ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​សេរីភាព​ ផាក​ពិន័យ​6​លាន​រៀល និង​សងជំងឺចិត្ត100​រៀល…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​កាលកំណត់ លោក ផែង វណ្ណៈ ត្រូវ​បាន​សាលក្រម​សាលាដំបូង​រាជធានី​​ភ្នំពេញ​ប្រកាស​ទោស​ជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ដោយ​ផ្តន្ទាទោស​កំណត់១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ដូច​កាលកំណត់ លោក ផែង វណ្ណៈ ត្រូវ​បាន​សាលក្រម​សាលាដំបូង​រាជធានី​​ភ្នំពេញ​ប្រកាស​ទោស​ជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ដោយ​ផ្តន្ទាទោស​កំណត់១​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​២​ខែ​១៥​ថ្ងៃ ពិន័យ​ជា​ប្រាក់​៦​លាន​រៀល​និង​សងជំងឺចិត្ត​១០០​រៀល ពោល​គឺ​សាលក្រម​ប្រកាស​តម្រឹម​ទោស​លោក ផែង វណ្ណៈ ឲ្យ​មានសេរីភាព​វិញ ។ សូម​បញ្ជាក់​ថា មុន​មានការ​បើក​សវនាការ​នេះ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា លោក ផែង វណ្ណៈ បាន​ធ្វើ​លិខិត​សុំ​ទោស​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​នៅ​ក្នុង​សវនាការ​លោក ផែង វណ្ណៈ ក៏​បាន ថ្លែង​តែ​ពី​ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន និង​ការ​សុំ​ទោស​ទៅ​ដល់​នាយក​អង្គភាព​ព័ត៌មាន​Fresh News ផង​ដែរ ។

សាលក្រម​បាន​ប្រកាស​ថា បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារកេរ្តិ៍​ជាសាធារណៈ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​លោក គី តិច ជា​មេធាវីតំណាង​ដោយ​អាណត្តិ ផែង វណ្ណៈ ត្រូវ​បាន​ពិន័យជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៤​លាន​រៀល និង​ពិន័យជា​ប្រាក់​២​លាន​រៀល ពី​បទ​បរិហារ​កេ​រ្ត៍​ជា​សា​ធារណៈ និង​សងជំងឺចិត្ត​ទៅ​ដើមបណ្តឹង​អង្គភាព​សារព័ត៌មាន Fresh News ដែល​មាន​លោក លី រដ្ឋ​ធី ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​លោក លឹ​ម ជា​វុ​ត្ថា ទឹកប្រាក់​ចំនួន​១០០​រៀល ។ សាលក្រម​នេះ​ត្រូវ​បាន​ជនជាប់ចោទ​លោក ផែង វណ្ណៈ យល់ព្រម និង​ផ្តិត​មេដៃ​ទទួលយក​ដោយ​ក្តី​ស្ងៀមស្ងាត់​បំផុត ។

គួរ​រំឭក​ថា កាលពី​ពេល​សវនាការ​ជំនុំជម្រះក្តី លោក ផែង វណ្ណៈ បាន​ទទួលស្គាល់​កំហុស​ទាំងអស់​ដូច​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត រហូត​លើកដៃ​សុំ​ទោស​ចំពោះ​ទ​ង្វើ​ទាំង​អស់នេះ និង​បាន​សន្យាឈប់​ប្រព្រឹត្ត​តទៅ​ទៀត​ផង​ដែរ ។ លោក គី តិច មេធាវី​ការពារ​សិទ្ធិ និង​ជា​តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​តុលា​ការ​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ទៅ​តាម​ច្បាប់ បើ​ទោះបី​លោក ផែង វណ្ណៈ បាន​ធ្វើ​លិខិត​សុំ​ទោស​សម្តេច​តេ​ជោ​ក៏​ដោយ ក៏​ប៉ុន្តែ​មិន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ផែង វណ្ណៈ ទេ ។

លោក គី តិច បាន​លើក​ឡើង​ថា ការ​បង្ហោះសារ និង​រូបភាព​ប្រៀបធៀប​របស់​ជនជាប់ចោទ ពិតជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​លើស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ប្រាកដ​មែន​ហើយ ប៉ុន្តែ​ដោយសារ​ជនជាប់ចោទ​មានការ​ភ្ញាក់រឭក​ទទួលស្គាល់​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ដូច្នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មិន​បាន​ទាមទារ​សំណង​ពី​ជនជាប់ចោទ​ទេ ។

ំណែក​លោក​មេធាវី លី រដ្ឋ​ធី តំណាង ឲ្យ​អង្គភាព​សារព័ត៌មាន Fresh News បានសំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​ផ្លូវច្បាប់​ដែរ ប៉ុន្តែ​ចំពោះ​ការ​ទាមទារ​សំណងជា​ទឹកប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើមបណ្តឹង​ហាក់បីដូចជា​ទុក​សិទ្ធិ​ឲ្យ​តុលាការ​សម្រេច ហើយ​តុលាការ​សម្រេច​ប្រើ​ឆន្ទា​នុ​សិ​ទិ្ធ តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​អង្គភាព​Fresh News តែ​១០០​រៀល​ប៉ុណ្ណោះ ។

លោក ផែង វណ្ណៈ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី២ ខែ មេសា​កន្លង​មកនេះ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ចូលខ្លួន​ដើម្បី​សាកសួរ ។ អ្នកលេងហ្វេ​ស​ប៊ុ​ក​រូប​នេះ ក៏​នៅ​ជាប់​បណ្តឹង​មួយទៀត​របស់លោក ខាន់ សុវណ្ណ មន្ត្រី​គយ​ចូល​និវត្តន៍ ដែល​ពេលនេះ​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​ឈ្មោះ​ថា​អង្គព្រោកប្រាជ្ញ ដែល​បាន​ប្តឹង​ដែរ ។ លោក ខាន់ សុវណ្ណបាន​ចូល​បំភ្លឺ​ដល់​តុលាការ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​រួច​ហើយ ដូច្នេះ​មាន​ន័យ​ថា​រឿង​ក្តី​នេះ​នឹង​បន្ត​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ