រាជធានីភ្នំពេញ ៖ មន្ត្រីសង្ឃនៃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីនៃមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងមន្ត្រីការិយាល័យធម្មការនិងសាសនាខណ្ឌមួយនេះបានកោះប្រជុំជាបន្ទាន់មួយស្វែងរកការពិត និងដំណោះស្រាយ បន្ទាប់ពីរូបភាពលើគ្រែជាច្រើនសន្លឹករបស់ភិក្ខុនាម វ៉ាន់ វន្នី ជាព្រះអធិការវត្តពោធិ៍ចិនតុង ត្រូវបែកធ្លាយ និងត្រូវគេបង្ហោះយ៉ាងកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសាលាអនុគុណខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព័ត៌មានឲ្យដឹងថា ព្រះភិក្ខុសង្ឃនាម វ៉ាន់ វន្នី គឺជាចៅអធិការវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុ ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងបង្កឲ្យពុទ្ធបរិស័ទចំណុះជើងវត្តមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹករបស់សង្ឃអង្គនោះកំពុងកៀកកើយជាមួយស្ត្រីម្នាក់នៅលើគ្រែយ៉ាងស្អិតរមួតដូចជាប្ដីប្រពន្ធ និងត្រូវគេបង្ហោះយ៉ាងកក្រើកតាមបណ្ដាញសង្គមហ្វេសប៊ុក។ ជាហេតុធ្វើឲ្យអ្នកស្គាល់ចៅអធិការអង្គនេះ ហួសចិត្តរកនិយាយមិនចេញ បន្ទាប់ពីបុគ្គលស្រែបុណ្យដែលពួកគាត់តែជឿងជាក់ និងគោរពសក្ការៈបំផុត បែរជាប្រព្រឹត្តល្មើសជាន់ពន្លិចព្រះពុទ្ធសាសនាបែបនេះ។

ប្រភពដដែលបន្តទៀតថា ពុំមាននរណាបានដឹងថា ចៅអធិការវត្តអង្គនេះមានទំនាក់ទំនងស្នេហាជាមួយស្រីស្នេហ៍តាំងពីពេលណានោះទេ ប៉ុន្តែតាមរូបភាពបែកធ្លាយលើបណ្ដាញសង្គមហ្វេសប៊ុកនោះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលរយៈពេល២ថ្ងៃកន្លងមកហើយ គឺនៅថ្ងៃទី២៣ និងទី២៤ មិថុនា ។

ដោយឡែកប្រភពមួយទៀតលួចបង្ហើបថា ក្រោយពីទទួលដំណឹងដ៏ភ្ញាក់ផ្អើលនេះ មន្ត្រីសង្ឃនៃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីដទៃទៀតបានបើកការប្រជុំបន្ទាន់មួយ ដើម្បីស្វែងរកការពិត។ ដោយបាននិមន្តព្រះចៅអធិការវត្តខាងលើចូលរួមធ្វើការបកស្រាយព្រមទាំងអញ្ជើញគណៈកម្មការអាចារ្យវត្តចូលរួមផងដែរ ខណៈនោះគណៈកម្មការចម្រុះធ្វើការសួរដេញដោលជាច្រើនទៅកាន់ភិក្ខុ វ៉ាន វន្នី នោះពីបញ្ហារឿងអាស្រូវទាំងឡាយពាក់ព័ន្ធនិងការបែកធ្លាយរូបភាពលើគ្រែជាមួយស្រីស្នេហ៍។

ប្រភពមួយនេះបន្តទៀតថា ខណៈនោះត្រូវសង្ឃអង្គនោះធ្វើការបដិសេធន៍យ៉ាងដាច់អហង្ការថា ព្រះអង្គមិនបានប្រព្រឹត្តបែបនេះឡើយ គឺព្រះអង្គគ្មានទំនាក់ទំនងស្នេហាអ្វីទាំងអស់។ ចំណែករូបភាពនោះព្រះអង្គក៏មិនបានដឹងដែរ ព្រោះមិនមែនជារូបពិតឡើយ គឺជារូបភាពកាត់ត ដែលជនខិលខូចកាត់តក្នុងចេតនាបង្ខូចព្រះកិត្តិយសរបស់ព្រះអង្គប៉ុណ្ណោះ។ បន្ទាប់មកគណៈកម្មការខលសួរទៅស្ត្រីក្នុងរូបភាពដែលសង្ស័យថា ជាស្រីស្នេហ៍នោះទៀតដើម្បីចង់ដឹងថា អ្នកទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នាឬអត់? ប៉ុន្តែត្រូវស្ត្រីនោះបដិសេធន៍ថា នាងមិនមានស្នេហាជាមួយព្រះសង្ឃអង្គនោះទេ ហើយរូបភាពបែកធ្លាយគឺជារូបកាត់តប៉ុណ្ណោះ។

ដោយសារតែចម្លើយបដិសេធន៍មិនអាចបន្តការប្រជុំទៀតបាន គណៈកម្មការចម្រុះខាងលើបានសម្រេចផ្អាកត្រឹមនោះ និងរង់ចាំការស្រាវជ្រាវបន្ត ប៉ុន្តែមជ្ឈដ្ឋាននានាបាននិយាយថា បើចង់ដឹងការពិតពីរូបភាពខាងលើថា តពិត ឬក្លែងក្លាយនោះ សូមពឹងឲ្យអ្នកជំនាញអាយធីជួយពិនិត្យមើលទៅនឹងដឹងភ្លាម ហើយចង់ប្រកែកក៏មិនបានដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)







                        
			         
				
ចែករំលែកព័តមាននេះ