ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយដីចាក់លុបជង្ហុកដក់ទឹកក្រោយផ្ទះ…ប្រទះដ៏ភ្ញាក់​ផ្អើលបំផុត

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បដិមា​ធំ​មួយ​ ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាង​មុខ​ មាន​ប្រវែង​បណ្តោយ​១១៤​សង្ទីម៉ែត្រ ទំហំ​ស្មា​៥៤សង្ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង្ទីម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា…

ខេត្តសៀមរាប ៖ បដិមា​ធំ​មួយ​ ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាង​មុខ​ មាន​ប្រវែង​បណ្តោយ​១១៤​សង្ទីម៉ែត្រ ទំហំ​ស្មា​៥៤សង្ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង្ទីម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ។ ព្រឹត្តិការណ៍​ប្រទះ​ឃើញ​បដិមា​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ចៃដន្យ​ដោយ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ប្រទះ​ឃើញ​ពេល​ជីក​យក​ដី​ទៅ​ចាក់​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ ។

លោក ថៃ មិច ដែល​ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​អ្នក​ប្រទះ​ឃើញ បដិមា បានឱ្យ​ដឹង​ថា កន្លង​មក​លោក​តែង​ជីក​យក​ដី នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ក្នុង​ក​សិន្ធុ​ក្បែរ​ប្រាសាទ​ព្រះ​គោ​ដើម្បី​ចាក់​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​របស់​គាត់ ។

លោក មិច បន្ត​ថា ដំបូង​ឡើយ​មិន​នឹក​ស្មានថា​ជា​បដិមា​នោះ​ទេ តែ​មើល​តាម​សណ្ឋាន​ថ្ម លោក​មានការ​សង្ស័យ រួច​ក៏​បាន​កាយ​ដី​បន្ត ទើប​ដឹង​ថា​ជា​បដិមា ដែល​កប់​ក្នុង​ដី​ហើយ​បញ្ឈប់​សកម្មភាព និង​បាន​រាយការណ៍​ទៅ​នគរបាល​បេតិកភណ្ឌ​ដើម្បី​មាន​វិធានការ​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ។

លោក​អនុ​សេនី​យិ៍​ទោ អួន យ៉ង់ នគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួស​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម លោក​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​សកម្មភាព រង់ចាំ​លោក​ចុះ​មក​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ និង​រាយ ការណ៍​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ។

អនុ​សេនី​យិ៍​ទោ​រូប​នេះ​បាន​បញ្ជាក់​ថា កន្លង​មក​មាន​ប្រជាជន​បាន​ជួប​ប្រទះ​នូវ​បដិមា​ផ្សេង​ៗ​ដូច​ករណី​នេះ​ជា​ច្រើន​ដង​មក​ហើយ និង​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ជា​ប្រចាំ ដែល​នេះ​ជា​សកម្មភាព​ដ៏​គំរូ​គួរ​យក តម្រាប់​តាម​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាជន​ក៏​ដូច​ជា​សាធារណជន​ទាំងអស់​ដែល​បាន​ប្រទះ​ឃើញ​នូវ​បដិមា សំណល់​បុរាណវត្ថុ​នៅ​កន្លែង​ណា​ក៏​ដោយ សូម​ប្រគល់​ឬ​រាយការណ៍​ដល់​អាជ្ញាធរ​កុំបី​ខាន ។

លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា ជាបឋម​ទាក់ទង​នឹង​ភិនភាគ​បដិមា​នេះ ភ្លាម​ៗ​មិន​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ថា​ជា​ទ្វារបាល ឬ​ព្រះ​វិស្ណុ ឬអ្វី​ផ្សេង​នោះ​ទេ ដោយហេតុ​នៃ​ការ​បាត់បង់​ផ្នែក​សំខាន់​ៗ​នៃ​តួខ្លួន​ច្រើន ​។

ជា​កិច្ចការ​បន្ត​ដើម្បី​អភិរក្ស​បដិមា​នេះ លោក សុ​ម៉ា​ឡា ក៏​បានឱ្យ​ដឹង​ថា ក្រុមការងារ នឹង​គូររូប ថតរូប វាស់វែង ចងក្រង​ឯកសារ បន្ទាប់​មក​យក​ទៅ​រក្សា​ទុក​នៅ​រោង​ជាង ដើម្បី​ឱ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល​ថ្ម​សម្អាត និង​ត​ភ្ជាប់​នូវ​បំណែក​បដិមា​នេះ​ឡើង​វិញ​មុន​នឹង​តាំង​បង្ហាញ​ជា​សាធារណៈ ។

សូម​បញ្ជាក់​ថា បដិមា​ដែល​រក​ឃើញ​នេះ​មិន​ពេញ​លក្ខណៈ ពេញលេញ​ជា​តួខ្លួន​នោះ​ទេ ព្រោះ​ព្រះ​កេស
ព្រះ​ហ​ស្ថ​ទាំង​សងខាង និង​ព្រះបាទ​ទាំង​ពីរ​ត្រឹម​ជង្គង់​ត្រូវ​បាន​បាត់បង់ និង​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ​ដោយ​មានការ​ចូលរួម ពី​តំណាង​នគរ​បាល​ការពារ​បេតិកភណ្ឌ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​ប្រាសាទបាគង មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ខេត្ត សៀម​រាប ៕