ខេត្តក្រចេះ ៖ ក្រុមជនល្មើសដែលតែងតែលួចធ្វើសកម្មភាពនេសាទដោយខុសច្បាប់ នៅតាមតំបន់អភិរក្សតំបន់សត្វផ្សោត និងត្រីមេពូជនៅប៉ែកខាងលើក្នុងដងទន្លេមេគង្គ ត្រូវបានក្រុមមន្ត្រីឆ្មាំនិងមន្ត្រីជលផលខេត្តចាប់ខ្លួននាំមកផ្តន្ទាទោសបានចំនួន៣នាក់ នៅក្នុងខែកក្កដានេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកម៉ុក ពន្លក ប្រធានឆ្មាំអភិរក្សនិងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ។
បញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៤ កក្កដា លោក ម៉ុក ពន្លក បានឲ្យដឹងទៀតថា មានមនុស្ស២នាក់ត្រូវបានកម្លាំងអភិរក្សធ្វើការចាប់ខ្លួនសារជាថ្មីទៀត ខណៈជនទាំងពីរនាក់ ដែលសុទ្ធសឹងតែមានទីលំនៅខេត្តស្ទឹងត្រែង បានលួចចូលមកធ្វើសកម្មភាពនេសាទឆក់ត្រី ក្នុងដែនអភិរក្សតំបន់អន្លង់ផ្សោត និងតំបន់ត្រីមេពូជក្នុងភូមិសាស្ត្រដងទន្លេមេគង្គខេត្តក្រចេះ ។
លោកបញ្ជាក់ថា ពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ កក្កដា ជាមួយជាមួយឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនសម្រាប់ ដែលការចាប់ខ្លួនបានធ្វើឡើងនៅតំបន់អន្លង់អភិរក្ស ក្នុងដងទន្លេមេគង្គភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ។ ជនទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន១-ឈ្មោះ អេង អឿន ងាយុ២៩ឆ្នាំ និង២-ឈ្មោះ ថន ពិសិដ្ឋ អាយុ១៨ឆ្នាំ ពួកគេសុទ្ធសឹងតែមានទីលំ នៅស្រុកសៀបមូក ខេត្តស្ទឹងត្រែង។
លោក ម៉ុក ពន្លក រំលឹកថា នេះជាការបង្ក្រាបបទល្មើសនេសាទឆក់ត្រីទ្រង់ទ្រាយធំ ជាលើកទី២ពីកម្លាំងសមត្ថកិច្ចជំនាញ ខណៈកាលពីពាក់កណ្តាលខែកក្កដា កន្លងទៅមានជន សង្ស័យម្នាក់ ក៏ត្រូវបានកម្លាំងឆ្មាំអភិរក្សរបស់លោកចុះទៅចាប់ខ្លួនបាននៅ ពេលដែល ជននេះកំពុងតែធ្វើសកម្មភាពលួចឆក់ត្រីនៅក្នុងតំបន់អភិរក្សស្ថិតក្នុងឃុំសណ្តាន់ ស្រុកសំបូរ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ