ក្រុមហ៊ុន Avast ដែលជាក្រុមហ៊ុនសុវត្ថិភាពដ៏ល្បីល្បាញសម្រាប់កម្មវិធីកំចាត់មេរោគបានប្រកាសថា ក្រុមហ៊ុន Google បានលុបចោលកម្មវិធីមួយចំនួនពី Google Play Store ដែលបានរកឃើញដោយក្រុមហ៊ុនសន្តិសុខនេះ ។ សរុបចំនួនកម្មវិធីចារកម្មចំនួន ៧ ត្រូវបានរកឃើញនៅក្នុងហាងកម្មវិធីដែលក្នុងនោះចំនួន៤បានរកឃើញកាលពីថ្ងៃអង្គារ និង ៣ ផ្សេងទៀតបានរកឃើញកាលពីថ្ងៃពុធ ។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍រុស្ស៊ីម្នាក់ ដែលសរុបមកកម្មវិធីទាំង ៧ នេះត្រូវបានទាញយកប្រមាណជា ១៣០.០០០ ដងដោយអ្នកប្រើ Android ហើយកម្មវិធីដែលមានប្រជាប្រិយភាពបំផុតគឺ SMS Tracker និង Spy Tracker បានទាញយក ៥០.០០០ ដង ។ ក្រៅពីនេះកម្មវិធីដែលបានយកចេញផ្សេងទៀតរួមមាន៖ Employee Work Spy, Phone Cell Tracker, Mobile Tracking, Spy Kids Tracker, និង Track Employees Check Work Phone Online Spy Free ។

កម្មវិធីទាំងនេះនឹងផ្តល់ព័ត៌មានអំពីជនរងគ្រោះទៅក្នុងអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលរួមបញ្ចូលទាំងរឿងរ៉ាវដូចជាប្រវត្តិសារអត្ថបទ ទីតាំងទំនាក់ទំនង និងកំណត់ហេតុនៃការហៅ ។ នេះបង្ហាញពីការរំលោភបំពានសិទ្ធិឯកជនដ៏ធំសម្បើមសម្រាប់ជនរងគ្រោះហើយអាចជាហានិភ័យសុវត្ថិភាពផ្ទាល់ខ្លួនដ៏ធំមួយក្នុងករណីមានការប្រើប្រាស់ដោយបុគ្គលដែលមានគ្រោះថ្នាក់ ។
លោក Nikolaos Chrysaidos ប្រធានស៊ើបការណ៍សុវត្ថិភាព និងសន្តិសុខរបស់ក្រុមហ៊ុន Avast បានឱ្យដឹងថាកម្មវិធីទាំងនេះមានភាពអសីលធម៌ខ្ពស់ និងមានបញ្ហាចំពោះភាពឯកជនរបស់មនុស្ស ហើយមិនគួរមាននៅលើ Google Play Store ទេ ។ យើងអាចកំណត់កម្មវិធីបែបនេះយ៉ាងរហ័ស និងសហការជាមួយ Google ដើម្បីលុបវាចេញ ៕
ប្រភព៖ slashgear , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ