ខេត្តប៉ៃលិន ៖ សត្វលលកមានសម្បុរស១ក្បាល ជាបក្សីព្រៃដែលកម្រជួបប្រទះ ។ វាមានលក្ខណៈដូចសត្វលលកព្រៃមួយចំនួនទៀតដែរ មានទំហំប៉ុនកដៃមនុស្សចាស់ និងមានទម្ងន់ប្រហែល២០០-៣០០ក្រាម(២ឬ៣ខាំ) ។ សត្វលលកស១ក្បាលនេះ មានរោមពណ៌ស មានចំពុះស និងក្រចកជើងសដូចសត្វព្រាបសបេះបិទគ្រាន់តែតូចជាងបន្ដិចប៉ុណ្ណោះ ។ តាមការសង្កេតនិងតាមដានរបស់ម្ចាស់លលកសនេះបានអះអាងថា ជាសត្វនាំលាភសំណាងល្អចូលផ្ទះញឹកញាប់ ។
តាមការរៀបរាប់របស់លោក ស៊ឹង ជឿន មានរហស្សនាមហៅតាទទា ឬតាលលកស អាយុ ៦៨ឆ្នាំ ឱ្យដឹងថា គាត់ជាអតីតអ្នកសម្ដែងល្ខោនបាសាក់ល្បីឈ្មោះម្នាក់ប្រចាំខេត្ដបាត់ដំបង ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ២ លុះក្រោយមក គាត់បានលះបង់វិស័យសិល្បៈនេះ ។ គាត់មានប្រពន្ធឈ្មោះ ណែន នឿម អាយុ ៥៥ឆ្នាំ មានកូន៦នាក់(ស្រី៣នាក់)មានស្រុកកំណើតនៅភូមិក្ដុល ឃុំក្ដុល ស្រុកបាត់ដំបង និងបានមករស់នៅខេត្ដប៉ៃលិនតាំងពីឆ្នាំ២០០២មកម៉្លេះ ស្ថិតក្នុងភូមិវាលចែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ប្រកបមុខរបរកសិកម្មដាំពោត និងដំឡូងមី ។
ឆ្លៀតឱកាសពីការងារដ៏មមាញឹក លោកបានងាកទៅចិញ្ចឹមមាន់ជល់ និងសត្វបក្សីព្រៃមួយចំនួនបន្ថែមទៀត ដូចជាសត្វលលកឈ្មោល និងសត្វទទាឈ្មោលជាដើម ដើម្បីជាការកម្សាន្ដរបស់ខ្លួន ក្នុងពេលយកសត្វទាំងនេះធ្វើធ្នាក់ទាក់សត្វបក្សីព្រៃប្រភេទដូចគ្នា យកមកលក់បានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារផងដែរ ។ ដោយសារមាន់ជល់របស់គាត់ទាំងញី ទាំងឈ្មោលបានងាប់អស់កាលពីឆ្នាំ២០១៣កន្លងទៅ ព្រោះតែជំងឺ នៅសល់តែពីរបីក្បាលប៉ុណ្ណោះ ដើម្បីបន្ដពូជ រីឯសត្វលលកនិងសត្វទទាវិញ អត់ឈឺងាប់ទេ ។
ចែករំលែកព័តមាននេះ