ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋម ក្រុមកម្មករធ្វើសំណង់លូប្រអប់លើផ្លូវអាស៊ានវាងក្រុងថ្មី ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរបានសម្ដែងការខកចិត្ត និងព្រួយបារម្ភជាខ្លាំងព្រោះតែធ្វើការរយៈពេលជាង២ខែហើយ មេការសំណង់មិនបើកប្រាក់ឲ្យសោះពួកគាត់ជួបការលំបាកលើបញ្ហាជីវភាពយ៉ាងខ្លាំង ហេតុនេះហើយពួកគាត់សំណូមពរដល់អាជ្ញាធរខេត្តក៏ដូចជា ប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយពួកគាត់ផង ។

ក្រុមកម្មករទាំងនោះបានលើកឡើងថា ពួកគាត់ជាកម្មករធ្វើលូប្រអប់លើផ្លូវអាស៊ានវាងក្រុងនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់នេះមានចំនួន៣កន្លែង គឺទី១ នៅចំណុចស្ពានចាក់ ទី២ ចំណុចស្ពានត្នោត និងទី៣ ចំណុចលូផ្លូវពាម ទាំង៣លូជិតៗគ្នានេះ មានកម្មករប្រមាណ៣០នាក់មកពីភូមិនានាក្នុងឃុំជ្រៃបាក់បានធ្វើការចាប់ពីខែមេសាមកដល់ពេលនេះមេការមិនបើកលុយឲ្យសោះក្នុងនោះមានមេកាម្នាក់ឈ្មោះមរកត និងម្នាក់ទៀតឈ្មោះសី ។ ការមិនបើកប្រាក់អោយបែបនេះធ្វើឲ្យពួកគាត់ជួបការលំបាកខ្វះខាតជីវភាពជាខ្លាំង ដោយជំពាក់ថ្លៃទិញអង្ករ អំបិល ប៊ីចេង តាមតៀមគេ ម្នាក់ៗ២០ទៅ៣០ម៉ឺនរៀល ។

ក្រុមកម្មករទាំងនោះបានលើកឡើងថា ក្នុងម្នាក់ធ្វើការមួយថ្ងៃបាន២ម៉ឺន៥ពាន់ទៅ៣ម៉ឺនរៀលមកដល់ពេលនេះ មេការជំពាក់ប្រាក់មិនបើកអោយកម្មករក្នុងម្នាក់ៗមានចាប់ពី៥០ម៉ឺនទៅ១លានរៀលនឹងខ្លះ២លានរៀល ព្រោះធ្វើការពីរនាក់ប្ដីប្រពន្ធ ។ ពួកគាត់មានតែម្រាមដៃដប់លើកដៃសំពះសុំអាជ្ញាធរខេត្ត និងពិសេសប្រមុខរាជរដ្ឋាភិបាល មេត្តាជួយឲ្យមេការទាំងនោះបើកលុយឲ្យពួកគាត់ផង ។ ម្យ៉ាងវិញទៀតមេការឈ្មោះមរកត បានរើយកអីវ៉ាន់គេចចេញអស់ទៅហើយ ។

ជុំវិញបញ្ហានេះយើងមិនអាចទាក់ទងជាមួយមេការសំណង់ធ្វើលូផ្លូវអាស៊ាននោះបានទេ ប៉ុន្តែបើតាមការបញ្ជាក់ពីលោក យ៉ាំង នាម មេភូមិបាញ់ឆ្គោលក៏បាននិយាយដែរថា រូបគាត់អាណិតដល់កម្មករដែលជាកូនចៅរបស់ពួកគាត់ណាស់ ពួកគេខ្វះខាតជីវភាពមានការលំបាកខ្លាំងក្នុងនាមលោកជាអាជ្ញាធរភូមិក៏សូមអំពាវនាវដល់មន្ត្រីជំនាញអ្នកពាក់ព័ន្ធសូមមេត្តាជួយដល់ពួកគាត់ផង ។

សូមបញ្ជាក់ដែរថា ផ្លូវអាស៊ានវាងក្រុងកំពង់ឆ្នាំងដែលកំពុងតែកសាងបច្ចុប្បន្ននេះអ្នកដែលបើកប្រាក់ខែផ្ទាល់ពីក្រុមហ៊ុនជប៉ុនមិនមានបញ្ហាទេ គឺមានបញ្ហាតែអ្នកម៉ៅការបន្តធ្វើសំណង់លូប្រអប់នេះតែម្ដង ។ ព័ត៌មានចុងក្រោយដែលទទួលបាននៅរសៀលថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មេការធំនៃការធ្វើសំណង់លូផ្លូវអាស៊ានបានមកជួបកម្មករដោយសន្យានឹងជួយដោះស្រាយឲ្យបងប្អូនកម្មករនោះជាក់ជាមិនខាន បើទោះមេការឈ្មោះសី ដែលជាអ្នកកាន់បញ្ជីកត់ត្រាលើកម្មករធ្វើបានចំនួនប៉ុន្មានថ្ងៃក្នុងម្នាក់ៗក្តី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ