រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសម្របសម្រួបទៅតាមចរន្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សអោយបានកាន់តែច្រើនលើវិស័យនេះ ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ក្នុងឱកាសទទួលជួបពិភាក្សាការងារបន្តជាមួយលោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅវិមានសន្តិភាព ។
នៅក្នុងជំនួបទី២នេះលោក Wang Gang បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលមានឱកាសបានជួបសម្ដេចតេជោជាលើកទី២ នៅកម្ពុជាផ្ទាល់តែម្តងដែលជំនួបលើកទី១ គឺនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិន កាលពីខែមករា កន្លងមក ។ លោក Wang Gang បានគោរពជម្រាបជូនសម្ដេចតេជោថា នេះជាលើកទី១ហើយដែលលោកបានមកកាន់ប្រទេសកម្ពុជា ។ លោកពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើនជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺមានគោលបំណងសំខាន់២គឺ ទី១ គឺដើម្បីចូលជួបសំដែងការគួរសម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងទី២ គឺ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ លោក Wang Gang បានបញ្ជាក់ប្រាប់សម្តេចតេជោថា សម្តេច គឺជាថ្នាក់ដឹកនាំដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត អំពីរដ្ឋាភិបាល និងប្រជាជនចិន ។
កម្ពុជា គឺជាបងប្អូន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។ មិត្តចិនបានអរគុណដល់កម្ពុជាដែលបានជួយផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អរវាងចិន និងសហគមន៍អាស៊ានផងដែរ ហើយនឹងការជួយជ្រោមជ្រែងដល់ដំណោះស្រាយដោយសន្តិភាព លើបញ្ហាសមុទ្រចិនខាងត្បូង ។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការលើកឡើងរបស់លោក Wang Gang ហើយក៏មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ឬក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលចាំបាច់ណាស់ត្រូវមានការសិក្សាការស្រាវជ្រាវ ។
សំរាប់ប្រទេសកម្ពុជាក៏បានប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះផងដែរក្នុងន័យនេះសម្ដេចតេជោបានជម្រាបជូន លោក Wang Gang កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យសម្របស្របទៅតាមចរន្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សអោយបានកាន់តែច្រើនលើវិស័យនេះ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ