មិនដឹងមានបំណងអ្វី សុខៗមួយដុំថ្មឈាម​ស្រោចពេញខ្លួន


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​គប់​មួយ​ដុំឥដ្ឋ​បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ខណៈ​ជន​រង​គ្រោះ​និង​មិត្តភក្តិ​ម្នាក់​ទៀត​កំពុង​ឈប់​ម៉ូតូ​តាម​ផ្លូវ ដើម្បី​និយាយ​ទូរស័ព្ទ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ កែង​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ ផៃ សុ​ផា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្នុង​កា​រ៉ាស់​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ រីឯ​មិត្តភក្តិ​ម្នាក់​របស់​ជន​រង​គ្រោះ មិន​ស្គាល់ឈ្មោះ​ឡើយ ។ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ១Q-៨៨០៨ ។ ចំណែក​ក្រុម​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​មិត្តភក្ដិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ដើរ​លេង លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​អោយ​មិត្តភក្តិ​បន្ថយល្បឿន​ម៉ូតូ​ដើម្បី​ឈប់​និយាយ​ទូរស័ព្ទ ស្រាប់តែ​ឃើញ​ក្រុម​ជន​បង្ក​ខាងលើ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស៊េរី និង​ស្លាក​លេខ បន្ទាប់​មក​មាន​ជន​បង្ក​ម្នាក់​ដែល​ជិះ​កណ្តាល​បាន​យក​ដុំឥដ្ឋ​មក​គប់​គាត់​ពេញទំហឹង បណ្តាល​ឲ្យ​ចំ​ក្បាល​បែក​ឈាម​ហូរ​ស្រោច​ជោក​ខ្លួន​តែ​ម្តង ។ ភ្លាម​នោះ គាត់​បាន​ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​ដែរ តែ​ក្រុម​ជន​បង្ក​ខាងលើ បាន​បន្ថែម​ល្បឿន​ម៉ូ​តុ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ម្នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ហើយ​បានអោយ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​ក្រុម​ជន​បង្ក​ខាងលើ​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ