រាជធានីភ្នំពេញ ៖ រូបភាពដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការធ្វើឃាតតារាសម្តែងនាង ពេជ្រ ចរណៃ ដោយច្រកចូលក្នុងការ៉ុងយកទៅប្លុងចោលនៅក្រោមស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ ត្រូវបានមហាជន និងភាគីពាក់ព័ន្ធនាំគ្នារិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនោះត្រូវបានគេយកទៅផ្សព្វផ្សាយបំពុលខុសពីការពិត។

រូបភាពប៉ុន្មានសន្លឹកត្រូវបានគេប្រទះឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវគេនាំគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាសម្តែងនាង ពេជ្រ ចរណៃ ត្រូវបានធ្វើឃាតសម្លាប់យ៉ាងព្រៃផ្សៃដោយមិនដឹងមូលហេតុ។ រូបភាពទាំងនោះបានក្លាយជាចំណុចក្តៅមួយសម្រាប់បណ្តាញសារព័ត៌មានអនឡាញផ្សេងៗមានការចាប់អារម្មណ៍ និងនាំគ្នាធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ដោយមិនមានការបញ្ជាក់ពីសាមីខ្លួន បើទោះបីជាមានទស្សនិកជនខ្លះក៏យល់ឃើញថា នោះគ្រាន់តែជាការសម្តែងក៏ដោយ។

មហាជនខ្លះបានគ្នារិះគន់ដោយ សំណូមពរឲ្យសមត្ថកិច្ច ចាត់វិធានការ និងឲ្យអ្នកបំពុលចេញមុខបកស្រាយ ហើយទទួលខុសចំពោះមហាជនដូចគ្នា ហើយសារព័ត៌មានអនឡាញដែលបានចុះផ្សាយត្រូវបានចុះផ្សាយកែតម្រូវវិញ។
តាមរយៈវីដេអូឃ្លីបដែល ពេជ្រ ចរណៃ បានបង្ហោះនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នោះ បានឲ្យដឹងថា រូបភាពដែលទស្សនិកជនបានឃើញនោះ គឺជាការថត MV ដែលមានចំណងជើងថា «តើរូបខុសអ្វី» ដែលនាងត្រូវដើរជាតួឯកស្រី។ នាងបញ្ជាក់ថា នៅថ្ងៃដែលត្រូវថតបទច្រៀងមួយនេះត្រង់ឈុតឆាកឃាតកម្មនេះ ក៏មានការថតឡាយពីតួប្រុស និងក្រុមការងារបង្ហាញពីសកម្មភាពថត ហើយក៏មានជាប់រូបរបស់នាងនៅក្នុងនោះដែរ ទើបបណ្តាលឲ្យមានការយល់ច្រឡំកើតឡើង៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ