សម្តេច ស ខេ​ង ៖ ក្រុមប្រឆាំង​ប្រមូលផ្តុំ​ហូប​នំ​បញ្ចុក​និយាយ​នយោបាយ​ជា​ការ​ខុសច្បាប់


រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ស្តីទី​សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ប្រ​សិន​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រមូលផ្តុំ​គ្នា​ហូប​នំ​បញ្ចុក​និយាយ​ពី​បញ្ហា​នយោបាយ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល គឺជា​អំពើ​ខុសច្បាប់ ។ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ថា ការ​ហូប​នំ​បញ្ចុក​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង គឺជា​ការ​ប្រជុំ​នយោបាយ ។

សម្តេច​បញ្ជាក់​ថា ៖« ធាតុ​ពិត​នៃ​ការ​ប្រជុំ​ហូប​នំ​បញ្ចុក គឺជា​ប្រជុំ​នយោបាយ «…» ប៉ុន្តែ​ការ​ប្រជុំ​នយោបាយ​មាន​ពីរ​ប្រភេទ ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​តាម​រដ្ឋធម្មនុញ្ញ​ស្រប​តាម​ច្បាប់​ជា​ធរមាន​តាម​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ប៉ុន្តែ​ការ​ប្រមូលផ្តុំ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត គឺជា​ការ​ខុសច្បាប់​» ។ សម្តេច​បាន​ថា ៖ «​អី​ញ្ចឹ​ង​ការ​រៀបចំ​ធ្វើ​នយោបាយ​សម្រាប់​ត្រៀម​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ គឺជា​បញ្ហា​ដែល​យើង​ត្រូវ​លើកទឹកចិត្ត​វា​មិន​ខុស​ទេ ។ ប៉ុន្តែ​ការ​ប្រមូល​ជុំ​នយោបាយ ដើម្បី​ប្រមូល​កម្លាំង​មក​ប្រឆាំង និង​ច្បាប់​អាជ្ញាធរ និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​ចេញពី​ការ​បោះ​ឆ្នោត គឺ​ខុស » ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ហូប​នំ​បញ្ចុក ដើម្បី​ជួបជុំ​គ្នា​សប្បាយ​ជា​រឿង​ល្អ​ផ្ទុយ​ទៅ​វិញ​មាន​ក្រុម​មួយ (​ក្រុមប្រឆាំង​) វិញ​មិន​មានគំនិត​មិន​អីចឹង​ទេ ។ គឺ​គាត់​ហូប​នំ​បញ្ចុក ដើម្បី​ប្រជុំ​ធ្វើ​អ្វី​ផ្តេសផ្តាស ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​ហ៊ាន​ចោទ​អី​ញ្ចឹ​ង​ទេ ប៉ុន្តែ​បើសិន​ទៅ​ជា​អី​ញ្ចឹ​ង គឺ​វា​ខុសច្បាប់ ។ បើ​ប្រមូល​កម្លាំង​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​ខុស​ហើយ ! អី​ញ្ចឹ​ង​ក្រុមការងារ​ថ្នាក់​ជាតិ​របស់​យើង គឺ​មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​ដោះស្រាយ​បញ្ហា​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ត្រូវ​មានការ​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​ស្របច្បាប់ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ថា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រមូលផ្តុំ​សកម្មជន​ខ្លួន ក្នុង​ការ​ហូប​នំ​បញ្ចុក កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​កន្លង ។ ជាង​នេះ​លោក​ក៏​បាន​បន្ត​អំពាវនាវ​ដល់​សកម្មជន​គាំទ្រ​គណបក្សប្រឆាំង​ហូប​នំ​បញ្ចុក​បន្ត​ទៀត ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ការ​ហូប​នំ​បញ្ចុក​នេះ គណបក្សប្រឆាំង​បាន​ហូប​តែ​ចំនួន​១០%​តែ​ប៉ុណ្ណោះ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​មាន​ចំនួន​អ្នក​ហូប​៩០% ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ