ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បុគ្គលិក​ធនាគារជាតិ ទទួល​ការ​បណ្តុះ​បណ្តាល​ពី «​តួនាទី​ធនា​គារ​កណ្តាល​​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​តួនាទី​ធនាគារកណ្តាល​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​» ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ជាង ៤០០ នាក់ ។

សិក្ខាសាលា​នេះ មាន​គោលបំណង បណ្តុះបណ្តាល​ផ្ទៃក្នុង​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​ទទួល​បានការ​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្នភាព និង​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ធនាគារកណ្តាល ជា​ពិសេស​យល់​ច្បាស់​ពី​បេសកកម្ម និង​ទិស​ដៅ​ការងារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រកបដោយ​សង្គតិភាព ក្នុង​បរិការណ៍​នៃ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ និង​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក ។

សិក្ខាសាលា​នេះ ក៏​មានការ​ចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ពី​ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនា​គារ​ជាតិ​នៃ​កម្ពុជា ស្តី​ពី «​ការ​ធ្វើ​កំណែទម្រង់​ក្របខ័ណ្ឌ និង​យន្តការ​នៃ​ការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ផ្អែក​លើ​ហានិភ័យ និង​ទស្សនវិស័យ​នា​ពេល​អនាគត​» និង​បទ​អន្តរាគមន៍​របស់​លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស ស្តី​ពី «​មុខងារ និង​តួនាទី​របស់​ធនាគារកណ្តាល​នៃ​បណ្តា​ប្រទេស​ជុំវិញ​សកលលោក ជា​ពិសេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ក្នុង​តំបន់​អឺ​រ៉ូ​» ។

នា​ពេល​កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា​តែងតែ​ខិតខំ​បំពេញ​មុខងារ​-​ភារកិច្ច​ចម្បង​ៗ​ដូច​ជា​អាជ្ញាធរ​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ អាជ្ញាធរ និង​អាណាព្យាបាល​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ធនាគារ អាជ្ញាធរ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជា​ពិសេស​ភារកិច្ច​ស្នូល​ក្នុង​ការ​រក្សា​ស្ថិរភាព​ថ្លៃ ។

ក្រៅពី​តួនាទី​ចម្បង​ៗ​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​យកចិត្តទុកដាក់​បន្ថែម​លើ​មុខងារ​-​ភារកិច្ច​ដូច​ជា គោលនយោបាយ​ទំនាក់ទំនង​ជាមួយ​សាធារណៈ​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត លើកកម្ពស់​ការ​យល់​ដឹង ផ្នែក​ហិរញ្ញវត្ថុ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​ស្រប​តា​មកា​រវិ​វត្ត​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​ការ​ប្រែប្រួល​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក ។

លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ពង្រឹង​ក្របខ័ណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ពិសេស​ផ្តោត​ទៅ​លើ ការ​ត្រួតពិនិត្យ​ដោយ​ផ្អែក​លើ​ហានិភ័យ​និង​ទស្សនវិស័យ​អនាគត ដើម្បី​ឱ្យ​ស្រប​តាម​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ គោលការណ៍​គ្រឹះ​ទីក្រុង​បា​សែ​ល​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ធនាគារ​មួយ​ដែល​មាន​សុខភាព​ល្អ និង​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ជួបជុំ​ក្នុង​សិក្ខាសាលា​នេះ ក៏​មាន​រៀបចំ​កម្មវិធី​ពិសារ​នំ​បញ្ចុក​សាមគ្គី បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាតិ ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព និង​ឯកភាព​ជាតិ ព្រមទាំង​លើក​ស្ទួយ​ផលិតផល​ខ្មែរ និង​វប្បធម៌​ខ្មែរ ។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ប្រកបដោយ​សាមគ្គីភាព ភាតរភាព និង​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ