ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ផេ​ចាប់​ដៃគូ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ផ្ដល់​ដំណោះស្រាយ​ទូទាត់​វិក្កយ បត្រ​ទឹក​សម័យ​ទំនើប​ជូន​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ​– ស្រប​តាម​បេសកកម្ម​ក្នុង​ការ​បង្កើត​គុណ​តម្លៃ និង​ផ្ដល់​ជូន​អតិថិជន​នូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ​– ស្រប​តាម​បេសកកម្ម​ក្នុង​ការ​បង្កើត​គុណ​តម្លៃ និង​ផ្ដល់​ជូន​អតិថិជន​នូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ នៅ​ថ្ងៃនេះ ក្រុមហ៊ុន​តារា​ផេ ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេ​ឡិច​ត្រូ​និក​ចល័ត និង​ដំណោះស្រាយ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ដ៏​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ «​កិច្ចព្រមព្រៀង​ភាព​ស្តី​ពី​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​» ដើម្បី​ផ្ដល់​មធ្យោបាយ​ទូទាត់​វិក្កយបត្រ​ទឹក​សម័យ​ទំនើប ជូន​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប​។

ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ តារា​អង្គរ អូ​តែ​ល ខេត្តសៀមរាប ក្រោម​អធិបតី ​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឃុ​ត វុ​ត្យា​រិ​ទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​មានការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក​.​អ​, ធនាគារ ប្រៃសណីយ៍​កម្ពុជា​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហ្វូ​ណ​ន​, ភូមិ​វប្ប​ធ​ម៍ ខេត្តសៀមរាប និង សមាជិក​ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​កា​ណា​ឌី​យ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ា​ន់​នី ម​.​ក (“​តារា​ផេ​”) រួម​ទាំង​បណ្ដា​អ្នក​សារព័ត៌មាន​ផង​ដែរ​។ តាម​រយៈ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ តារា​ផេ នឹង​ផ្តល់​ជូន​អតិថិជន​ខេត្តសៀមរាប​នូវ​មធ្យោបាយ​ទូទាត់​វិក្កយបត្រ​ទឹក​សម័យ​ទំនើប ដែល​មាន​លក្ខណៈ​រហ័ស ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​។

ទន្ទឹម​នឹង​នេះ សេវា​ដ៏​ទំនើប​មួយ​នេះ ក៏​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រំលែក​ការ​លំបាក លើក​ស្ទួយ​សុខុមាលភាព និង​សន្សំ​សំចៃ​ពេលវេលា​និង​ថវិកា​ជូន​អតិថិជន​។ ចាប់ពី​ពេល​នេះ​តទៅ អតិថិជន​ដែល​រស់នៅ​ខេត្តសៀមរាប​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​តម្រង់​ជួរ​រង់ចាំ​បង់​វិក្កយ​បត្រ​ទៀត​ឡើយ ពោល​គឺ​ពួក​គាត់​អាច​ធ្វើការ​ទូទាត់​វិក្កយបត្រ​បាន​ភ្លាម​ៗ តាម​រយៈ​កម្មវិធី​តារា​ផេ App នៅ​លើ​ទូរស័ព្ទ​ដៃ ឬ អាច​បង់​បាន​នៅ​តាម​ទីតាំង​ភ្នាក់ងារ​តារា​ផេ ណាមួយ​នៅ​ជិត​ផ្ទះ​លោក​អ្នក​បំផុត​។ ដើម្បី​អបអរ​សាទរភាព​ជា​ដៃគូ​និង​ដើម្បី​ពង្រឹង​លើ​កិច្ចសហការ​គ្នា​ទៅ​លើ​សេវា​ថ្មី​នេះ ក្រុមហ៊ុន​តារា​ផេ នឹង​ផ្ដល់​ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការ​ឥត​គិតថ្លៃ​សេវា​រយៈពេល 3 ខែ ចំពោះ​ការ​បង់​វិក្កយបត្រ​ទៅ​កាន់​រដ្ឋាករទឹក​ខេត្តសៀមរាប​។

ចំពោះ​ក្រុមហ៊ុន​តារា​ផេ ភាព​ច្នៃប្រឌិត​និង​នវានុវត្តន៍​លើ​បច្ចេកវិទ្យា​សេវា​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល គឺជា​យុទ្ធសាស្ដ្រ​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​។ កិច្ចសហការ​នៅ​ថ្ងៃនេះ សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​តារា​ផេ ក្នុង​ការ​រិះរក​និង​ផ្តល់​ជូន​បច្ចេកវិទ្យា​ទំនើប​បំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ដើម្បី​បម្រើ​ដល់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។

ជាក់ស្តែង នា​ពេល​បច្ចុប្បន្ន អតិថិជន អាច​ទូទាត់​បង់ប្រាក់​ភ្លាម​ៗ នៅ​តាម​បណ្តា​ផ្សារ​ទំនើប ហាង​កាហ្វេ ហាង​លក់ទំនិញ និង​ហាង​ដៃគូ​របស់​តារា​ផេ ច្រើន​ជាង 2,800 កន្លែង​ទូ​ទាំង​ប្រទេស ដោយ​ពុំ​ចាំបាច់​មាន​សាច់ប្រាក់​ជាប់​ខ្លួន​ឡើយ​។ វា​ពិតជា​មាន​ភាព​ងាយស្រួល​ជាង​មុន អតិថិជន​ទាំងអស់​គ្រាន់តែ​ស្កេ​ន QR Code គឺ​អាច​ទូទាត់​បង់ប្រាក់​បាន​ភ្លាម​ៗ ដោយ​ពុំ​ចាំបាច់​បំពេញ​ព័ត៌មាន​ផ្សេង​ៗ​ដូច​ជា លេខ​វិក្កយបត្រ ឬ​ក៏​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​នោះ​ឡើយ​។

ក្រៅពី​នេះ តារា​ផេ ក៏​ផ្តល់​ជូន​ផង​ដែរ នូវ​សេវា​ហិរញ្ញវត្ថុ​ដទៃ​ទៀត​ជា​ច្រើន ដោយ​ផ្តល់​ជូន​ជម្រើស​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់​បង់ប្រាក់​ដោយ​ខ្លួនឯង តាម​រយៈ​កម្មវិធី តារា​ផេ App ឬ ធ្វើការ​ទូទាត់​តាម​រយៈ​ភ្នាក់ងារ​តារា​ផេ ទូ​ទាំង​ប្រទេស​។ គិត​ត្រឹម​ថ្ងៃ​ទី 19 ខែមិថុនា ឆ្នាំ​2019 នេះ តារា​ផេ​មាន​ភ្នាក់ងារ​ច្រើន​ជាង 3,600 កន្លែង​ទូ​ទាំង 25 ខេត្ត​-​ក្រុង រង់ចាំ​បម្រើសេវា​ជូន​អតិថិជន​ដូច​ជា សេ​ការ​ផ្ទេរ​ប្រាក់ (​វេរ​លុយ​) ការ​ដក​/​ដាក់​ប្រាក់ ការ​ទូទាត់​វិក្កយបត្រ ការ​បញ្ចូល​លុយ​ទូរស័ព្ទ ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត ការ​បង់ប្រាក់​ឥណទាន សេវាកម្ម​បើក​ប្រាក់ខែ និង​កាបូប​លុយ​អេ​ឡិច​ត្រូ​និក​។

លោក ភុ​ក រ​ដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ឈានមុខ​គេ​ក្នុង​ប្រទេស ក្រុមហ៊ុន​តារា​ផេ បាន​បន្ដ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន និង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ ថ្ងៃនេះ យើង​បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ទូទាត់​វិក្កយបត្រ​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ជូន​ដល់​អតិថិជន ដូច្នេះ​ហើយ ពួក​គាត់​អាច​ចំណេញ​ពេលវេលា​និង​ថវិកា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បង់ប្រាក់​ទូទាត់​ថ្លៃ​សេវា​ទឹក​ស្អា​តទៅ​កាន់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​។

នា​ពេល​អនាគត ក្រុមហ៊ុន​តារា​ផេ នឹង​បន្ដ​ពង្រីក​វិសាលភាព​នៃ​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​បែប​ឌី​ជី​ថ​ល​នេះ​ទៅ​កាន់​បណ្តា​ខេត្ត​-​ក្រុង​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ទន្ទឹម​នឹង​នេះ យើង​ក៏​កំពុងធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​បម្រើសេវា​ដល់​អតិថិជន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។

ថ្លែង​នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ឃុ​ត វុ​ត្យា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា «​សេវា​បង់​វិក្កយបត្រ​ទឹក​លក្ខណៈ​ឌី​ជី​ថ​ល​របស់ តារា​ផេ ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អតិថិជន​ខេត្តសៀមរាប​ដូច​ជា ការ​សន្សំ​សំចៃ​ពេលវេលា​និង​ថវិកា បង្ក​ភាព​ងាយស្រួល​និង​សុវត្ថិភាព មិនតែប៉ុណ្ណោះ សេវា​មួយ​នេះ​ក៏​រួមចំណែក​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ថ្លៃ​សេវា​ទឹក​ស្អាត​សម្រាប់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​។ យើង​រីករាយ​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តារា​ផេ ដើម្បី​លើកកម្ពស់​ជីវ​ភាព​ប្រជាជន​កម្ពុជា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​សេវា​សាធារណៈ​សម្រាប់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​មាន​តម្លៃ​សមរម្យ និង​កាន់តែ​ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា​» ។

សូម​បញ្ជាក់​ថា តារា​ផេ គឺជា​យីហោ​របស់​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ា​ន់​នី ដែល​ជា​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2016​។ តារា​ផេ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ចូលរួម​បង្កើត​ឡើង​រវាង ក្រុមហ៊ុន Canadia Investment Holdings (CIH) នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃ​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង​បង្កើត​កាបូប​លុយ​អេ​ឡិច​ត្រូ​និក និង​អាជីវកម្ម​ទូទាត់​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សេវាកម្ម​របស់ តារា​ផេ រួម​មាន​៖ សេវា​ផ្ទេរ​ប្រាក់ (​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ បង់ប្រាក់​ឥណទាន ណែនាំ​ស្នើ​កម្ចី​ឥណទាន បញ្ចេញ​ប្រាក់​ឥណទាន​សេវាកម្ម​បើក​ប្រាក់ខែ និង​កាបូប​លុយ​អេ​ឡិច​ត្រូ​និក​។ គិត​ត្រឹម​ថ្ងៃ​ទី​19 ខែមិថុនា ឆ្នាំ​2019 ក្រុមហ៊ុន តារា​ផេ មាន​ភ្នាក់ងារ​ចំនួន​ច្រើន​ជាង 3,600 កន្លែង​ទូ​ទាំង​ប្រទេស ហើយ​ចំនួន​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​រហូត​ដល់ 5,200 នៅ​ក្នុង​បំណាច់​ឆ្នាំ​2019 នេះ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ ក្រុមហ៊ុន តារា​ផេ មាន​ដៃគូ​ពាណិជ្ជករ​ច្រើន​ជាង 2,800 ហាង ហើយ​ចំនួន​នេះ​ត្រូវ​បាន​សន្មត់​ថា នឹង​អាច​កើនឡើង​ដល់​ចំនួន 4,500 នៅ​បំណាច់​ឆ្នាំ​2019​។ តាម​រយៈ​ក្រុមហ៊ុន តារា​ផេ ប្រជាជន​កម្ពុជា និង​គ្រួសារ​រាប់​ពាន់​នាក់​នៅ​តាម​បណ្តា​ខេត្ត​និង​ទីក្រុង​នានា អាច​ធ្វើការ​ផ្ញើ​ប្រាក់​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា ដោយ​មាន​សុវត្ថិភាព​ខ្ពស់​និង​សុខ​សុវត្ថិភាព​ផ្លូវចិត្ត​។

មិន​ទាន់​មានកម្ម​វិធី តារា​ផេ App មែន​ទេ? ទាញ​យក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖ https://goo.gl/7tvY1E

តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ