រាជធានីភ្នំពេញ ៖ តបតាមសំណើរបស់មហាជននៅតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមថវិកា១០០ដុល្លារបន្ថែមទៀត និងបំពាក់មេដាយមាសដល់កងកម្លាំងដែលរុករកនិងសង្គ្រោះអ្នករងគ្រោះពីបំណែកអគារកម្ពស់៧ជាន់ដែលបាក់នៅខេត្តព្រះសីហនុ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុុន សែន បានខមមិុនតប ជាមួយអ្នកលេងហ្វេសប៊ុក នាថ្ងៃទី២៦ ខែមិថុនា យ៉ាងដូច្នេះថា ៖«ដោយមានសំណូមពរពីបងប្អូនមួយចំនួន សុំឲ្យខ្ញុំបន្ថែមជំនួយឱ្យកម្លាំងដែលចូលរួមជួយសង្គ្រោះ ខ្ញុំសូមបន្ថែមជូនម្នាក់ៗ១០០ដុល្លារថែមទៀត គឺបុរសទទួលបាន១នាក់២០០ដុល្លារ នារី១នាក់ទទួលបាន៣០០ដុល្លារ ។ សរុបនៃការចំណាយជាង៣០មុឺនដុល្លារ» ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើង ថា ចំពោះសំណូមពរឱ្យចែករំលែកប្រាក់ដែលសប្បុរសជនចូលរួមយកទៅជួយកម្លាំងសង្គ្រោះមិនអាចធ្វើបានទេ ព្រោះខុសនឹងគោលដៅនៃការអំពាវនាវរបស់ខ្ញុំ និងខុសពីបំណងរបស់សប្បុរសជនដែលចង់ជួយជនរងគ្រោះ ។ ដូចនេះ ត្រូវប្រើថវិការខ្ញុំក្នុងការផ្តល់ជំនួយនេះវិញ ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា ថវិកាបន្ថែមនឹងផ្តល់ជូននៅពេលបំពាក់មេដាយមាសជូនតែម្តង ។ ដូចនេះ សុំឲ្យគ្រប់អង្គភាពនៃកងទ័ព អាវុធហត្ថ នគរបាល សុខាភិបាល កំពង់ផែ សាលាខេត្ត និងសាលាក្រុងព្រះសីហនុនិងអង្គភាពផ្សេងទៀត ទាំងរដ្ឋនិងឯកជនឡើងបញ្ជីឈ្មោះបញ្ជូនមកលោក គន់ គីម និងលោកសេង ទៀង ។ សម្តេចតេជោបានលើកឡើងថា ទឹកប្រាក់៧ឬ១០មុឺនដុល្លារមិនច្រើនទេសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើតមុខរបរចិញ្ចឹមជិវិតបន្ទាប់ពីបាត់បង់មនុស្សដែលធ្លាប់រកលុយចិញ្ចឹមគ្រួសារ ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យសស្លាប់ចំនួន២៨នាក់ និងរបួស២៦នាក់ ។ បន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ទីកន្លែងកើតហេតុផងដែរ ៕







ចែករំលែកព័តមាននេះ