រាជធានីភ្នំពេញ៖ អង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាព រួមជាមួយអង្គការចំនួន ១១ ផ្សេងទៀតរៀបចំរួមគ្នា អនុវត្តគម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់ក្នុងទឹកប្រាក់ប្រមាណជិត៣លានដុល្លារអាមេរិក។
លោក ងី ច័ន្ត្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណៈនេយ្យភាពសង្គម បានមានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងអង្គការទស្សនៈពិភពលោក ជាមួយអង្គការដៃគូអនុវត្តគម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឱ្យប្រើឡើងសេវាសាធារណៈកាលពីថ្ងៃទី ២ ខែកក្កដានេះថា នៅឆ្នាំ២០១៩-២០២០ អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា បាននិងកំពុងអនុវត្តគម្រោងសកម្មភាពក្នុងតំបន់គោលដៅថ្មីទាំង៣០ស្រុក នៃខេត្តចំនួន៥ ក្នុងនោះមានកំពង់ចាម, តាកែវ, កំពង់ស្ពឺ, ពោធិ៍សា ត់ និងបាត់ដំបង។ក្នុងនោះស្រុកចំនួន១៣ អនុវត្តដោយបុគ្គលិកខ្លួនឯង, ៨ស្រុកដោយសហការជាមួយអង្គការវឌ្ឍនៈភាព និងក្នុង៩ស្រុកជាមួយអង្គការដៃគូចំនួន១១ ក្នុងខេត្ត៣គឺខេត្តតាកែវ, កំពង់ចាម និងពោធិ៍សាត់។
លោករដ្ឋលេខាធិការបានលើកឡើងបន្ថែមទៀតថា ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម គឺជាសកម្មភាពមួយមានសារសំខាន់របស់រាជរដ្ឋាភិបាលលើកកម្ពស់ជំរុញដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម នៅកម្ពុជាក្នុងក្របខណ្ឌនៃកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យរិតតែមានប្រសិទ្ធភាពថែមទៀត ។ គណនេយ្យភាពសង្គម គឺជាដំណើរនៃការផ្សារភ្ចាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាឧបករណ៍ដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ចល្អ និងពង្រឹងភាពកក់ក្តៅជឿជាក់របស់ប្រជាពលរដ្ឋចំពោះប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។
លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈកម្ពុជាបានមានប្រសាសន៍ថា «អង្គការទស្សនៈពិភពលោក បានចូលរួម គាំទ្រដល់ ការអនុវត្តផែនការយុទ្ឋសាស្ត្រគណនេយ្យភាពសង្គម នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៥ មក។ ការគាំទ្រនេះបានចូលរួមចំណែកក្នុងការជួយឱ្យគុណភាពនៃការផ្គត់ផ្គង់សេវាកម្មសាធារណៈ មានភាពប្រសើឡើង ពោលគឺ សេវានៅតាមមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលឃុំ ដែលវាបានផ្តល់អត្ថប្រយោជន៍ទៅដល់ ប្រជាពលរដ្ឋកម្ពុជាជិត ២លាននាក់ នៅក្នុងឆ្នាំ២០១៨»។លោកស្រី Francesca Ciccomartino តំណាងសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា«ការអនុវត្តផែនការ យុទ្ឋសាស្ត្រគណនេយ្យភាពសង្គម កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈឆាប់រហ័ស មានគណនេយ្យភាព និងប្រកដោយតម្លាភាព»។
លោក ងី ច័ន្ត្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា «ដើម្បីឈានទៅសម្រេចបាន ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ តាមគោលដៅនិងផែនការនៃការកសាងជាតិខាងលើទាមទារចាំបាច់នូវ ៖ភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យសាធាណៈ ទាំងវិស័យឯកជន, កសាងមូលដ្ឋាននៃធនធានមនុស្ស និងការកសាងសាងនូវស្ថាប័នទាំងមូលដ្ឋានច្បាប់ វិធាននិងអភិបាលកិច្ច, ព្រមទាំងការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ