ខេត្តព្រៃវែង ៖ ជំងឺប៉េសជ្រូកអាហ្វ្រិកជាជំងឺដ៏កាចសាហាវថ្មីមួយដែលកំពុងរាតត្បាតលើខេត្តចំនួន៥ ក្នុងប្រទេសកម្ពុជា និងបានធ្វើអោយសត្វជ្រូករបស់ប្រជាកសិករនៅតំបន់ដែលផ្ទុះកើតជំងឺនេះឈឺងាប់បន្តបន្ទាប់គ្នា រហូតដល់រាប់រយក្បាល ។
ខេត្តព្រៃវែងដែលរហូតមកដល់ពេលនេះ ទោះបីមិនទាន់ផ្ទុះកើតជំងឺប៉េសជ្រូកអាហ្វ្រិកនេះក្តីប៉ុន្តែនៅតាមបណ្តាស្រុកមួយចំនួនដែលនៅជាប់ព្រំប្រទល់ខេត្តព្រៃវែងដូចជា ស្រុកស្វាយជ្រំខេត្តស្វាយរៀង និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានផ្ទុះកើតជំងឺនេះ និងបានធ្វើអោយប្រជាកសិករចិញ្ចឹមជ្រូកក្នុងខេត្តព្រៃវែងដែលមានទីតាំងជាប់ស្រុកទាំង២នេះកំពុងមានការព្រួយបារម្ភជាខ្លាំងដោយខ្លាចជំងឺនេះឆ្លងរាលដាលលើជ្រូករបស់ពួកគាត់ ។
ដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីជំនាញបសុពេទ្យខេត្តព្រៃវែងបានធ្វើការចុះផ្សព្វផ្សាយអប់រំប្រជាកសិករនៅស្រុកចំនួន២ ដែលមានទីតាំងស្ថិតនៅជាប់តំបន់ដែលផ្ទុះកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺនៅថ្ងៃទី១៥ កក្កដា ធ្វើការចុះផ្សព្វផ្សាយនៅស្រុកកំពុងត្របែក និងថ្ងៃទី១៦ កក្កដា ចុះផ្សព្វផ្សាយនៅស្រុកស៊ីធរកណ្តាល ដើម្បីអោយបងប្អូនប្រជាកសិករចិញ្ចឹមជ្រូកបានយល់ច្បាស់ពីវិធានការការពារ និងលែងមានការព្រួយបារម្ភពីសុវត្ថិភាពសត្វជ្រូករបស់ពួកគាត់តទៅទៀត ។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា នៅក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករទាំង២ស្រុកនេះមន្ត្រីជំនាញបានធ្វើបទបង្ហាញពីគោលការណ៍សំខាន់ៗចំនួន៥ចំណុចក្នុងនោះរួមមាន ទី១- ពន្យល់ពីនិម្មិតហេតុនៃជំងឺ ទី២- ប្រភេទសត្វទទួលជំងឺ ទី៣- ការចម្លងរោគ ទី៤-រោគសញ្ញានៃជំងឺ និងទី៥- ការទប់ស្កាត់ និងវិធានការជីវសុវត្ថិភាព ។
លោក ចិន វិសាល បានបញ្ជាក់ផងដែរថា ជំងឺប៉េសជ្រូកអាហ្វ្រិកនេះមិនឆ្លងពីសត្វជ្រូកមកមនុស្សនោះទេ ប៉ុន្តែការចោលសត្វងាប់ ឬយកសាច់សត្វមានជំងឺមកហូបវាជាកត្តាប្រឈមខ្លាំងបំផុត និងងាយចម្លងជំងឺនេះមកលើសត្វជ្រូកដទៃទៀត ព្រោះថា មេរោគប៉េស្តជ្រូកអាហ្វ្រិកនេះវាលាក់ខ្លួនកម្រិតខ្ពស់ ហើយយើងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ដូច្នេះបើបងប្អូនប្រទះឃើញមានជ្រូកឈឺ និងងាប់ហើយមានរោគសញ្ញាគួរអោយសង្ស័យ សូមប្រញាប់រាយការណ៍ប្រាប់មន្ត្រីពេទ្យសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការទាន់ពេលវេលា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ