ការប្រទូស្តរ៉ាយនឹងព្រះសង្ឃរមែងហុចផលឱ្យភ្លាមៗក្នុងពេលបច្ចុប្បន្នដូចនៅក្នុងគម្ពីរធម្មបទមាននិយាយអំពីព្រានសុនខម្នាក់ឈ្មោះកោកៈដែលប្រទូស្តរ៉ាយនឹងភិក្ខុមួយអង្គក៏ដល់នូវសេចក្តីអន្តរាយធ្លាក់មកលើខ្លួនឯងវិញភ្លាមៗ ។
មានសេចក្តីដំណាលថ្ងៃមួយព្រាននោះបានបណ្ដើរឆ្កែ១ហ្វូងទៅបណ្ដេញសត្វក្នុងព្រៃ។ ជួនជាថ្ងៃនោះជាថ្ងៃស៊យសូន្យទទេរកមិនបានសត្វអ្វីមួយក្បាលសោះ។ លុះប្រទះនឹងភិក្ខុមួយរូបក៏គិតថា ការដែលអញមិនបានសត្វក្នុងថ្ងៃនេះ មិនទាស់ពីរឿងអ្វីទេ ច្បាស់ជាទាស់នឹងមនុស្សកាឡកិណ្ណីនេះឯង បានជាអញស៊យដល់ម្ល៉ឹង ហើយនឹកខឹងក្នាញ់ក្នុងចិត្តដូច្នោះ ក៏ពន្យុះឆ្កែឲ្យដេញខាំព្រះសង្ឃអង្គនោះតែម្តង ។
ភិក្ខុនោះឃើញសភាពមិនស្រួលបែបនេះក៏ស្ទុះឡើងដើមឈើ។ ព្រានឆ្កែក៏តាមទៅចាក់បាទជើងលោកនឹងលំពែងដ៏មុតស្រួច, ទោះបីលោកអង្វរយ៉ាងណាក៏មិនស្ដាប់ ចេះតែបុកបាទជើងលោកដរាបដល់របូតចីវរបស់លោកធ្លាក់ចុះមកគ្របលើខ្លួនព្រាននោះ។
ឯហ្វូងឆ្កែកាលបើឃើញដូច្នោះ រមែងសម្គាល់ថា លោកធ្លាក់ចុះមកហើយក៏នាំគ្នាខាំត្របាក់ជញ្ជែងព្រាននោះដរាបដល់ស្លាប់ទៅហោង ។
កាលបើឆ្កែទាំងអស់នោះចៀសចេញទៅហើយ ភិក្ខុនោះក៏បានចុះមក ហើយកើតសង្វេគ រន្ធត់ឱរាព្រោះឃើញទោសប្រាកដដល់អ្នកប្រទូស្តចំពោះបុគ្គលដែលមិនទូស្ត ។
ចែករំលែកព័តមាននេះ