ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីទៅជា E-sports?

12 ឆ្នាំ មុន

E-sports គឺជាប្រភេទ​កីឡាថ្មី​មួយ​ប្រភេទ ដែល​នៅកម្ពុជា​ទើប​តែនឹង​មានបួន​ទៅប្រាំឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​សាកល​លោក ជាពិសេសនៅ​ប្រទេស​អភិវឌ្ឍ កីឡា​ប្រភេទ​នេះ​ទទួល​បានការ​ពេញ​និយម​ជាយូរ​ឆ្នាំមក​ហើយ។ E-sports គឺ​មាន​ពាក្យ​ពេញ​ថា Electronic sports ដែល Sabay សូមហៅ​ថា ប្រភេទ​កីឡា​អេឡិច​ត្រូនិក។ អ្វីទៅ​ជាកីឡា​អេឡិច​ត្រូនិក?

កីឡា​អេឡិច​ត្រូនិក គឺជា​ប្រភេទ​កីឡា​ដែល​ប្រកួត​ដោយ​ប្រើ​បច្ចេកវិ​ទ្យា ពោលគឺ​សំដៅលើ​ការប្រកួត​សេវាក​ម្សាន្ត ឬហៅ​ម្យ៉ាង​ទៀត​ថា​ហ្គេម។ ការប្រកួត​នេះ​ទៀត​សោត គឺមាន​ការចូ​ល​រួមដោយ​ក្រុមកីឡា ឬកីឡាករ​ជំនាញៗ (athlete) ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែល​អាចលេងជាវីដេអូហ្គេម និងនៅលើសង្វៀនអនឡាញ។ ពាក្យ ដែលគេនិយម​ប្រើ​ស្រដៀង​នឹងពាក្យ​នេះ គឺ​ការប្រកួត​ហ្គេម (competitive gaming), កា​រប្រកួត​ហ្គេម​អាជីព (professional gaming) និង Cybersport។

ទម្រង់នៃ​ការលេង​សេវា​កម្សាន្ត​នេះ គឺមាន​ការបង្កើត​យុទ្ធ​សាស្ត្រ និងផែន​ការប្រយុទ្ធ​ ដោយកំណត់​ពេលវេលា​ជាក់​លាក់ (real time strategy), ការប្រយុទ្ធ​ដោយ​ប្រើ​កាំបិត និង​កាំភ្លើង ការប្រយុទ្ធ​រវាង​ម្នាក់​ទល់នឹង​ម្នាក់ និង​ការ​ប្រកួតជា​ក្រុមនៅ​លើ​សង្វៀន​អនឡាញ។

ការប្រកួត​មានលក្ខណៈ​ជាក្រុម កាន់តែ​មាន​ប្រជា​ប្រិយ​ភាព ខណៈ​ដែលនៅ​តាមបណ្ដា​ប្រទេស​អភិវឌ្ឍមួយ ចំនួន​បាន​រៀបចំ​កម្មវិធី​ប្រកួត​យ៉ាងធំ និងបាន​ផ្ដល់ប្រាក់​រង្វាន់​យ៉ាង​ច្រើន​ទៀត​ផង។ ការ​ប្រកួតខ្នាត​អន្តរ​ជាតិ ធំៗ​មួយ​ចំនួន ដូចជា World Cyber Games, the Evolution Championship Series និង Intel Extreme Masters ជាដើម​មានផ្សាយ​ផ្ទាល់ទៀត​ផង។

ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ កីឡាប្រភេទ​នេះកំពុង​ទទួលបាន​ការពេញ​និយមខ្លាំង​មែនទែន ហើយ​អ្នកចូល​រួម​ប្រកួត​​សុទ្ធ​តែ​អ្នកមាន​បទ​ពិសោធន៍ និងចាស់​ទុំលើ​សេវាកម្សាន្ត​នីមួយៗ ខណៈដែល​អ្នក​គាំទ្រ​ក៏មាន​កាន់តែ​ច្រើន​ឡើងៗ​ផងដែរ។ ដោយ​ឡែក អ្នក​ផលិត​ហ្គេមវិញ ក៏បាន​បង្កើត​គំនិត​ប្លែកៗ និងថ្មីៗ​ជានិច្ច ដើម្បីបន្ថែម​រសជាតិ​ដល់​សេវា​កម្សាន្ត​ទាំង​នោះឱ្យ​កាន់តែល្អ និង​មាន​លក្ខណៈ​ប្រកួតប្រជែង។

បច្ចុប្បន្ននៅ​ក្នុងទ្វីប​អាស៊ី ប្រទេសកូរ៉េ​ខាងត្បូង​ជាប្រទេស​ដែលមាន​ស្ថាប័ន​រៀបចំ​កម្មវិធី E-sports នេះច្រើន​ជាងគេ ហើយ​មាន​កម្រិត​ល្អជាង​គេបំផុត​នៅក្នុង​ពិភព​លោក។ កូរ៉េខាង​ត្បូង​បានផ្ដល់​អាជ្ញា​ប័ណ្ណ​ផ្លូវការ​ដល់​សេវា​កម្សាន្ត​នៅឆ្នាំ​២០០០។ ការ​ប្រកួត​សេវា​កម្សាន្ត​ធំៗ ត្រូវ​បានរៀប​ចំឡើង​នៅក្នុង​តំបន់ចំនួន​បួនក្រៅពី​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុងនោះ​មានអឺរ៉ុប អាមេរិក​ខាងជើង អូស្ត្រាលី និងចិន ខណៈ​ដែលនៅ​ប្រទេសជប៉ុន ដែលជា​ប្រទេស​ម​ហា​អំណាច​សេដ្ឋកិច្ច​លេខពីរ ក្នុង​លោក​មាន​ការរឹត​បន្តឹង។

កំណ​កំណើត E-sports (1972-1989)
កម្មវិធី​​ប្រកួត ហ្គេម Spac e Invaders Championship នៅ​ឆ្នាំ​១៩៨១
ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ដំបូងត្រូវ​បានធ្វើ​ឡើង​នៅខែ​តុលា ឆ្នាំ១៩៧២ នៅ​សាកល​វិទ្យា​ល័យ Stanford រដ្ឋ​កាលីហ្វ័រញ៉ា សហ​រដ្ឋ​អាមេរិក ដែល​កាលណោះ​គឺគេយក​ហ្គេម Spacewar ទៅ​ប្រកួត ហើយ​និស្សិត​ជាច្រើន  ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ប្រកួត​ក្នុងក​ម្មវិធី  “Intergalactic spacewar olympics” នេះ។ រង្វាន់ធំ គឺទទួល​បានទស្សនា​វដ្ដី Rolling Stone ដោយ​ឥតគិត​ថ្លៃ​សម្រាប់​មួយឆ្នាំ។

ក្រោយមក​ឆ្នាំ១៩៨១ ក្រុមហ៊ុន​ហ្គេម Atari បានរៀប​ចំការប្រកួត​ហ្គេមដែល​មានឈ្មោះ​ថា Space Invaders Championship ដែល​ជាការ​ប្រកួត​វីដេអូហ្គេមទ្រង់ទ្រាយធំដំបូងគេបង្អស់ ដោយទាក់ទាញមនុស្សជាង ១ ម៉ឺននាក់ទូទាំងសហរដ្ឋអាមេរិកចូលរួម។

មកដល់​រដូវក្ដៅ​ឆ្នាំ១៩៨១ ក្រុមហ៊ុន Walter Day បានបង្កើត​ស្ថាប័នមួយ​សម្រាប់តាម​ដានពិន្ទុខ្ពស់​បំផុតរបស់ អ្នក​ប្រកួត​សេវា​កម្សាន្ត​ដែលមាន​ឈ្មោះថា Twin Galaxies។ ស្ថាប័ន​មួយនេះ​បានផ្សព្វ​ផ្សាយ​វីដេអូសេវា​កម្សាន្ត និង​បាន​ផ្សព្វផ្សាយ​ជា​សាធា​រណៈ​នូវ​ប​ណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដូចជា​នៅ សៀវភៅ​ហ្គីណេស (Guinness Book of World Records)។  ឆ្នាំ​១៩៨៣ ក្រុម​ហ៊ុន​នេះ បានបង្កើត​ក្រុមវីដេអូហ្គេម​ជម្រើស​ជាតិ​អាមេរិក (US National Video Game Team) ហើយ​ក្រុម​នេះ​បានចូលរួម​ក្នុង​កម្មវិធី​ប្រកួតជា​ច្រើន។

អំឡុង​ទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ កីឡាករ E-sports និងការ​ប្រកួត E-sports ចាប់ផ្ដើម​ល្បីល្បាញ​លើ​កាសែត និង​ទស្សនា​វដ្ដីធំៗ​ដូចជា Life និង Time ជាដើម។ ព្រឹត្តិ​ការណ៍ E-sports ត្រូវបាន​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍​នានានៅ​អាមេរិក ហើយ​ការប្រកួត​វីដេអូ​ហ្គេម​បាន​ក្លាយ​ជា​ផ្នែកមួយ​នៃកម្ម​វិធីតាម​ទូរទស្សន៍។

ការប្រកួត​វីដេអូហ្គេម​ត្រូវយក​មក​និយាយ​ក្នុងវិស័យ​ភាព​យន្តផង​ដែរ ដូចជា​រឿង Tron ឆ្នាំ​១៩៨២ និង Tron Legacy ឆ្នាំ២០១២ ជាដើម។

E-sports ចាប់ល្បីល្បាញនិងបង្ហាញខ្លួនលើអនឡាញ (១៩៩០-១៩៩៩)
ទសវត្សរ៍​ឆ្នាំ​១៩៩០ អ៊ីនធឺណេត​ចាប់ផ្ដើមរីក​សាយភាយ​ទៅជុំវិញ​ពិភពលោក ហើយ​ហ្គេមជា​ច្រើនក៏​ចាប់ផ្ដើម​បម្លែង​ខ្លួនទៅ​​​​​ជា​ប្រភេទ​ហ្គេម​សម្រាប់ កុំព្យូទ័រ (PC games) និងហ្គេម​អនឡាញ។ ជាក់ស្ដែង​ឆ្នាំ១៩៨៨ ហ្គេម Netrek គឺជា​ហ្គេម​អនឡាញ​ដែល​មនុស្ស​អាចលេង​ជាមួយ​គ្នាដល់ទៅ​១៦​នាក់​ឯណោះ។ Netrek គឺជាហ្គេម​អនឡាញ​ទី៣, ហ្គេមអន​ឡាញ​ជាក្រុម​ដំបូងគេ, និង​ហ្គេម​អនឡាញ​ដំបូង​គេដែល​ប្រើ metaservers។ ឆ្នាំ​១៩៩៣ ហ្គេមនេះ​ត្រូវបាន​ទស្សនា​វដ្ដី Wired Magazine ឲ្យ​ឈ្មោះថា​ជា ហ្គេម sports អនឡាញ ឬកីឡា​អេឡិច​ត្រូនិក។

ការ​ប្រកួត E-sports ទ្រង់​ទ្រាយ​ធំក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ គឺ Nintendo World Championships ឆ្នាំ​១៩៩០ ដែលវគ្គ​ចម្រុះ​ត្រូវ​បាន​រៀបចំឡើង​នៅទូទាំង​អាមេរិក ហើយ​វគ្គផ្ដាច់ព្រ័ត្រធ្វើនៅ Universal Studios Hollywood នៅ​កាលីហ្វ័រញ៉ា។ ឆ្នាំ១៩៩៤ ក្រុម​ហ៊ុនហ្គេម Nintendo បានរៀប​ចំ World Championships ជាលើក​ទី២។ អ្នកមាន​សិទ្ធិប្រកួត​មានអាមេរិក កាណាដា ចក្រ​ភព​អង់គ្លេស អូស្ត្រាលី និងឈីលី។ អំឡុង​ពេលនោះ កម្មវិធីទូរទស្សន៍​ជាច្រើន​របស់អង់គ្លេស និង​អូស្ត្រាលី​ក៏បាន​ផ្សាយពី​ការ​ប្រកួត​ហ្គេម​អនឡាញ​នេះផង​ដែរ។

ការប្រកួត​លក្ខណៈ​ពិភព​លោក​ចាប់ផ្ដើម​កើន​ឡើង (ឆ្នាំ ២០០០-២០០៩)
ការ​ប្រកួត​ហ្គេមអន​ឡាញ ឬ E-sports ចាប់ផ្ដើម​កើន​ឡើងយ៉ាង​គំហុក ដោយឆ្នាំ២០០០ មាន​ត្រឹម​តែ​១០​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ​២០១០ មាន​ប្រមាណ​ជា២៦០​ប្រកួតឯ​ណោះ។ ជាក់​ស្ដែង កាលពី​ខែកញ្ញា ឆ្នាំ​២០០៦ ការប្រកួត​ស្វែង​រកជើង Worldwide Webgames Championship របស់ក្រុម​ហ៊ុនហ្គេម​អនឡាញ FUN Technologies បាន​ចម្រាញ់​យក​បេក្ខជន​ចុង​ក្រោយ​ចំនួន​៧១​រូប ដើម្បីប្រកួត​យកពាន​ជើងឯក​ដែលមាន​ទឹកប្រាក់​ជារង្វាន់​រហូត​ដល់​១​លានដុល្លារ​ឯណោះ។

មិនត្រូវតែ​ប៉ុណ្ណោះ រាល់​ការ​ប្រកួត E-sports ធំៗត្រូវ​បាន​ផ្សាយ​បន្តផ្ទាល់​ដោយ​ទូរទស្សន៍​អាមេរិក បារាំង អង់គ្លេស និងកូរ៉េ​ខាង​ត្បូង​ផងដែរ។

ការប្រកួត E-sports
ការ​ប្រកួត E-sports ជាព្រឹត្តិ​ការណ៍ប្រកួត​ហ្គេមអនឡាញ​លើឆាក ហើយមាន​ទស្សនិកជន​នៅមើល​ចំពោះមុខ​ផ្ទាល់។ ការ​ប្រកួត​មានតាម​បែបផែន​ដូចជា ការប្រកួត​ជម្រុះមួយ​ទល់មួយ ពីរទល់ពីរ និងក្រុម​ទល់នឹងក្រុម ដោយមាន​អាជ្ញា​កណ្ដាលចាំ​ត្រួត​ពិនិត្យ​មើល​ការ​ប្រកួត ក្រែងលោមាន​ករណី​បន្លំ ឬលេង​ខូច។

ការប្រកួត​ធំៗមាន​ដូចជា World Cyber Games, Major League Gaming អាមេរិក​ខាងជើង, Electronic Sports World Cup នៅបារាំង និង World e-Sports Games នៅចិន។ រាល់​ការប្រកួត​ក្រុមហ៊ុនហ្គេម​បានចំណាយ​ប្រាក់រង្វាន់​រាប់សិប​លាន ដុល្លារ ដល់​ក្រុមជយ​លាភី។

ប្រព័ន្ធផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វ​ផ្សាយការ​ប្រកួត E-sports ធំបំផុតគឺ អ៊ីនធឺណិត តាមរយៈ​វីដេអូឡាយ​ស្ទ្រីម (ផ្សាយផ្ទាល់​លើអ៊ីនធឺណិត)។ ការ​ប្រកួត Dreamhack Winter 2011 (ហ្គេម StarCraft II) មានអ្នក​មើលឡាយ​ស្ទ្រីមដល់​ទៅ​១,៧​លាន​នាក់​ឯណោះ។

ក្រៅ​ពីនេះ ទូរទស្សន៍​ក៏ដើរយ៉ាង​សំខាន់​ផងដែរ ក្នុងការ​ផ្សាយ​បន្តផ្ទាល់​ការប្រកួត E-sports ជាពិសេស​នៅកូរ៉េខាងត្បូង។
ចុះ​នៅ​កម្ពុជា​វិញ E-sport មានលក្ខណៈ​យ៉ាងណា​ដែរ? សូមរង់ចាំ​តាមដាន Sabay សប្ដាហ៍​ក្រោយ?