ករណីភាគច្រើននៃការពុលអាហារមិនតម្រូវឲ្យមានការមើលថែពីគ្រូពេទ្យនោះទេ ប៉ុន្តែ ការពុលអាហារមួយចំនួនពិតជាត្រូវការជំនួយជាបន្ទាន់។ បញ្ហាធ្ងន់ធ្ងរទូទៅបំផុតដែលកើតមានឡើងដោយសារការពុលអាហារ គឺការខ្វះជាតិទឹក។ ប្រសិនបើអ្នកមានសុខភាពល្អ អ្នកហាក់ដូចជាមិនងាយនឹងខ្វះជាតិទឹកនោះទេ ពីព្រោះអ្នកបានផឹកទឹកគ្រប់គ្រាន់ ដើម្បីបំពេញនូវអ្វីដែលអ្នកបានបាត់បង់តាមរយៈការរាគ ឬក្អួតនោះហើយ។
សូមទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖ ក្អួតលើសពី ១២ ម៉ោង , រាគ គួបផ្សំនឹងមានគ្រុនក្តៅលើសពី ៣៨,៣ អង្សារសេ, ឈឺពោះខ្លាំង ដែលមិនបាត់ទៅវិញក្រោយពីជុះលាមកហើយ, លាមកមានឈាម ឬក្អួកមានឈាម, លាមកមានពណ៌ខ្មៅ និង បេះដូងលោតញាប់ខុសធម្មតា។
អ្នកក៏គួរតែឲ្យម្តាយ ឬឪពុករបស់អ្នកបានដឹង ប្រសិនបើអ្នកមានរោគសញ្ញានៃការខ្វះជាតិទឹក។ ពួកគេអាចនឹងទូរស័ព្ទទៅគ្រូពេទ្យ។ រោគសញ្ញានៃការខ្វះជាតិទឹករួមមាន ៖ ស្រេកទឹកខ្លាំង, នោមតិច ឬមិននោមសោះ, វិលមុខ, រូងភ្នែក និង ធីងធោង ឬអស់កម្លាំង។
ប្រសិនបើអ្នកទើបតែមកពីដំណើរកំសាន្តនៅប្រទេសក្រៅថ្មីៗ ហើយចាប់ផ្តើមមានរាគ ឬរោគសញ្ញានៃបញ្ហាក្រពះដទៃទៀត វាជារឿងល្អក្នុងការជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ការពុលអាហារ (ជាពិសេសជាមួយនឹងការខ្វះជាតិទឹក) អាចជាសញ្ញាធ្ងន់ធ្ងរសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬមានបញ្ហាសុខភាព។ ប្រសិនបើអ្នកមានបញ្ហាសុខភាពដូចជា មានជំងឺខ្សោយតម្រងនោមជាដើមនោះ សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗ។ ស្ត្រីមានផ្ទៃពោះគួរតែឲ្យគ្រូពេទ្យដឹងជាមុន ប្រសិនបើពួកគេមានពុលអាហារ ពីព្រោះមេរោគមួយចំនួនអាចប៉ះពាល់ដល់ទារកដែលមិនទាន់កើត (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ