រាជធានីភ្នំពេញ៖ ចាប់តាំងពីឆ្នាំ ២០០០ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ ២០១៩ នេះ ទុនវិនិយោគក្នុងវិស័យសំណង់ដែលកម្ពុជាទទួលបានមានទំហំទឹកប្រាក់សរុបប្រមាណជាង៤៤.៥៧៥,៧៨ លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៥.២៦៥ គម្រោងផងដែរ ។ នេះបើយោងតាមរបាយការណ៍រយៈពេល ៥ ខែដំបូងឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
នៅក្នុងរបាយការណ៍នោះបានឱ្យដឹងថា ក្នុងរយៈពេល ១៩ ឆ្នាំ និង ៥ ខែនេះគម្រោងវិនិយោគដែលកម្ពុជាបានអនុញ្ញាតឱ្យសាងសង់ជាផ្លូវការមានចំនួន ១១៩.៤១៧.៧០៤ ម៉ែត្រការ៉េ ក្នុងនោះគម្រោងអគារខ្ពស់ៗកម្ពស់ចាប់ពី ៥ ជាន់ឡើងទៅនៅទូទាំងប្រទេសមានចំនួន ១.៣២៩ គម្រោង និងបុរីលំនៅឋាន ព្រមទាំងបណ្ដុំលំនៅឋានមានលក្ខណៈបុរីមានចំនួន ២៥៨ ទីតាំង ។
ក្នុងរបាយការណ៍ដដែលនោះក៏បានបង្ហាញផងដែរថា ចាប់តាំងពីឆ្នាំ ២០០០ ដល់ខែឧសភា ឆ្នាំ ២០១៩ នេះកម្ពុជាទទួលបានការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងសាងសង់បានចំនួន ២.៣៩៤ ក្រុមហ៊ុន ក្នុងនោះនៅមានសុពលភាពចំនួន ៩៧៤ ក្រុមហ៊ុន ។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល ដែលជារដ្ឋលេខាធិការបានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានប៉ូលអភិវឌ្ឍន៍សំណង់បី រួមមានរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។ លោកបន្តថា វិស័យសំណង់នៅតែមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ ដូច្នេះវិនិយោគិនជាតិ និងអន្តរជាតិនៅតែអាចបណ្ដាក់ទុនវិនិយោគទៅតាមជំនាញរបស់ខ្លួនបាន ដោយរាជរដ្ឋាភិបាលបានរក្សានូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនជាបន្តបន្ទាប់ ។ រាជរដ្ឋាភិបាលក៏បានប្រកាសស្វាគមន៍នូវគ្រប់វិនិយោគិនបរទេសមកពីគ្រប់ទិសទី ដែលចង់បណ្ដាក់ទុនលើវិស័យនានាផងដែរ ។
បើតាមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោកឧកញ៉ា នួន រឹទ្ធី បានលើកឡើងផងដែរថា រហូតមកដល់ពេលនេះវិស័យសំណង់ហាក់ដូចជាមិនមានបញ្ហាអ្វីជាឧបសគ្គនោះទេ ពោលវិស័យនេះនៅតែមានសក្ដានុពសម្រាប់វិនិយោគ ទាំងអគារខ្ពស់ និងលំនៅឋាន ជាក់ស្ដែងតម្រូវការលំនៅឋានជាពិសេសលំនៅឋានតម្លៃសមរម្យ មានតម្រូវការខ្ពស់ ទាមទារឱ្យមានអ្នកវិនិយោគបន្ថែមទុនក្នុងការវិនិយោគបន្ថែមទៀត ។ ក្រៅពីនោះអគារការិយាល័យ និងខុនដូ ក៏មានតម្រូវការខ្ពស់ដែរ នៅពេលអនាគតដ៏ខ្លីនេះ ហើយការព្យាករណ៍រយៈពេលប្រមាណពី ៥ ទៅ ១០ ឆ្នាំខាងមុខប្រជាពលរដ្ឋកម្ពុជានឹងងាកមករស់នៅក្នុងខុនដូកាន់តែច្រើន ។
សូមរំឭកផងដែរថា ដើម្បីគ្រប់គ្រងគុណភាពសំណង់ទូទាំងប្រទេសរាជរដ្ឋាភិបាលបានចាត់ឱ្យក្រសួងពាក់ព័ន្ធបង្កើតក្រុមការងារចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់នានាក្នុងប្រទេស ហើយក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកលើសំណង់ដែលកំពុងសាងសង់ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ជាក់ស្ដែងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យអាជ្ញាធរនៅតាមខេត្ត ដែលកំពុងមានសក្ដានុពលអភិវឌ្ឍន៍វិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពសំណង់បន្ថែម ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា សំណង់ដែលសាងសង់ឡើងនោះ ត្រូវតែមានគុណភាពតាមស្ដង់ដារជាតិនិងអន្តរជាតិ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានក្លាយជាវិនិយោគិនលំដាប់កំពូលដែលបានដាក់ទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងគម្រោងវិនិយោគធំៗនៅពេលនេះត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយវិនិយោគិនចិន តួយ៉ាងគម្រោងអគារធំៗ នៅក្នុងរាជធានីភ្នំពេញ នៅតាមដងវិថីសំខាន់ៗ ត្រូវបានកាន់កាប់ និងកំពុងអភិវឌ្ឍន៍ដោយវិនិយោគិនចិន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ