រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី៣១ មករា បានឱ្យដឹងថា តាមការអញ្ជើញរបស់លោកថង សីុង ថាំម៉ាវង្ស (Thongsing THAMMA VONG )នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី៦ ដល់៧ កុម្ភៈ ឆ្នាំ២០១៤ ។
គណៈប្រតិភូអមដំណើររួមមាន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។ អំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកថងសីុង ថាំម៉ាវង្ស នឹងជួបពិភាក្សាការងារផ្លូវការ ហើយនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារដូចខាងក្រោម ៈ
១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សុខាភិបាល ។
២-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ។
៣-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០១៤-២០១៧ ។
៤-កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំសម្រាប់ឆ្នាំ២០១៤-២០១៨ ។
៥-ផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្ដិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៦-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតអគ្គកុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
៧-កិច្ចព្រមព្រៀងស្ដីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍ ។
ក្រៅពីនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នឹងជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយលោកជួមម៉ាលី សៃញ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវប៉ានី យ៉ាថរទូ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា
មានិតឡាវ ៕
ចែករំលែកព័តមាននេះ