ខេត្តកណ្តាល ៖ ពលរដ្ឋដែលជាប់សែស្រឡាយចិន-វៀតណាមរាប់ពាន់នាក់ កាលពីព្រឹកថ្ងៃទី៣១ មករា បាននាំគ្នាទិញដើមអំពៅខ្មៅ និងមែកទទឹមនៅមុខលោកតាចិនធំ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ព្រមទាំងចូលអុជធូបនៅក្នុងរោងលោកតាចិន ដើម្បីសុំសេចក្តីសុខចម្រើនតាមជំនឿដែលគេតែងតែធ្វើជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ។
ដើមអំពៅខ្មៅឆ្នាំនេះមានហាងឆេងខ្ពស់ខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលគេយកមកដាក់តាំងលក់នៅមុខលោកតាចិនក្នុងក្រុងតាខ្មៅ មានតម្លៃមួយដើម១ម៉ឺនរៀល និងមែកទទឹមដែលមានជាប់ផ្លែខ្ចី១បាច់បុ៉នកដៃក្មេងតម្លៃ៥ពាន់រៀលទៅ៨ពាន់រៀល ។
ប្រជាពលរដ្ឋរស់នៅក្បែរលោកតាចិនធំនៅក្រុងតាខ្មៅបានឱ្យដឹងថា ចាប់តាំងពីថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី៣០ មករា មក មានអ្នកលក់អំពៅខ្មៅបានយកមកដាក់តាំងលក់នៅមុខលោកតាចិនយ៉ាងណែនណាន់តាន់តាប់ ។ ចំណែកអ្នកជាប់សែស្រឡាយចិន-វៀតណាម ក៏បាននាំគ្នាមកទិញអំពៅខ្មៅ និងមែកទទឹមយកចងភ្ជាប់គ្នាជាមួយអាំងប៉ាវយកទៅឱ្យមុ៉ងសាយនៅក្នុងរោងលោកតាចិន និងនាំគ្នាទៅអុជធូបដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដែលក្នុងមួយថ្ងៃៗមានមនុស្សរាប់ពាន់នាក់ទៅគោរពបូជានៅរោងលោកតាចិនធំ សូម្បីតែផ្លូវលេខ១១០ មុខលោកតាចិន ក៏ត្រូវកកស្ទះចរាចរណ៍រាប់រយម៉ែត្រដែរ។
អ្នកដែលមកអុជធូប និងទិញអំពៅខ្មៅនៅទីនេះ គឺមិនមែនតែអ្នករស់នៅក្រុងតាខ្មៅនេះទេ គឺមកតាំងពីរាជធានីភ្នំពេញ និងតាមខេត្តជិតរាជធានីភ្នំពេញផងដែរ ។ស្ត្រីម្នាក់ឈ្មោះចែហួយ ដែលបានមកទិញអំពៅខ្មៅបានប្រាប់ឱ្យដឹងថា គាត់រស់នៅរាជធានីភ្នំពេញ គាត់ជាប់សែស្រឡាយចិន និងមានជំនឿគោរពសាសនាបែបចិន ហើយជារៀងរាល់ឆ្នាំក្នុងរដូវបុណ្យចូលឆ្នាំចិន គាត់តែងតែមកទិញអំពៅខ្មៅ និងមែកទទឹម ព្រមទាំងអុជធូបគោរពបូជាលោកតាធំក្នុងក្រុងតាខ្មៅនេះ ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅដែរ គាត់ទិញអំពៅខ្មៅ១ដើមតម្លៃ១ម៉ឺនរៀល និងមែកទទឹម១បាច់តូចតម្លៃ៥ពាន់រៀល ។
ស្ត្រីរូបនេះបាននិយាយថា នេះជាជំនឿតាំងពីកុងម៉ាមក គឺទិញដើមអំពៅខ្មៅចងភ្ជាប់ និងមែកទទឹម ព្រមទាំងចងភ្ជាប់ជាមួយអាំងប៉ាវយកទៅឱ្យមុ៉ងសាយនៅក្នុងលោកតាធំ ឱ្យពាំខាំយកអាំងប៉ាវ និងអុជធូបសុំសេចក្តីសុខចម្រើន ហើយក៏យកអំពៅខ្មៅនោះទៅសែននៅក្នុងផ្ទះដើម្បីសុំសេចក្តីសុខចម្រើន បណ្តេញភាពឧបទ្រពចង្រៃក្នុងក្រុមគ្រួសារឱ្យចៀសចេញឆ្ងាយទៅតាមឆ្នាំចាស់ ។ អ្នកដែលមកអុជធូប និងទិញអំពៅខ្មៅ គឺមានជំនឿដូចៗគ្នា ។
ស្ត្រីម្នាក់ទៀតឈ្មោះម៉ាច អ្នកលក់អំពៅខ្មៅបានឱ្យដឹងថា ឆ្នាំនេះអំពៅខ្មៅលក់ដាច់ធម្មតាដូចឆ្នាំមុនៗដែរ អំពៅខ្មៅ១ដើមលក់បានតម្លៃចាប់ពី៨ពាន់ទៅ១ម៉ឺនរៀល ។ រៀងរាល់ឆ្នាំគាត់តែងតែកាប់អំពៅខ្មៅដែលបានដាំត្រៀមសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមយកមកលក់ ។ អ្នកលក់អំពៅខ្មៅមានគ្នាលើសពី២០នាក់ដែលមកពីស្រុកផ្សេងៗគ្នា ខ្លះមកពីស្រុកស្អាង ស្រុកកោះធំ និងក្រុងតាខ្មៅ ដែលបានដាំអំពៅខ្មៅត្រៀមសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ។ ចំណែកតម្លៃលក់គឺមិនខុសគ្នាទេ អំពៅដើមតូចលក់តម្លៃ៨ពាន់រៀល ដើមធំ១ម៉ឺនរៀល ហើយអ្នកទិញភាគច្រើនចាប់ពី២ដើមឡើងទៅ គឺមួយគូ ឬ២គូទៅតាមអ្នកមានធនធាន ។
ទន្ទឹមនេះដែរ ស្ត្រីអ្នកលក់មែកទទឹមក៏បានឱ្យដឹងដែរថា អ្នកលក់មែកទទឹមមានគ្នាលើសពី២០នាក់មកពីក្រុងតាខ្មៅ និងស្រុកស្អាង ។ មែកទទឹម១បាច់មានផ្លែជាប់ផងលក់បានតម្លៃពី៥ពាន់ទៅ១ម៉ឺនរៀលតាមបាច់តូចឬធំ ហើយតម្លៃនេះក៏មិនខុសពីឆ្នាំកន្លងទៅនេះដែរ។
លោកកុក ស្រេង សមាជិកសមាគមចិននៅក្រុងតាខ្មៅ និងជាក្រុមប្រឹក្សាសង្កាត់តាខ្មៅបានប្រាប់ឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ ជាមធ្យមមានប្រជាពលរដ្ឋជាប់សែស្រឡាយចិន-វៀតណាមមកអុជធូប និងទិញអំពៅខ្មៅនៅមុខរោងលោកតាចិន ប៉ាវសែតៃទី ឬប៉ាវសិនតាទី ឬហៅថាលោកធំ នៅក្រុងតាខ្មៅលើសពី១ម៉ឺននាក់ គឺមកពីខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តជិតៗខេត្តកណ្តាលផងដែរ ។ អ្នកជាប់សែស្រឡាយចិន-វៀតណាមមានជំនឿខ្លាំងណាស់ តែងកាត់មកពីឆ្ងាយដើម្បីមកអុជធូបសុំសេចក្តីសុខចម្រើននៅលោកតាធំ ក្រុងតាខ្មៅ ដោយសារតែការបន់ស្រន់គឺផ្សេងៗតែងតែទទួលបានដូចបំណង ។ ចំណែកជំនឿដែលទាក់ទិននឹងការសែនដើមអំពៅខ្មៅ មែកទទឹម លោកកុក ស្រេង បានប្រាប់ឱ្យដឹងទៀតថា អំពៅខ្មៅនិងទទឹមតាមជំនឿសាសនាចិនយកទៅសែននៅក្នុងផ្ទះនឹងបណ្តេញចេញនូវខ្មោចព្រាយបិសាចនានា ដែលចង់មកយាយីក្រុមគ្រួសារ និងបណ្តេញចេញនូវភាពឧបទ្រពចង្រៃទាំងឡាយទាំងពួង នាំមកនូវសេចក្តីសុខចម្រើនរុងរឿង ។ អំពៅខ្មៅនេះសូម្បីតែពិធីមង្គលការក៏គេយកទៅសែនដែរ ។ ចំណែកនៅខាងមុខមុ៉ង ឬផ្នូរ ក៏គេនិយមដាំអំពៅខ្មៅនេះដែរ ។
លោកកុក ស្រេង បានឱ្យដឹងបន្តទៀតថា លោកតានៅក្រុងតាខ្មៅមានឈ្មោះថា ប៉ាវសែនតៃទី ឬប៉ាវសិនតាទី ឬហៅថា លោកតាធំ គឺជាលោកតាដែលធំជាងគេនៅទូទាំងប្រទេសកម្ពុជា ឈ្មោះលោកតាខាងលើនេះប្រែមកជាភាសាខ្មែរថា ការពារ ព្យាបាលអាយុជីវិត។ ឈ្មោះលោកតា បើតាមប្រវត្តិពីដើមឡើយ តំណាលថា គ្រូថ្នាំបុរាណល្បីល្បាញខាងព្យាបាលជំងឺនៅស្រុកចិនឈ្មោះប៉ាវសែនតៃទី ព្យាបាលជំងឺប្រជាពលរដ្ឋឱ្យជាសះស្បើយគ្រប់ៗគ្នា ។
ពេលមួយនោះ ស្តេចនៅស្រុកចិនមានជំងឺ ហើយគ្រូពេទ្យក្នុងរាជវាំងល្បីៗព្យាបាលមិនជា ពេលនោះគ្រូថ្នាំបុរាណឈ្មោះប៉ាវសែតៃទី បានទៅព្យាបាលជំងឺស្តេចនោះឱ្យជាសះស្បើយ ហើយស្តេចក៏តែងតាំងជាពេទ្យក្នុងរាជវាំងតាំងពីពេលនោះមក ។ក្រោយមកគ្រូពេទ្យប៉ាវសែតៃទី បានស្លាប់ បុ៉ន្តែប្រជាជនចិននៅតែមានជំនឿគោរពបូជាបន់ស្រន់បានសម្រេចដូចបំណងគ្រប់ៗគ្នា ក៏គោរពបូជាលោកតារហូតមកសព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ