ខេត្តមណ្ឌលគិរី៖ ត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០១៩ តំបន់ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទៅកម្សន្តលេងជាង១៦ម៉ឺននាក់ ដែលតួរលេខនេះបង្ហាញថា មានអត្រាកើនលើសឆ្នាំ២០១៨ ប្រមាណជាបីម៉ឺនប្រាំពាន់នាក់។
ភ្ញៀវទេសចរនៅតែមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើនគួរឲ្យកត់សម្គាល់ ទោះបីអំឡុងខែកក្កដានេះជារដូវវស្សា ដែលមានភ្លៀងធ្លាក់ញឹកញ៉ាប់យ៉ាងណាក្ដី ប៉ុន្តែចំនួនភ្ញៀវទេសច ដែលមកកម្សាន្តក្នុងពេលនេះនៅតែកើនឡើងជាបន្តបន្ទាប់។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបន្តថា ព្រោះតែកត្តាមួយចំនួនបានជម្រុញឲ្យវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីកាន់តែល្អប្រសើរ ដោយកត្តាទាំងនោះ រួមមានសេវាផ្ទះសំណាក់ សណ្ ឋាគារ ភោជនីយដ្ឋានក្នុងខេត្តមួយនេះ គឺមានភាពសមរម្យអាចទទួលយកបាន ចំណែកសក្ដានុពលទេស ចរណ៍នៅខេត្តមណ្ឌលគិរី ក៏អំណោយផលយ៉ាងខ្លាំង គឺមានរមណីដ្ឋានធម្មជាតិច្រើនកន្លែង ទេសភាពព្រៃភ្នំស្រស់ស្អាត ហើយប្រព័ន្ធផ្លូវថ្នល់ឆ្ពោះមកខេត្តមណ្ឌលគិរី ក៏ដូចជាភូមិភាគឥសាន្ត និងប្រទេសកម្ពុជាទាំងមូល ក៏បានតភ្ជាប់គ្នាយ៉ាងល្អផងដែរនាពេលបច្ចុប្បន្ន មួយវិញទៀតគឺមានការផ្សព្វផ្សាយទូលំទូលាយ ដែលបានធ្វើឲ្យភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ជាមួយខេត្តមណ្ឌលគិរី ។
លោក ងិន សុវិមាន បានឲ្យដឹងទៀតថា បើគិតត្រឹមឆមាសទី១ក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី សរុបមានចំនួនប្រហែល១៦១,៨៣៥នាក់ ក្នុងនោះទេសចរណ៍ជាតិមានចំនួន១៥៣ ៨១១នាក់ ចំណែកភ្ញៀវអន្តរជាតិ ៨.០២៤ នាក់ ហើយតួលេខនេះ បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ចំនួនភ្ញៀវសរុបកើនឡើងប្រមាណ ៣ម៉ឺន៥ពាន់នាក់ ស្មើនិង២៧,១៥% ក្នុងនោះភ្ញៀវជាតិកើនឡើង ២៧,៨៦% ភ្ញៀវអន្តរជាតិ កើនឡើង ១៤,៨៩% ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ