតុ​ជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ជំនាន់​សង្គ្រាម​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១។​

ទោះ​​ជា​យ៉ាង​ណា​ ការ​អប់រំ​អំពី​គ្រាប់​មីន​និងគ្រាប់​មិន​ទាន់​ផ្ទុះ​ហាក់​នៅ​មាន​កម្រិត ​ហេតុ​​នេះ​ហើយ​ឃាតករ​លាក់​មុខ​នេះ​នៅតែឆក់​យក​ជីវិត​ប្រជា​ពល​រដ្ឋ​នៅ​ទី​ជនបទ​ជា​រឿយៗ ។​ សព​ក្មេង​រងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ ក្រោម​សម្រែក​ទ្រហោ​យំ​សោក​ស្តាយ​ពី​ក្រុម​គ្រួសារ​យ៉ាង​ក្រៃ​លែង ៕​