ក្រសួងសុខាភិបាលបារាំង បានប្រកាសកាលពីថ្ងៃទី៩ មករា ២០១៤ អនុញ្ញាតឱ្យប្រើស្រៃ្ប៉ (Spray)បាញ់ដាក់មាត់ដែលមានគ្រឿងផ្សំពីកញ្ឆា ឬហៅថា Sativex លក់ក្នុងនាមជាឱសថ ដែលមានលិខិតបញ្ជាពីគ្រូពេទ្យ ។ ការប្រកាសនេះតម្រូវឱ្យបារាំងក្លាយជាប្រទេសទី១៧ នៅអឺរ៉ុបដែលអនុញ្ញាតឱ្យប្រើកញ្ឆាតាមបញ្ជាពេទ្យ។ កន្លងមកផលិតផលឱសថដែលមានគ្រឿងផ្សំពីកញ្ឆាត្រូវហាមឃាត់ក្នុង ប្រទេសបារាំង ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០១៣ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោកម៉ារីសូល ទូរ៉េន បានចេញបញ្ជាឱ្យប្រើSativex ជាផលិតផលឱសថមានធាតុផ្សំពីកញ្ឆា ។
Sativex ជាផលិតផលឱសថរបស់ក្រុមហ៊ុនGW Pharmaceuticals ប្រទេសអង់គ្លេស ដោយរំពឹងថា ស្រៃ្ប៉ប្រភេទនេះនឹងមានលក់នៅបារាំងក្នុងឆ្នាំ២០១៥ ។ ស្រៃ្ប៉ Sativex ត្រូវប្រើសម្រាប់ព្យាបាលរលាកស្រោមខួរ ឬMultiple Sclerosis ដែលបច្ចុប្បន្នជំងឺប្រភេទនេះគ្មានវិធីសាស្ត្រក្នុងការព្យាបាលទេ ។ ជំងឺនេះជាបញ្ហាក្នុងប្រព័ន្ធសរសៃប្រសាទ និងខ្លាញ់ឆ្អឹងកងខ្នង ដោយលទ្ធផលនៃបញ្ហានេះបង្កឱ្យកើតភាពខុសប្រក្រតីដល់ដំណើរការ ក្នុងខ្លួនប្រាណ ដែលមានប្រព័ន្ធសរសៃប្រសាទជាអ្នកបញ្ជា ។
ទោះជាយ៉ាងណាក៏ដោយ ឱសថ Sativexនឹងទទួលការគ្រប់គ្រងដ៏តឹងរ៉ឹង និងមានតែវេជ្ជបណ្ឌិតប៉ុណ្ណោះ ទើបមានសិទ្ធិចេញលិខិតបញ្ជា ដូចជាអ្នកមានបញ្ហាសរសៃប្រសាទ ឬអ្នកជំងឺអាចរកទំនិញបានដោយមានការកំណត់មួយខែតែមួយលើក ប៉ុណ្ណោះ និងត្រូវទាក់ទងគ្រូពេទ្យ ដើម្បីសុំលិខិតបញ្ជាឱសថនេះ ជាថ្មីនៅរៀងរាល់៦ខែម្តង ។
ក្រៅពីនេះ ឱសថដែលមានផ្នែកផ្សំរបស់អាភៀនដូចជាឱសថម៉េតាដូន(methadone) ត្រូវចាត់បញ្ចូលឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ ។ ទោះបីជាអនុញ្ញាតឱ្យមានការលក់ស្រៃ្ប៉ Sativex ដែលមានធាតុផ្សំពីកញ្ឆាក៏ដោយ ប៉ុន្តែច្បាប់បារាំងនៅមានបទដ្ឋានដ៏តឹងរ៉ឹងក្នុងការហាមលក់ឱសថ ដទៃទៀត ដែលមានផ្នែកផ្សំពីកញ្ឆា រួមទាំងការប្រើកញ្ឆាសម្រាប់សម្រួលភាពតានតឹងក្នុងចិត្ត ទោះបីជាធាតុពិតកញ្ឆាត្រូវបានប្រើយ៉ាងទូលំទូលាយនៅបារាំង ក៏ដោយ ។ នៅក្នុងឆ្នាំ២០១០ មានជនជាតិបារាំងដល់ទៅ១៣,៤ លាននាក់ អាយុចន្លោះពី១១ឆ្នាំ ដល់៧៥ឆ្នាំ បានសារភាពថា ធ្លាប់សាកល្បងកញ្ឆា ចំនួន១លើកក្នុងជីវិត និងរំពឹងថា មានប្រជាពលរដ្ឋបារាំងប្រហែល១,២លាននាក់ ប្រើកញ្ឆានៅក្នុងជីវិតជាប្រចាំ ។
ច្បាប់បារាំងក៏ ដាក់ទោសដល់ការដាំកញ្ឆាដ៏ដោយអ្នកប្រព្រឹត្តខុសត្រូវជាប់ទោស ខ្ពស់ដល់ទៅ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧,៥លានអឺរ៉ូ ៕
ចែករំលែកព័តមាននេះ