ខេត្តព្រៃវែង ៖ ឪពុកនាំកូនប្រុសម្នាក់អាយុ៥ឆ្នាំទៅមើលជាងជួសជុលរថយន្តធុនធំមួយគ្រឿង ដោយ២នាក់ឪពុកនិងកូនបានជិះរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពេលកំពុងមើលជាងជួសជុលបានមួយសន្ទុះ ឪពុកមានអារម្មណ៍ថាងងុយដេកក៏ចូលក្នុងរថយន្តរបស់ខ្លួនម៉ាកកាមរីបាឡែន ដោយមានបញ្ឆេះម៉ាស៊ីនរថយន្តផងដើម្បីបើកម៉ាស៊ីនត្រជាក់ ហើយឪពុកដេកនៅបាំងខាងមុខ និងដាក់កូននៅបាំងខាងក្រោយ លុះជិត២ម៉ោងក្រោយមក ពេលឪពុកភ្ញាក់ពីដេកទើបដឹងថាកូនស្លាប់បាត់ទៅហើយ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៦ មិថុនា នៅចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ថាច កៀងហុកឡេង ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានឪពុកឈ្មោះ គង់ វណ្ណថាច អាយុ៣៨ឆ្នាំ ។
លោកវរសេនីយឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍បានអោយដឹងថា មុនពេលកើតហេតុ ឪពុកបាននាំកូនប្រុសទៅមើលជាងជួសជុលរថយន្តធុនធំរបស់ខ្លួននៅក្បែកន្លែងកើតហេតុ ដោយ២នាក់ឪពុកនឹងកូនជិះរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ។
លោកអធិការនគរបាលស្រុកពាមរក៍ក៏បានបន្តថា លុះពេលមើលជាងជួសជុលរថយន្តធុនធំបានមួយសន្ទុះ ឪពុកមានអារម្មណ៏ងងុយដេក ហើយក៏ចូលដេកក្នុងរថយន្តរបស់ខ្លួនម៉ាកកាមរីបាឡែន ដោយបញ្ឆេះម៉ាស៊ីនរថយន្តផងដើម្បីបើកម៉ាស៊ីនត្រជាក់ បន្ទាប់មកឪពុកដេកនៅបាំងខាងមុខ ហើយដាក់កូននៅបាំងខាងក្រោយអោយអង្គុយលេងទូរស័ព្ទ លុះរយៈពេល១ម៉ោងនិង៥០នាទីក្រោយមក ពេលឪពុកភ្ញាក់ពីដេកឃើញកូនដេកដែរ ក៏ដាស់កូនឱ្យក្រោក ស្រាប់តែឃើញខ្លួនប្រាណកូនរឹងអស់ទៅហើយ ទើបដឹងថាកូនស្លាប់ ហើយក៏មានការផ្អើលឆោឡោឡើងតែម្តង។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានអោយដឹងថា កុមារ៉ារងគ្រោះមានជម្ងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយ និងទើបតែចេញពីមន្ទីរពេទ្យថ្មីៗនេះ ហើយមូលហេតុនៃការស្លាប់នេះ គឺគេសង្ស័យថា កុមារ៉ារងគ្រោះប្រតិកម្មនឹងម៉ាស៊ីនត្រជាក់ក្នុងរថយន្ត ដែលឪពុកបើកអោយត្រជាក់ខ្លាំង និងមានរយៈពេលយូរ ទើបបណ្តាលអោយកុមារ៉ារងគ្រោះគាំងបេះដូងស្លាប់បែបនេះតែម្តង ។
បច្ចុប្បន្ន សពកុមារ៉ារងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ